អ្នករាយការណ៍​ពិសេស UN គាំទ្រ​កម្មវិធី​សម្បទាន​ដីធ្លី​សង្គមកិច្ច និង​អភិវឌ្ឍ​លំនៅ​នៅ​កម្ពុជា

112

រាជធានី​ភ្នំពេញ ៖ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា​របស់​អង្គការសហប្រជាជាតិ (UN) លោកស្រី រ៉ូ​ណា​ស្មី​ត បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​កម្មវិធី​សម្បទាន​ដីធ្លី​សង្គមកិច្ច និង​លំនៅ​ខាង​តម្លៃ​សមរម្យ​នៅ​កម្ពុជា ។

Loading...

ការ​ប្រកាស​គាំទ្រ​របស់​អ្នករាយការណ៍​ពិសេស​របស់ UN នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ​ឧបនាយករដ្ឋមន្ដ្រី​ជា សុ​ផា​រ៉ា រដ្ឋមន្ដ្រី​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កាលពី​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា នៅ​ទីស្តីការក្រសួង ។ ក្នុង​ជំនួប​លោកស្រី រ៉ូ​ណា​ស្មី​ត បាន​បង្ហាញ​ការ​គាំទ្រ​របស់​ខ្លួន​ចំពោះ​កម្មវិធី​សម្បទាន​ដីធ្លី​សង្គមកិច្ច និង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដោយ​លោកស្រី​ថា មាន​សារៈសំខាន់​ក្នុង​ការ​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​សមរម្យ និង​ជា​ការ​លើកកម្ពស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ទទួល​បាន​ដី និង​លំនៅ​ឋាន ។

ចំណែក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា បាន​ជម្រាប​ប្រាប់​ទៅ​លោកស្រី រ៉ូ​ណា​ស្មី​ត វិញ​ថា ការ​ចុះបញ្ជី​ដីធ្លី​សម្រេច​បាន​ប្រមាណ​៥​លាន ក្បាលដី​ស្មើនឹង​៧១​ភាគរយ​នៃ​ក្បាលដី​សរុប ប្រមាណ​៧​លាន ក្បាលដី​ដែល​សំដៅ​ផ្ដល់​នូវ​សុវត្ថិភាព​នៃ​ការ​កាន់កាប់​ដីធ្លី និង​ជា​ទុន​ជូន ប្រជាពលរដ្ឋ ។ រីឯ​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច គឺ​បាន​ជាង​២៤​សហគមន៍ ដែល​ចូលរួម​ការពារ​នូវ​អត្តសញ្ញាណ​ទំនៀមទំលាប់ និង​ប្រពៃណី​ល្អ​របស់​បងប្អូន​ជនជាតិ​ដើម ភាគតិច នៅ​កម្ពុជា ការ​ផ្ដល់​សម្បទាន​ដី​សង្គមកិច្ច និង​លំនៅ​ឋាន​ជូន​ប្រជាពលរដ្ឋ​ដែល​ខ្វះ​ដី និង​ការ​សហការ​ជាមួយ​ដៃគូ​ឯកជន​ក្នុង​ការ​អភិវឌ្ឍ​លំនៅ​ឋាន​តម្លៃ​សមរម្យ​ដែល​ជា​ការ​យកចិត្ត ទុកដាក់​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​លំនៅ​ឋាន និង​សិទ្ធិ​លើ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាដើម ។
លោក​ឧបនាយករដ្ឋមន្ដ្រី​ក៏​បាន​បញ្ជាក់​ប្រាប់​ទៅ​លោកស្រី រ៉ូ​ណា​ស្មី​ត​ថា ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ត្រូវ​បាន​ចាត់ចែង​ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ជាស​កល ដោយ​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមាន​ជា​ច្រើន​ដែល​នាំ​មក​នូវ​ការ​សាទរ​ពី​ប្រជាពលរដ្ឋ និង​ភាព​សុខដុម​នៃ​សង្គម ។

យ៉ាងណា​ក៏​ដោយ​ក្តី​ក្នុង​ជំនួប​នោះ​លោកស្រី រ៉ូ​ណា​ស្មី​ត​ក៏​បាន​សំណូមពរ​ដល់​រដ្ឋមន្ដ្រីក្រសួង​ដែនដី​អំពី​ការ​ចុះបញ្ជី​ដី​សហគមន៍​ជនជាតិ​ដើម​ភាគតិច ដើម្បី​បញ្ចៀស​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​របស់​សហគមន៍​ជាយថាហេតុ និង​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​ទូ​ទាំង​ប្រទេស​ដែល​ជា​បញ្ហា​ស្នូល​អំពី​សិទ្ធិ​មនុស្ស​ដោយ​ការ​ប្រើប្រាស់​ដី គឺជា​មូលដ្ឋាន​សម្រាប់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព លុប​បំបាត់​ភាព​ក្រក្រី និង​ធានា​សន្តិសុខ​ស្បៀង និង​ស្នើ​សុំ​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​អង្គភាព​ជំនាញ​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ដើម្បី​ជួយ​ផ្ដល់​យោបល់ និង​ធាតុ​ចូល​សម្រាប់​បំពេញបន្ថែម​ទៅ​លើ​របាយការណ៍​ស្ដី​ពី​ស្ថានភាព​សិទ្ធិ មនុស្ស​នៅ​កម្ពុជា​ដែល​នឹង​រៀបចំ​ឡើង​នៅ​ពេល​ខាង​មុខ​នេះ ។

សូម​ជម្រាប​ថា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ប្រចាំ​កម្ពុជា​អ្នកស្រី រ៉ូ​ណា​ស្ម៊ី​ត (Rhona Smith) ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៩ តុលា ដល់​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា​ខាង​មុខ​នេះ ដំណើរ​ទស្សនកិច្ច​នេះ​អ្នកស្រី​គ្រោង​ជួប​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​តំណាង​មន្ត្រី​សង្គម​ស៊ី​វិល និង​អ្នកការទូត​នៅ​កម្ពុជា ។ មុន​ពេល​អ្នកស្រី​ចាក​ចេញពី កម្ពុជា​អ្នកស្រី​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ហើយ​អ្នកស្រី​នឹង​ធ្វើ​របាយការណ៍​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ទៅ​អង្គការសហប្រជាជាតិ​ខែកញ្ញា ឆ្នាំ ២០១៩ ខាង​មុខ ៕