ប្រតិបត្តិការ​ក្តៅ​គគុក កក្រើក​សមត្ថកិច្ច​២​ស្រុកបង្ក្រាបជនទាំង៣នេះ

96

ខេត្តកំពង់ស្ពឺ ៖ សមត្ថកិច្ច​ចំនួន​២​ស្រុក​បាន​ទទួល​បទបញ្ជា​ពី​លោកស្នងការ​បាន​សហការ​បង្ក្រាប​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​២​កន្លែង ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ដកហូត​គ្រឿងញៀន​មួយ​ចំនួន ។ ប្រតិបត្តិការ​កក្រើក​សមត្ថកិច្ច​២​ស្រុក​នេះ បាន​ធ្វើ​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ។

Loading...

ជនសង្ស័យ​ទាំង​៣​នាក់​ដែល​សមត្ថកិច្ច ឃាត់ខ្លួន​ទី​១-​ឈ្មោះ ហួ​ន វាសនា ហៅ​ពែ​ក ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​គ​ក្រួស ឃុំ​ពេជ្រ​មន្នី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​, ទី​២-​ឈ្មោះ ស៊ឹ​ម វ៉ា​ន់​ណៃ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ និង​ទី​៣-​ឈ្មោះ ឈិ​ន សុភា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ពួក​គេ​ទាំង​២​នាក់ រស់នៅ​ភូមិ​ដូន​កែវ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ស្រុក​សំរោង​ទង បាន​ឲ្យ​ដឹង​ថា ដោយ​ទទួល​បាន​បទបញ្ជា​ពី​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្ត​ឲ្យ​លុប​បំបាត់​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ក្នុង​ដែនដី​សមត្ថកិច្ច​រៀង​ៗ​ខ្លួន​នោះ លោក​អធិការ​ស្រុក​សំរោង​ទង បាន​ប្រើប្រាស់​កម្លាំង​នគរបាល​ជំនាញ​គ្រឿងញៀន​ស្រុក ចុះ​ឆែកឆេរ​ផ្ទះ ស៊ឹ​ម វ៉ា​ន់​ណៃ ឃើញ​ជនសង្ស័យ​ទាំង​៣​នាក់ កំពុង​សម្ងំ​ជក់​ថ្នាំ​ញៀន ក៏​ខ្លួន​ពួក​គេ​មក​សាកសួរ​នៅ​អធិការដ្ឋាន ។

សមត្ថកិច្ចបន្ត​ថា ក្រោយ​ការ​សួរ​ចម្លើយ ជនសង្ស័យ​ទី​១-​ឈ្មោះ ហួ​ន វាសនា មាន​អាសយដ្ឋាន​នៅ​ក្នុងស្រុក​គងពិសី ទើប​សមត្ថកិច្ច​ស្រុក​សំរោង​ទង សហការ​ជាមួយ​សមត្ថកិច្ច​ស្រុក​គងពិសី ឆែកឆេរ​ផ្ទះ​ជនសង្ស័យ​ឈ្មោះ ហួ​ន វាសនា បន្ត​ទៀត ហើយ​ត្រូវ​នគរបាល​ស្រុក​គងពិសី​បញ្ជាក់​ថា ជនសង្ស័យ​ឈ្មោះ ហួ​ន វាសនា នៅ​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ ២៥៤ ចុះ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៦ របស់​លោកស្រី អ៊ុ​ក រ៉េ​ត​គ​ន្ឋា ចៅក្រម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ផង​ដែរ ។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​ពី​ឆែក​ស​ឆេរ​ផ្ទះ​ជនសង្ស័យ ហួ​ន វាសនា សមត្ថកិច្ច​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​១២​កញ្ចប់​, ទូរស័ព្ទ​ដៃ​២​គ្រឿង​, ដប​ជ័រ​ច្នៃ​ជក់​ថ្នាំ​ញៀន​ចំនួន​១ និង​ថង់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ រួម​នឹង​វត្ថុ​តាង​សមត្ថកិច្ច​ទាំង​២​ស្រុក កសាង​សំណុំរឿង បញ្ជូន​មក​ការិយាល័យ​ជំនាញ​គ្រឿងញៀន​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