​ជីវភាព​មិន​អំណោយផល ប្ដី​-​ប្រពន្ធ​​​1​គូ​នេះ​មិន​ចោល​សង្វៀន

95

រាជធានី​ភ្នំពេញ ៖ មានការ​ចាប់អារម្មណ៍​មិន​តិច​នោះ​ទេ បន្ទាប់​ពី​ការ​ទម្លាយ​ឱ្យ​ដឹង​ពី​ស្ថានភាព​រស់នៅ​របស់​គូស្នេហ៍​អ្នក​ប្រដាល់​មួយគូ ដែល​ត្រូវ​គេ​ស្គាល់​ថា ប្ដី​ក៏​ជា​អ្នក
ប្រដាល់ ហើយ​ប្រពន្ធ​ក៏​ជា​អ្នក​ប្រដាល់​ក្នុង​រយៈពេល​នេះ ភាគី​ខាង​ប្រពន្ធ​ហាក់​បាត់​ឈ្មោះ​​បន្តិច ព្រោះតែ​គ្មាន​គូ​ឡើង​វាយ ។ អ្វី​ដែល​គួរ​ឱ្យ​សរសើរ​នោះ គឺ​អ្នក​ទាំង​ពីរ​ប្រកាស​​បន្ត​ឡើង​សង្វៀន​គ្រប់ការ​អញ្ជើញ បើ​ទោះជា​ក្នុង​ពេល​នេះ វ័យ​ក៏​កាន់តែ​ជ្រេ ហើយ​ស្ថានភាព​រស់នៅ មិន​អំណោយផល​សម្រាប់​ការ​ហ្វឹកហាត់​ប្រដាល់​ក្ដី​។

Loading...

គូស្នេហ៍​អ្នក​ប្រដាល់​មួយគូ​នោះ​គឺ កីឡាករ ងួ​ន គារ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នក​ប្រដាល់
ប្រចាំ​ក្លិប​តា​ឡី​ដំរី​មាន​ប្ញ​ទ្ធិ និង​កីឡាការិនី ស៊ឹ​ង តុ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន កីឡាការិនី​រូប​នេះ​បាន​អង្រួន​សង្វៀន​ប្រដាល់​ឱ្យ​កក្រើក​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​លើ​សង្វៀន​ប្រដាល់​​នារី​ប្រចាំ​ទូរទស្សន៍​បាយ័ន ។ មួយគូ​នេះ ភាគី​ខាង​ស្រី បាន​សាង​ស្នាដៃ​លេចធ្លោ​ជាង ដោយសារ​តែ​អ្នក​ប្រដាល់​នារី​មិនសូវ​សំបូរ ហើយ​កីឡាការិនី ស៊ឹង តុ ធ្លាប់​ជា​ដៃគូ​ខ្លាំងក្លា និង​បាន​ឈ្នះ​ពាន​ផ្នែក​ប្រដាល់​នារី​នា​ពេល​ប្រឡូក​ខ្លាំង​ផង ។

អ្នក​នាង​ត្រូវ​បាន​គេ​នឹក​ស្មានថា បំភ្លេច​ចោលការ​ប្រដាល់​បាត់​ទៅ​ហើយ បន្ទាប់​ពី​គេ​ឃើញ​អតីត​ដៃគូ​របស់​អ្នក​នាង រួម​មាន អេ យ៉ា​នុ​ត និង វី ស្រី​ខួច បើ​ទោះជា​ការ​ប្រដាល់​នារី​ត្រូវ​ដួលសន្លប់​ធំ​ក៏​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាការិនី​វ៉ូ​វី​ណា​មនិង​ប្រដាល់​សាកល​ជា​ដើម ។ ក្នុង​ជំនួប​តាម​ទូរស័ព្ទ លោក ងួ​ន គារ ជា​ស្វាមី​បាន​អះអាង​ថា ភរិយា​របស់​លោក​មិន​ដែល​ប្រកាស​ថា​ឈប់​ប្រដាល់​នោះ​ទេ ប៉ុន្តែ​បណ្ដាល​មក​ពី​សង្វៀន​នៅ​ក្នុង​ពេល​នេះ មិន​មាន​គូប្រកួត​ផ្នែក​នារី​ទើប​ភរិយា​របស់​លោក​បាត់​មុខ​ពី​វិស័យ​ប្រដាល់​ហើយ​ងាក​ទៅ​ធ្វើ​ការងារ​រោងចក្រ​វិញ ។

