មាន​ឆ្ងល់​អត់ ហេតុ​អ្វី​បានជា​រថយន្ត​ខ្លះ​នៅ​តែ​រក្សា​ម៉ូ​ដ​ដដែល​ៗ ?

98

តើ​អ្នក​ធ្លាប់​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​រថយន្ត​សេ​រ៊ី​ចាស់​ៗ​ខ្លះ នៅ​តែ​មាន​សង្វា​ក់​ផលិតកម្ម​នៅ​ក្នុង​រោងចក្រ បើ​ទោះបីជា​ចេញ​លក់​អស់​រយៈពេល​១០​ទៅ​១៥​ឆ្នាំ​ហើយ ? ម៉ូ​ដែល​ខ្លះ​មាន​ចេញ​សេ​រ៊ី​មក​ថ្មី​ៗ​ដែរ តែ​នៅ​មិន​ទាន់​មានការ​ដូរ​ម៉ូ​ដ​ទាំងស្រុង​ឲ្យ​ខុស​ពី​មុន​។ នេះ​គឺ​ពិតជា​មាន​ច្រើន​ណាស់​នៅ​ក្នុង​វិស័យ​ខាង​ផលិត​រថយន្ត​។ រោងចក្រ​បាន​លក់​រថយន្ត​ថ្មី​ឲ្យ​យើង តែ​តាម​ពិត​វា​គឺ​នៅ​មាន​ជាប់​ឈាមជ័រ​រថយន្ត​សេ​រ៊ី​ចាស់​នៅឡើយ​ទេ ។

Loading...

យើង​អាច​យក​រថយន្ត Nissan Frontier ជា​ឧទាហរណ៍​ស្រាប់​។ នា​ពេល​បច្ចុប្បន្ន ម៉ូ​ដែល​នេះ​មាន​អាយុកាល​១៥​ឆ្នាំ​ហើយ តែ​រូបរាង​របស់​វា​តាំងពី​ដើម​រហូត​មក​ដល់​ពេល​នេះ គឺ​ស្រ​ដៀង​ៗ​គ្នា​ទៅ​នឹង​សេ​រ៊ី​ឆ្នាំ​មុន​ៗ​។ រថយន្ត​របស់​ក្រុមហ៊ុន Dodge ម៉ាក Grand Caravan និង Journey ក៏​ដូច្នោះ​ដែរ​។ បើ​ទោះបីជា​រថយន្ត​នេះ ត្រូវ​បាន​រថយន្ត Chrysler Pacifica ដណ្តើម​ទីផ្សារ​ក៏​ដោយ តែ​ក្រុមហ៊ុន​នៅ​បន្ត​ផលិត​វា​ដោយ​ប្រើ​ម៉ូ​ដ​ដដែល​។ តើ​អ្នក​ទាំងអស់​គ្នា​មាន​ឆ្ងល់ទេ ?

សារព័ត៌មាន Automotive News បាន​សាកសួរ​ទៅ​កាន់​ក្រុមហ៊ុន Lincoln ដើម្បី​ដោះ​ស្រាយ​ច​ម្ង​ល់​មួយ​នេះ​។ ហេតុ​អ្វី​បានជា​ទៅ​សួរ​ក្រុមហ៊ុន Lincoln​? មូលហេតុ​គឺ​ដោយ​សារ​តែ​ក្រុមហ៊ុន​ល្បី​ខាង​មិនសូវ​ដូរ​ម៉ូ​ដ​រថយន្ត​តាម​ឆ្នាំ​។ ពួក​គេ​កែទម្រង់​តិចតួច​បំផុត​លើ​រថយន្ត​ចេញ​តាម​ឆ្នាំ​នីមួយ​ៗ​។ រថយន្ត Lincoln MKT បាន​ដាក់​លក់​តាំងពី​ឆ្នាំ​២០១០ ហើយ​នៅ​តែ​បន្ត​ផលិត​បើ​ទោះបីជា​ចេញ​ម៉ូ​ដ Aviator សម្រាប់​ជំនួស​នៅ​ឆ្នាំ​២០២០ ក៏​ដោយ​។ ថ្វីបើ​រថយន្ត MKT ហួស​សម័យ​ហើយ​ក៏​ដោយ តែ​គេ​នៅ​តែ​ផលិត​វា ព្រោះ​វា​អាច​រក​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​។

លោក Robert Parker នាយក​ផ្នែក​ទីផ្សារ​ផ្នែក​លក់​និង​សេវាកម្ម​របស់​ក្រុមហ៊ុន Lincoln បាន​និយាយ​ថា រថយន្ត MKT នៅ​តែ​ផលិត ព្រោះតែ​វា​ធ្វើ​អតិថិជន​អាច​បែងចែក​រថយន្ត​សេ​រ៊ី​ថ្មី និង រថយន្ត​សេ​រ៊ី​ចាស់​ៗ បាន​ដោយ​ស្រួល​។ វា​អាច​ឲ្យ​ក្រុមហ៊ុន​មិន​ចាំបាច់​ត្រូវ​លក់​​រថយន្ត​សេ​រ៊ី​ថ្មី Aviator និង Nautilus ឲ្យ​មនុស្ស​ទូទៅ​។ មាន​តែ​អ្នកមាន​លទ្ធភាព​ប៉ុណ្ណោះ ទើប​អាច​ទៅ​ជះ​លុយ​លើ​រថយន្ត​សេ​រ៊ី​ថ្មី​បាន​។

រថយន្ត​ប្រភេទ​នេះ ក៏​ផ្តល់​ជា​ប្រាក់​ចំណេញ​ដល់​ក្រុមហ៊ុន​ផង​ដែរ ព្រោះតែ​វា​អាច​ឲ្យ​ក្រុម​ហ៊ុន​ទម្លាក់​តម្លៃ ហើយ​លក់​បាន​ច្រើន​ជាង​មុន​។ ដោយ​មិន​ចាំបាច់​ជះ​លុយ​ក្នុង​ការ​រចនា​ម៉ូ​ដ​ថ្មី ក្រុមហ៊ុន​អាច​បន្ត​ប្រើ​ម៉ូ​ដ​ចាស់ ហើយ​លក់​សម្រាប់​អតិថិជន​ចង់បាន​រថយន្ត​ធូរ​ថ្លៃ​។ ទាំងនេះ​គឺជា​មូលហេតុ​ដែល​រថយន្ត​មួយ​ចំនួន​មិនសូវ​កែ​ម៉ូ​ដ ហើយ​នៅ​បន្ត​លក់​ម៉ូ​ដ​សេ​រ៊ី​ចាស់​៕