ដំណាំ​ប៉ិកួៈ​ខំ​ដាំ​បាន​ផល​ហើយ​នៅ​តម្លៃ​ធ្លាក់​ចុះ​ទៀត

132

ខេត្តបន្ទាយមានជ័យ ៖ ដំណាំ​ប៉ិកួៈ​ដាំ​បាន​ផល តែ​គ្មាន​ទីផ្សារ​លក់​ដាំ​បាន​ផល​ត្រូវ​អង្គុយ​លក់​ដោយ​ខ្លួនឯង ហើយ​តម្លៃ​ឆ្នាំ​នេះ​ថោក​ជាង​ឆ្នាំ​មុន​នៅ​ក្រុង​សិរី​សោភ័ណ ។

Loading...

ប្រជា​កសិករ​ម្នាក់​ដែល​កំពុង​អង្គុយ​លក់​មើម​ប៉ិកួៈ​ក្នុង​ចំណោម​ច្រើន​នាក់​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​ថា នៅ​ភូមិ​ពង្រ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ មាន​ប្រជា​កសិករ​បាន​ប្រកប​មុខ​ធ្វើ​ចម្ការ​ដាំ​ដំណាំ​ប៉ិកួៈ​ជា​ច្រើន​គ្រួសារ ព្រោះ​ដី​នៅ​ទី​នេះ​អំណោយផល​ដំណាំ​កសិកម្ម​ដូច​ដាំ​ប៉ិកួៈ​នៅ​រដូវ​នេះ ត្រូវ​បាន​ប្រមូល​ផល​ជា​បណ្តើរ​ៗ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា ដំណាំ​ប៉ិកួៈ ឆ្នាំ​២០១៨​នេះ គឺ​ប្រជា​កសិករ​ដាំ​ច្រើន​ជាង​ឆ្នាំ​២០១៧​ហើយ​ដាំ​រយៈពេល​៣​ខែ បាន​ផល​ហើយ ក្នុង​១​ហិ​កតា​ទទួលផល​៣០​តោន តែ​ឆ្នាំ​នេះ​តម្លៃ លក់​នៅ​ចម្ការ​ក្នុង​១​គីឡូក្រាម តម្លៃ​៦០០​រៀល និង​យក​មក​លក់​ដោយ​ខ្លួនឯង​នៅ​តាម​ចិញ្ចើម​ផ្លូវ​បាន​១​គីឡូក្រាម​តម្លៃ​៨០០​រៀល បើ​ប្រៀប​កាលពី​ឆ្នាំ​២០១៧ តម្លៃ​ថោក​ជាង​១​គីឡូក្រាម​លក់​បាន​តម្លៃ​១,០០០​រៀល ។

ប្រជា​កសិករ​បាន​សំណុំ​ពរ​ដល់​មន្ទី​ជំនាញ និង​អាជ្ញាធរ​ខេត្ត​ជួយ​រក​ទីផ្សារ​សម្រាប់​ប្រជា​កសិករ​ដាំ​ដំណាំ​ប៉ិកួៈ​ដែល​ប្រជា​កសិករ​ដាំ​នៅ​ក្រុង​សិរី​សោភ័ណ​ជា​ច្រើន​ហិ​កតា បើ​ទីផ្សារ​មាន​តម្លៃ​សមរម្យ គឺ​ប្រសើរ​ជាង​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិតខាង ។

លោក ផា​ន់ ណា​រ៉ា អនុប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា នៅ​ខេត្តបន្ទាយមានជ័យ​ដំណាំ​រួម​ផ្សំ​បន្លែ​គ្រប់មុខ ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​២,១៤៣​ហិ​កតា ហើយ​ជាក់ស្តែង​ដំណាំ​ប៉ិកួៈ​ភាគច្រើន​ប្រជា​កសិករ​ដាំ​នៅ​ភូមិ​ពង្រ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ៕