លោក​ថា ឱ្យ​តែ​មានការ​ផ្គូផ្គង​នោះ ភរិយា​របស់​លោក​នឹង​នៅ​តែ​ទទួល​ឡើង​រេញ ដោយ​សារ​តែ​គាត់​ក៏​ស្រឡាញ់​វិស័យ​កីឡា ហើយ​មិន​ដែល​ចង់​ស្ងប់ស្ងាត់​ពី​ការងារ​ឈឺ​សាច់​មួយ​​នេះ​ទេ ។ លោក​បន្ត​ថា ភរិយា​របស់​លោក​ទើបតែ​ប្រឡូក​ការ​ប្រដាល់​ក្រោយ​ពី​មាន​កូន​២​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​នាង​ស្រឡាញ់​អាជីព​មួយ​នេះ​តាម​ឳ​ពុក​ជា​យូរ​មក​ហើយ ទើប​ក្រោយ​ពេល​បាន​លោក​ជា​ស្វាមី​ក៏​សុំ​ឡើង​រេញ ហើយ​លោក​ក៏​ជំរុញ​ឱ្យ​ប្រកួត​រហូត​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពេល​នេះ ។

មក​ទល់​ពេល​នេះ លោក និង​ភរិយា​រៀប​ការ​ជាមួយ​គ្នា​ប្រមាណ​១៤​ឆ្នាំ​ហើយ ដោយ​លោក​​ប្រដាល់​តាំងពី​នៅ​កំលោះ ហើយ​ភរិយា​របស់​លោក​ទើប​ប្រដាល់​ក្រោយ​សម្រាល​បានកូន​២​នាក់ ដោយ​ក្នុង​ពេល​ឡើង​រេញ​ម្ដង​ៗ គឺ​លោក​ជា​អ្នក​ជូន​ទៅ ។ លោក​ថា អារម្មណ៍​​ស្វាមី​មិន​ខុស​ពី​បុរស​មួយ​ចំនួន​នោះ​ទេ គឺ​មិន​ចង់ឱ្យ​ប្រដាល់ ប៉ុន្តែ​ដោយសារ​តែ​នោះ​គឺជា​អាជីព ហើយ​ឡើង​ប្រដាល់​ម្ដង​ៗ​ក៏​ជួយ​ដោះស្រាយ​ជីវភាព​បាន​មួយ​កម្រិត​ធំ ទើប​ប្រឡូក​ការ​ប្រដាល់​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​អ៊ីចឹង​ទៅ ។

យ៉ាងណាមិញ លោក​ថា ការ​ប្រដាល់​កន្លង​មក​របស់​ខ្លួន មិន​ដែល​ទទួល​បាន​ខ្សែក្រវាត់ ពាន ឬ​បាន​ឡើង​វាយ​ជា​មួយគូ​បរទេស​នោះ​ទេ ដោយសារ​តែ​ខ្វះ​ការ​ផ្គូផ្គង ដែល​អាច​និយាយ​បាន​ថា ការ​ប្រដាល់​កន្លង​មក គឺ​ភរិយា​លោក​ល្បី​ជាង​។

កីឡាករ ងួ​ន គារ បន្ត​ថា សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ក្រៅពី​ការ​ប្រដាល់ លោក​គឺជា​អ្នក​ដើរ​រក​ត្រី​មក​លក់ និង​ជិះរទេះ​លក់​ទឹកអំពៅ ខណៈ​ដែល​ភរិយា​របស់​លោក​ត្រូវ​ធ្វើការ​រោងចក្រ​។

