ផ្អើល​ទាំង​ពលរដ្ឋ ផ្អើល​ទាំង​សមត្ថកិច្ច​នៅ​ខាង​​ក្រោយ​សាលសន្និសីទ​ចតុមុខ

168

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម មាត់ទន្លេ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់ ទំនងជា ស្លាប់​ប្រហែល​៣​ទៅ​៤​ថ្ងៃ​មក​ហើយ ដោយ​សព​មាន​សភាព​ហើម​រលួយ និង​ជះក្លិន​ស្អុយ​អសោចិ៍ អណ្តែត​ទឹកទន្លេ​មក​ទើរ​លើ​គុម្ព​ស្មៅ​នៅ​ក្បែរមាត់ច្រាំង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ទាំង​ព្រឹក​ផង​ដែរ​។

Loading...

ករណី​ខាងលើ​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅ​ចំណុច​មាត់ច្រាំង​ទន្លេ ខាងក្រោយ​សាលសន្និសីទ​ចតុមុខ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ​។

យោង​ទៅ​តាម​អត្តសញ្ញាណប័ណ្ណ មួយ​សន្លឹក​ដែល​នៅ​ជាប់​នឹង​សព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃ្លោក រស្មី អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៤ ផ្លូវ​៣៣៦ ភូមិ​៦ ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួល
គោក រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ដែល​កំពុង​តែ​ធ្វើការ និង​លក់ដូរ​ម្តុំ​មុខ​ព្រះ​បរមរាជវាំង និង​ក្បែរ​សាលសន្និសីទ​ចតុមុខ​បាន​ប្រទះ​ឃើញ​សព​បុរស​ខាង
លើ​អណ្តែត​ទឹក​មក​ទើរ​លើ​គុម្ព​ស្មៅ​ក្បែរមាត់ច្រាំង​ទន្លេ​នៅ​ចំណុច​ខាងលើ​។

ពេល​ប្រទះ​ឃើញ​បែប​នោះ ពួក​គាត់​ក៏​បាន​នាំ​គ្នា ទៅ​រាយការណ៍​ប្រាប់​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បន្ទាប់​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចុះ​មក​ពិនិត្យ​មើលឃើញ​សព​បុរស​ម្នាក់​ដែល​មាន​ស្ថានភាព​ហើម​ស្អុយ និង​ជះក្លិន​អសោចិ៍​​យ៉ាង​ខ្លាំង​បាន​អណ្តែត​ក្នុង​ទឹកទន្លេ​ពិតប្រាកដ​មែន​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹកទន្លេ​មក​ទើរ​នៅ​ចំណុច​ខាងលើ​រួច​មក កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ធ្វើការ​សហការ​ជាមួយ កម្លាំង​នគរបាល​របស់​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ និង​ស្រង់​យក​សព​ជន​រង​គ្រោះ​មក​លើ​មាត់ច្រាំង ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​។


ក្នុង​ការ​ពិនិត្យ​នោះ​ដែរ កម្លាំង​សម្ថ​កិច្ច​ក៏​បាន​ធ្វើការ​ឆែកឆេរ​ក​ឃើញ​កាបូប​លុយ​ពណ៌​ដី​ចំនួន​១ ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សំគាល់ ខ្លួន​ចំនួន​១​សន្លឹក​, កាត​គ្រី​ម៉ូតូ​ចំនួន​១, កាត ATM ចំនួន​១​សន្លឹក រួម​ទាំង​លុយកាក់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ការិយាល័យ​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សព​របស់​បុរស​រង​គ្រោះ​ខាងលើ​រួច​មក​បាន​បញ្ជាក់​ថា បុរស​រង​គ្រោះ​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន ទើប​ដឹក​យក​សព​ទៅ​តម្កល់​ទុក​នៅ​ឯ​វត្ត​ទឹកថ្លា ខណ្ឌ​សែន​សុខ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​ជា​បន្ត​ទៅ​ទៀត ៕