បច្ចុប្បន្ន អ្នកបើកបររថយន្ដ​ធុន​ធ្ងន់​មាន​ប័ណ្ណត្រឹមត្រូវ​តែ​ជាង​59%ប៉ុណ្ណោះ

97

រាជធានី​ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់​ថុ​ល បាន​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា​មាន​រថយន្ត​ធុន​ធ្ងន់​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ជាង​២២​ម៉ឺន​គ្រឿង តែ​អ្នកមាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តែ​ជាង​៥៩%​ប៉ុណ្ណោះ​​នៃ​ចំនួន​រថយន្ត​ធុន​ធ្ងន់​សរុប ខណៈ​ការ​បើកបរ​រថយន្ត​ធុន​ធ្ងន់​ជា​ផ្នែក​មួយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិ​អស់​រាប់រយ​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ៗ ។

Loading...

លោក​ទេស​រដ្ឋមន្ត្រី បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​ដាក់​ឱ្យ​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់ កាលពី​ថ្ងៃ​ទី​៣១ តុលា ម្សិលមិញ ដែល​មា​នទី​តាំង​នៅ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវគោក ស្ថិត​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ ។

លោក​ទេស​រដ្ឋមន្ត្រី បញ្ជាក់​ថា ៖« គិត​ចាប់ពី​ឆ្នាំ​១៩៩០​ដល់​ខែសីហា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ រថយន្ដ​ធុន​ធ្ងន់​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង មាន​ជាង​២២​ម៉ឺន​គ្រឿង ហើយ​អ្នក​ដែល​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តែ​ជាង​៥៩%​ប៉ុណ្ណោះ ដូច្នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា មាន​អ្នក​បើក​បរ​ខ្លះ​មិន​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​ទៅ​តាម​ប្រភេទ​របស់​រថយន្ដ​នោះ​ទេ ឬ​ក៏​គ្មាន​ប័ណ្ណ​បើកបរ​តែ​ម្ដង ហើយពី​ដើមខែ​តុលា​កន្លង​ទៅ​នេះ ក្រសួង​បាន​សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ ធ្វើការ​ត្រួតពិនិត្យ​លើ​ប័ណ្ណបើកបរ ដែល​លទ្ធផល​យើង​រក​ឃើញ​មាន​២៤%​ឬ​២៥% បើកបរ​ដោយ​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ច្បាប់​កំណត់ និង​១០% គ្មាន​ប័ណ្ណ​បើករ ឬ​ប្រើ​ប័ណ្ណបើកបរ​ក្លែងក្លាយ »​។

លោក​បញ្ជាក់​ថា ៖« ការ​បើក​ដំណើរការ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​បើកបរ​យានយន្ត​ធុន​ធ្ងន់​នេះ នឹង​ដើរតួ​សំខាន់​ដើម្បី​បង្រៀន​ឱ្យ​អ្នកបើកបរ​បាន​យល់​ដឹង​អំពី​ច្បាប់ទម្លាប់ ឱ្យ​មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​តាម​ប្រភេទ​យានយន្ដ ដើម្បី​ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រោះ​សព្វ​ថ្ងៃនេះ ក្នុង​១​ថ្ងៃ មាន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៥​នាក់ និង​របួស​ពី​១៥​ទៅ​២០​នាក់ និង​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ជាតិប្រមាណ​៣៥០​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​។ ដូចនេះ​ការ​បង្កើត​សាលា​នេះ នឹង​ចូលរួម​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា »​។

បើ​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០១៧ ចំនួន​អ្នក​ស្លាប់មាន​១.៩៧៦​នាក់ ក្នុង​នោះ​អ្នក​ស្លាប់​ដោយសារ​រថយន្ត​ធុន​ធ្ងន់​បង្ក មាន​ចំនួន​១៩៨​នាក់ ស្មើនឹង​៩,៨% (​រថយន្ត​ដឹក​អ្នកដំណើរ​ធុន​ធ្ងន់​៦៤,៤៣% ស្មើនឹង​១២៥​នាក់ និង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​៣% ស្មើនឹង​៦៩​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កើន​ឡើង​៧%​ស្មើនឹង​១៤​នាក់ ។

បើ​តាម​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល កន្លង​មក​ក្រសួង​បាន​ចេញ​អាជ្ញាប័ណ្ណ​ទៅ​ឱ្យ​សាលាបង្រៀន​បើកបរ​ចំនួន​២៩ ហើយ​គ្រោង​ដកហូត​អាជ្ញាប័ណ្ណ​នេះ​មក​វិញ ដោយ​លោក​​យល់​ថា ៖« សាលា​ទាំងនោះ​គ្មាន​រថយន្ត និង​គ្មាន​កម្មវិធី​សម្រាប់​បណ្តុះបណ្តាល​ដល់​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ឡើយ » ៕