លោក​ថា ជីវភាព​ប្រចាំ​ថ្ងៃ​បាន​ត្រឹមតែ​មួយគ្រប់​ៗ​ក្នុង​ការ​ចិញ្ចឹម​កូន​ប៉ុណ្ណោះ អ៊ីចឹង​ហើយ​ទើប​លោក​ទទួល​ប្រដាល់​ក្នុង​មួយ​ខែ​មួ​យស​ប្ដា​ហ៍ក៏​មាន​ដោយ​មិន​ខ្លាច​ឈឺខ្លួន ដើម្បី​យក​លុយ​មក​ទប់ និង​ដើម្បី​ឱ្យ​កូន​ៗ​បាន​ទៅ​រៀន​គ្រប់គ្រាន់​។ ម្យ៉ាង​មក​ពី​ភរិយា​របស់​លោក​ទើបតែ​សម្រាលកូន​ទី​៣ កាលពី​៩​ខែ​មុន​ផង ទើប​បន្ទុក​ក្នុង​ការ​រក​លុយ​កាន់តែ​ត្រូវ​ធ្លាក់​មក​លើ​លោក ។

លោក​ថា ក្នុង​មួយ​ថ្ងៃ​លោក​ដើរ​រក​ត្រី និង​លក់​ទឹកអំពៅ​បាន​ប្រាក់​មិន​ច្រើន​នោះ​ទេ ដោយពេល​ថ្ងៃ​ដើរ​លក់​ទឹកអំពៅ ពេល​ល្ងាច​ដើរ​រក​ត្រី ហើយ​បើ​មានការ​ផ្គូផ្គង​ឱ្យ​ឡើង​រេញ គឺ​ងើប​តាំងពី​យប់​ហ្វឹកហាត់ ។ តស៊ូ​ម្លឹ​ង​ហើយ តែ​លោក​ថា​មិន​សល់​នោះ​ទេ ដោយ​បាន​ត្រឹមតែ​ចិញ្ចឹម​កូន និង​ចំណាយ​ប្រចាំ​គ្រួសារ​ប៉ុណ្ណោះ ហើយ​បើ​ចំ​ពេល​ជំងឺ​លើស​ជាតិ​ស្ករ​របស់​ភរិយា​ធ្វើទុក្ខ​គឺ​បាន​ត្រឹមតែ​យក​លុយ​ដែល​សន្សំ​ទៅ​មើលខ្លួន​ប៉ុណ្ណោះ​។

យ៉ាងណាមិញ​លោក​ថា ភរិយា​នៅ​តែ​ចង់​ឡើង​រេញ ដោយ​លោក​ថា នាង​បន់​ឱ្យ​តែ​មាន​អ្នក​ប្រដាល់​នារី​ឡើង​រេញ​ឡើង​វិញ នាង​នឹង​ហ្វឹកហាត់​ឡើង​ប្រកួត​នោះ​ផង ។ កីឡាករ ងួ​ន គារ បន្ត​ថា ការ​ឡើង​រេញ​សព្វ​ថ្ងៃមួយ​ប្រកួត​សល់​ត្រឹមតែ​២៥​ម៉ឺន​រៀល​ប៉ុណ្ណោះ​ដល់​ដៃ តែ​លោក​សប្បាយចិត្ត ដោយ​បាន​ទាំង​ប្រកាស​ថា បើ​កុំ​តែ​បានការ​ផ្គូផ្គង​ពី​សំណាក់​ប្រធាន​​ក្លិប និង​គ្រូបង្វឹក​លោក​ប្រហែល​ដាច់​បាយ​មួយ​ពេល​ៗ​ផង បើ​តាមតែ​មុខរបរ​ប្រចាំ​​ថ្ងៃ​មិនសូវ​កាក់កប ។

នោះ​ដោយសារ​តែ​លោក​មិន​ជួល​ផ្ទះ​គេ​រស់នៅ​ផង បើ​មិន​ដូច្នោះ​ទេ​គឺ​អាច​ពិបាក​ជាង​នេះ ។ លោក​ថា រាល់ថ្ងៃ​លោក និង​ភរិយា​រស់នៅ​ក្នុងផ្ទះ​តូច និង​មិន​សមរម្យ​នៅ​ម្ដុំ​ជើង​ឯក ប៉ុន្តែ​បើ​លោក​រក​លុយ​បាន​បន្តិច នោះ​នឹង​ជួសជុលផ្ទះ​នោះ​ឱ្យ​បាន​ល្អ​បន្តិច​៕