កុំទាន់ដាក់ចិត្តជឿព្រោះអាងតម្រា

105

មុន​នឹង​ជឿជាក់​លើ​ហេតុការណ៍​អ្វីមួយ ឬ​ជឿ​លើស​ម្តី​បុគ្គល​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​លក្ខណៈ​សង្ស័យ​ត្រូវ​ពិចារណា​រកហេតុ​ផល​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន មិនមែន​គ្រាន់តែ​ឮ​ហើយ​ជឿ​ភ្លាម​នោះ​ទេ ព្រោះ​វា​ប្រថុយ​ខ្លាំង​ណាស់​។ នៅ​ក្នុង​កា​លាម​សូត្រ​នៃ​អ​ង្គុ​ត្តរ​និកាយ តិក​និបាត ព្រះ​សម្ពុទ្ធ​បាន​សម្តែង​អំពី​វិធី​បដិបត្តិ​ក្នុង​រឿង​ដែល​គួរ​សង្ស័យ ឬ​គោលការណ៍​នៃ​ការ​ជឿ​ចំនួន​១០​យ៉ាង សម្រាប់​ជា​ការ​ពិចារណា​មុន​នឹង​ជឿ​រឿង​នោះ​ថា ពិត​ឬ​យ៉ាងណា​នោះ ។

Loading...

គោលការណ៍​ទាំង​១០​នោះ ១-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​គ្រាន់តែ​ការ​បាន​ស្តា​ប់ត​ៗ​គ្នា​មក ២-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​កាន់​ត​ៗ​គ្នា​ជា​ប្រពៃណី​ពី​បុរាណ ឬ​ពី​ដើម​មក ៣-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​និទាន​ត​ៗ​គ្នា ៤-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ដោយ​ការ​អាង​តម្រា ឬ​គម្ពីរ ៥-​កុំ​ដាក់ចិត្ត​ជឿ​ព្រោះ​ការ​គិត​បែប​តក្ក​វិទ្យា ៦-​កុំ​ដាក់ចិត្ត​ជឿ​ដោយ​មិន​មាន​ហេតុផល ៧-​កុំ​ដាក់ចិត្ត​ជឿ ដោយ​ការ​គិតពិចារណា តាម​បែប​ហេតុផល ៨-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី​ដែល​ពិនិត្យ​ហើយ ៩-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​មើលទៅ​រូប​លក្ខណៈ ហាក់ដូចជា​អ​ញ្ចឹ​ង​មែន និង​១០-​កុំ​ដាក់ចិត្ត​ជឿ ព្រោះ​សង្ឃ​អង្គ​នេះ​ជា​គ្រូ​របស់​យើង ។
បើ​ដូច្នេះ​តើ​យើង​គួរ​ជឿ​ដូច​ម្តេច ?

ព្រះ​សម្ពុទ្ធ​បាន​ត្រាស់​ថា លុះត្រាតែ​កាលណា​ដឹង​ច្បាស់​ដោយ​ចិត្ត​របស់​ខ្លួន​ថា អំពើ​នេះ​ជា​អកុសល ជា​កុសល មានទោស មិន​មានទោស​ជាដើម​ហើយ ទើប​គួរ​លះបង់​ចេញ ឬ​គួរ​បដិបត្តិ​តាម​នោះ​។