ឆ្នាំ​ក្រោយ អ៊ី​ស្រា​អែ​ល​នឹង​មាន​តាក់ស៊ី​បើកបរ​ដោយ​ស្វ័យប្រវត្តិ

103

ក្រុមហ៊ុន Volkswagen និង​ក្រុមហ៊ុន Mobileye ដែល​ជា​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ Intel បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​ចាប់ផ្តើម​បើក​ដំណើរការ​សេវា​តាក់ស៊ី​បើកបរ ដោយ​​ស្វ័យប្រវត្តិ​នៅ​ប្រទេស​អ៊ី​ស្រា​អែ​ល​ក្នុង​ឆ្នាំ​២០១៩​ខាង​មុខ ។ នេះ​គឺជា​ការ​ឈាន​ជើង​ដ៏​វែង​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អា​ល្លឺ​ម៉​ង់ ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផ្សេង​ទៀត​ដូច​ជា Waymor របស់​Alphabet និង Cruise របស់ GM ។

Loading...

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន Volkswagen នឹង​ផលិត​រថយន្ត​ប្រើ​អគ្គិសនី ខណៈ​ដែល​ខាង​ក្រុមហ៊ុន Mobileye នឹង​ផលិតកម្ម​វិធី​ដាក់​ឲ្យ​ដោយ​ស្វ័យប្រវត្តិ ។ ជា​មួយ​​គ្នា​នេះ​ដែរ ក្រុមហ៊ុន​នាំ​ចូល​និង​ចែកចាយ​ធំ​ជាងគេ​ទី​ពីរ​នៅ​អ៊ី​ស្រា​អែ​ល Champion Motors នឹង​ទទួល​រ៉ាប់រង​លើ​ការ​គ្រប់គ្រង​ទូទៅ​នៃ​ការ​លក់ ។  ក្រុមហ៊ុន​នេះ​និយាយ​ថា ៖« គម្រោង​នឹង​ចាប់ផ្តើម​នៅ​ដើមឆ្នាំ​២០១៩ ដែល​អាច​មាន​រថយន្ត​ខ្លះ​ៗ​របស់​ខ្លួន​លើ​ផ្លូវ​នៅ​ឆ្នាំ​២០២២ »​។

អ្នកនាំពាក្យ​ក្រុមហ៊ុន Intel បាន​សរសេរ​នៅ​ក្នុង​អ៊ី​ម៉ែ​ល​មួយ​ថា ៖« នេះ​មិនមែន​ជា​គម្រោង​សាកល្បង​ទេ ។ ការ​បណ្តាក់ទុន​រួម​គ្នា​នេះ គឺជា​គោលដៅ​ដំបូង​ដែល​ផ្តោត​លើ​សមត្ថភាព​បើកបរ​ដោយ​គ្មាន​តៃកុង​កម្រិត​ទី​៤ »​។

សមត្ថភាព​បើកបរ​ដោយ​គ្មាន​តៃកុង​កម្រិត​ទី​៤ មាន​ន័យ​ថា គេ​មិន​ចាំបាច់​ឲ្យ​មាន​តៃកុង​នៅ​ក្នុង​រថយន្ត​ចាំ​បញ្ជា​ទេ តែ​គេ​ត្រូវការ​លក្ខខណ្ឌ​មួយ​ចំនួន ។ ចំណែក​បច្ចេកវិទ្យា​កម្រិត​ទី​៥​វិញ គឺ​មិន​មាន​តៃកុង​ក្នុង​រថយន្ត​ដូច​គ្នា តែ​អាច​ធ្វើ​អ្វី​បាន​ដោយ​សេរី ។

ខាង​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​មានការ​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​គិតគូរ​អភិវឌ្ឍន៍​ផ្លូវថ្នល់ ដើម្បី​ឲ្យ​ស្រួល​ក្នុង​ដំណើរការ​សេវា​តាក់ស៊ី​គ្មាន​តៃកុង​បើកបរ ។

កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ដែល​មាន VW​និង​Mobileye របស់ Intel គឺ​មិនមែន​ផ្តាច់មុខ​នោះ​ទេ មាន​ន័យ​ថា ក្រុមហ៊ុន​ជា​ភាគី​អាច​ផ្តោត​លើ​គម្រោង​ផ្សេង​ទៀត​បាន​រៀង​ៗ​ខ្លួន​ដែល​ធ្វើ​ឲ្យ​អ៊ី​ស្រា​អែ​ល​នៅ​ជាប់​បណ្តាក់​ទុក​ជាមួយនឹង​VW ៕