រដ្ឋបាល​ខេត្ត​សុំ​ឲ្យ​ក្រុមការងារ​ស្រាវជ្រាវ និង​រក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក

112

ខេត្ត​ស្វាយ​រៀង ៖ លោក​ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​ដាក់​សំណើរ​ឲ្យ​លោកនាយ​ឧត្តមសេនីយ៍​វង្ស ពិ​សេន អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ​ចាត់​ក្រុមការងារ​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​កមក​ពិនិត្យ និង​ទទួល​ទៅ​ពិសោធន៍​រក​ការ​ពិត​អំពី​អដ្ឋិធាតុ​ចំនួន​១ ដែល​ប្រជាពលរដ្ឋ​បាន​រក​ឃើញ និង​ប្រគល់​ជូន​រដ្ឋបាល​ខេត្តស្វាយរៀង ដោយ​សង្ស័យ​ថា ជា​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​កាំ​ង​ស្លាប់​សម័យ​សង្គ្រាម ។

Loading...

ការ​ស្នើ​សុំ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​៣០ តុលា ២០១៨ នៅ​សាលា​ខេត្តស្វាយរៀង ។
សូម​រំលឹក​ថា សម្ដេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៨ បាន​យល់ព្រម​បើក​ដំណើរការ​ឡើង​វិញ​នូវ​ការ​រុករក​អដ្ឋិធាតុ​ទាហាន​របស់​សហរដ្ឋអាមេរិក​ដែល​នៅ​បន្ដ​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម (POW/MIA) ចំនួន​៤៩​នាក់ ក្រោយ​ពី​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៧​កន្លង​ទៅ ។

បើ​យោង​តាម​លិខិត​របស់​លោក​ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង​ផ្ញើ​ជូន​លោកនាយ​ឧត្តមសេនីយ៍​វង្ស​ពិ​សេន​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ នៅ​ថ្ងៃ​ទី​៣០ ខែតុលា​នេះ បាន​បញ្ជាក់​ថា​«​រដ្ឋបាល​ខេត្តស្វាយរៀង​ស្នើ​សុំ​លោកនាយ​ឧត្តមសេនីយ៍​វង្ស​ពិ​សេន​អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ មេត្តា​ចាត់​ក្រុមការងារ​ស្រាវជ្រាវ និង​រុករក​អដ្ឋិធាតុ​កងទ័ព​អា​មេ​រិ​កមក​ពិនិត្យ និង​វាយតម្លៃ​បឋម​អំពី​អត្តសញ្ញាណ​អដ្ឋិធាតុ​ខាងលើ​ដែល​កំពុង​រក្សា​ទុក​នៅ​សាលា​ខេត្តស្វាយរៀង ។

សូម​បញ្ជាក់​ថា តាម​រយៈ​លោក​សយ សុភាព អគ្គនាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អម្ពិល អ្នកស្រី​សយ សុខុម អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ក្បាលថ្នល់ ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ដែល​មា​នទី​តាំងនៅ​ជិត​ព្រំដែន​វៀតណាម បាន​ប្រគល់​ក្រឡ ដែល​មាន​អដ្ឋិធាតុ (​ឆ្អឹង​) ចំនួន​១​ជូន​អាជ្ញាធរ​ខេត្តស្វាយរៀង កាលពី​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​។ ក្រឡ​កែវ​នេះ គឺ​បិទ​គំរប​ជិត​មិន​អាច​បើក​បាន​ឡើយ​ដោយ​មាន​ឆ្លាក់​អក្សរ​ឡា​តាំងនៅ​ផ្នែក​ខាងក្នុង​គំរប​ថា «HAMBURG.CECATCKE» ។ ពេល​នេះ​គេ​មិន​ទាន់​ដឹង​ច្បាស់​ថា អដ្ឋិធាតុ​នេះ គឺជា​ឆ្អឹង​ទាហាន​អា​មេ​រិ​ក ឬ​ឆ្អឹង​អ្វី​នៅឡើយ​ទេ គឺ​ត្រូវ​ឆ្លងកាត់​ធ្វើ​កោសល្យ​វិ​ច្ច័​យ​សិន ។

សូម​ជម្រាប​ថា កាលពី​២​ឆ្នាំ​មុន គ្រួសារ​កសិករ​សយ សុខុម បាន​ជីកដី​នៅ​ក្រោយ​ភូមិ ដើម្បី​យក​អាចម៍ដី​មក​លើក​ភូមិ​ឲ្យ​ខ្ពស់ ដើម្បី​សង់ផ្ទះ​ក៏​ប្រទះ​ឃើញ​ក្រឡ​នេះ រួច​ហើយ​យក​មក​លាង​ទឹក និង​ដាក់​នៅ​លើ​ហឹ​ង​ដុត​ធូប​សូម​សេចក្ដីសុខ បន្ទាប់​មក​ទើប​នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ គ្រួសារ​របស់​អ្នកស្រី​បាន​យក​មក​ប្រគល់​ជូន​អាជ្ញាធរ​ខេត្តស្វាយរៀង ដោយ​សង្ស័យ​ថា ក្រែង​ជា​អដ្ឋិធាតុ​ទាហាន​អា​មេ​រិ​ក​កាំ​ង​ត្រូវ​ប្រគល់​ឲ្យ​យក​ទៅ​ប្រទេស​ដើម​វិញ ៕