មេ​តុងទីន​ម្នាក់​បោក​កូនក្រុម​យក​លុយ​ទិញ​ឡិច​ស៊ី​ស​៥៧០ និង​ដី​ច្រើន​កន្លែង

118

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​មេ​តុងទីន​ម្នាក់​ត្រូវ​បាន​សមាជិក​រាប់រយ​នាក់​ធ្វើការ​ចោទប្រកាន់​ថា​បាន រំលោភ​លើ​ទំនុកចិត្ត​ដោយ​បាន​បោក​យក​លុយ​ពួក​គាត់​ជាង​៣០​ម៉ឺន​ដុល្លារ​រួច​គេចខ្លួន​បាត់​ស្រមោល​រយៈពេល​ជាង​៥​ខែ​កន្លង​មក​ហើយ​។ មិនតែប៉ុណ្ណោះ​បាន​យក​លុយ​ទៅ​ទិញ​សុទ្ធតែ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​ជិះ និង​ទិញ​ដី​ជា​ច្រើន កន្លែង​ថែម​ទៀត​ផង​។ ចំណែក​ពួក​គាត់​បាន​ស្វែងរក​គ្រប់​ច្រកល្ហក​រហូត​ដល់​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ប្រទះ​ឃើញ​នៅ​ក្នុង​ផ្សា​រកា​ណា​ស៊ី​ធី ស្ថិត​នៅ​ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

Loading...

ទើប​ប្ដឹង​សុំ​ឲ្យ​នគរបាល​បាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ចាត់ការ​តាម​ច្បាប់ តែ​ម្ដង​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ជា​មេ​តុងទីន​ពូកែ​ខាង​បោក​ខាងលើ​នោះ​ឈ្មោះ ឆេ​ង សា​រ៉ា អាយុ​ជាង​៣០​ឆ្នាំ ស្នាក់​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ ចំណែក​សមាជិក​ដែល​ចាញ់បោក ស្ត្រី​រូប​នេះ​មាន​ចំនួន​ជិត​៥០០​នាក់ ដែល​ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​ឯករាជ្យ​១ និង​ផ្សា​រកា​ណា​ឌី​យ៉ា​។ ក្នុង​នោះ​ម្នាក់​ៗ​បាន​ខាត​បង់លុយ​ទៅ​លើ​ស្ត្រី​មេ​បោក​នោះ​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ដែល​សរុប​ទាំងអស់​ជិត​៣០​ម៉ឺន​ដុល្លារ​ឯណោះ​។ ដោយឡែក​ក្រោយ​ពេល​ចាប់ខ្លួន​ស្ត្រី​ជា​មេ​តុងទីន​នោះ​បាន​ភ្លាម​ៗ​នោះ​មាន​សមាជិក​ដែល​ចាញ់បោក បាន​នាំ​គ្នា​ទៅ​កាន់​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បណ្ដើរ​ៗ​ជាង​២០​នាក់​ហើយ​។

ដើម្បី​បង្ហាញ​ថា ពួក​គាត់​ពិតជា​បាន​ចាញ់បោក​ស្ត្រី​ដែល​ជា​មេ​តុងទីន​នោះ​ពិតប្រាកដ​មែន​។ ពួក​គាត់​ទាំងនោះ​បាន​និយាយ​ថា ពួក​គាត់​បាន​លេង​តុងទីន​ជាមួយ​ស្ត្រី​ឈ្មោះ ឆេ​ង សា​រ៉ា នោះ​អស់​រយៈពេល​៦​ឆ្នាំ​មក​ហើយ ដែល​អ្នកផ្សារ​ទាំងអស់ នរណា​ៗ​ក៏​បាន​ស្គាល់​ស្ត្រី​ម្នាក់​នេះ​ដែរ​។ ព្រោះ​នាង​ខាងលើ​នេះ​ជា​អ្នក​រកស៊ី​បោះ​ដុ​អី​វាន់​ចាប់ហួយ​នៅ​ផ្សារ​ឯករាជ្យ​១ និង​ផ្សា​រកា​ណា​ឌី​យ៉ា​នេះ​តែ​ម្ដង​។ ប៉ុន្តែ​ការ​លេង​តុងទីន​ជាមួយ​គ្នា​កន្លង​មកនេះ​មិន​ដែល​មាន​បញ្ហា​អ្វី​កើតឡើង នោះ​ឡើយ​។ ទើបតែ​នៅ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​ស្ត្រី​នេះ​បែកគំនិត​បោក​ប្រមូល​យក​លុយ​រត់គេច​ខ្លួន រយៈពេល​ជាង​៥​ខែ​កន្លង​មក​ហើយ​។

ប្រភព​ដដែល​បាន​បន្ត​ថា​ការ​លេង​តុងទីន​នេះ​ក្នុង​១​ក្បាល​ចាប់ពី ២០.០០០​រៀល​ដល់​១០០​ដុល្លារ ហើយ​អ្នកខ្លះ​លេង​ចាប់ពី​៣​ក្បាល​ទៅ​ដល់​១០​ក្បាល ទៅ​តាម​លទ្ធភាព និង​ធនធាន​ដែល​ខ្លួន​មាន​។ ដូច្នេះ​អ្នកខ្លះ​ចាញ់បោក​ស្ត្រី​នោះ​ខ្ទង់ពាន់​ដុល្លារ​ចំណែក​អ្នកខ្លះ​ទៀត​ខាតបង់​អស់​ខ្ទង់​ម៉ឺន ដុល្លារ ហើយ​ក្រោយ​ពេល​ដែល​មេ​វេច​បង្វិច​រត់គេច​ខ្លួន​បាត់​ពួក​គាត់​បាន​តាម​រក​គ្រប់កន្លែង ប៉ុន្តែ​មិនឃើញ​ឡើយ​។ បន្ទាប់​មក​បាន​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ រហូត​ជាង​៥​ខែ​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ទើប​ប្រទះ​ឃើញ​ស្ត្រី​នេះ​ទៅ​ផ្សា​រកា​ណា​ស៊ី​ធី​ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឃាត់ខ្លួន​តែ​ម្ដង​៕