ភ្នំ​ជញ្ជាំង​ល្បី​ពូកែ​សក្តិ​សិទ្ធិ ម៉េច​មិន​កាច់​អ្នក​បំផ្លាញ​ (មាន​វីដេអូ)

122

ខេត្តឧត្តរមានជ័យ ៖ ភ្នំ​ជញ្ជាំង​ស្ថិត​ក្នុងភូមិ​លំ​ទង​ចាស់ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង ត្រូវ​បាន​អ្នកស្រុក​ដែល​រស់នៅ​ក្នុង​តំបន់​នេះ រួម​ទាំង​ប្រជាពលរដ្ឋ​រស់​ក្រៅ​ខេត្ត​ផ្សេង​ៗ​ទៀត​ដែល​គេ​បាន​ស្គាល់​អំពី​ជីវប្រវត្តិ​ភ្នំ​ជញ្ជាំង​ដែល​ល្បី​ថា​មាន​បារមី​សក្តិ​សិទ្ធិ​នោះ ប៉ុន្តែ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ អាច​នឹង​រលាយ​បាត់បង់​កេ​រ៍​ឈ្មោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ពិត​ប្រាកដ​ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ដែល​មាន​អាជ្ញា​ប​ណ្ណ័​ស្របច្បាប់​បំផ្ទុះ​យក​ថ្ម​ធ្វើ​អាជីវកម្ម​របស់​ខ្លួន​ស្ទើរ​រលាយ​ទៅ​ហើយ ។

Loading...

អ្នកស្រុក​ដែល​មាន​វ័យ​៦០​ទៅ​៨០​ឆ្នាំ រស់នៅ​ក្នុង​តំបន់​នេះ​បានឱ្យ​ដឹង​ថា តាំងពី​រូប​គាត់​នៅ​វ័យក្មេង បានឮ​ចាស់​ហៅ​ថា​ភ្នំ​ជញ្ជាំង ហើយ​នៅ​ពេល​រដូវ​បុណ្យ​ម្តង​ៗ​អ្នក​ដែល​រស់​នៅ​ភូមិ​ក្បែរ​ៗ​នោះ តែងតែ​នាំ​គ្នា​ទៅ​គោរព​បូជា​ដោយ​នាំ​យក​ដូច​ជា​ក្បាល​ជ្រូក ស្រា ម្ហូប​អាហារ ផ្លែ​ឈើ បង្អែម​ទៅ​សែនព្រេន​ថ្វាយ​ដោយ​សុំ​នូវ​សេចក្តីសុខ​សប្បាយ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ ប៉ុន្តែ​ពេល​នេះ​លែង​មានឈ្មោះ​និង​រូបរាង​ជា​ភ្នំ​ជញ្ជាំង​ទៅ​ហើយ ។ ឆ្ងល់​ដែរ បើ​ភ្នំ​ជញ្ជាំង​មាន​បារមី​ពូកែ ហេតុ​អី​មិន​កាច់​អ្នក​បំផ្លាញ​ឲ្យ​វិនាស​ទៅ​…​ព្រោះ​ជិត​រលាយ​ហើយ ។

អ្នកស្រុក​ដដែល​បាន​បញ្ជាក់​ថា នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​ស្រាប់តែ​ឃើញ​មាន​ក្រុមហ៊ុន​លោក​ឧកញ៉ា វិ​ង ហ៊ ដែល​គេ​អះអាង​ថា មានច្បាប់ ដាក់​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង រួម​ទាំង​កម្មករ​យក​សម្ភារ​ខួង​ថ្ម​បុក​រំសេវ​បំផ្ទុះ បំបែក​យក​ថ្ម​ធ្វើ​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​ខ្វល់​ពី​ការ​សោកស្តាយ​រាល់​សម្បត្តិ​ធម្មជាតិ​ឡើយ ។

ទាក់ទិន​នឹង​ហេតុការណ៍​នេះ​អ្នក​យក​ព័ត៌មាន​បាន​ទូរស័ព្ទ​ជួប​លោក គង់ សុវណ្ណ​រុម ដែល​​ជា​តំណាង​ឱ្យ​ក្រុមហ៊ុន​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា លោក​បាន​ឆ្លើយ​បំភ្លឺ​យ៉ាង​ខ្លី​ថា ក្នុង​ការ​បើក​ធ្វើ​អាជីវកម្ម​បំបែក​ថ្មភ្នំ គឺ​ក្រុមហ៊ុន​នេះ​មានច្បាប់​ត្រឹមត្រូវ​ដោយ​ចេញពី​ថ្នាក់​ជាតិ ៕