អ្នក​ទេសនា​ប្រកបដោយ​ធម៌​ប៉ុន្មាន​ទើបបាន​នាម​ថា​ធម្មកថិក?

មិនមែន​គ្រាន់តែ​គង់​លើ​គ្រែ​ទេសន៍ ហើយ​ពោល​នូវ​ធម៌​ឈ្មោះ​ថា​ជា​ធម្មកថិក​ដែរ​នោះ​ទេ​។ តាម​ធម្មតា​ឈ្មោះ​ថា ធម្មកថិក​ទៅ​បាន​លុះណាតែ​អ្នក​សម្តែងធម៌​នោះ​ទេសនា​វែកញែក រ​ង្គា​យ​សេចក្តី​យ៉ាង​ច្បាស់​ៗ​មិន​វែង​ពេក តែ​ក៏​មិន​ច្រូតកាត់​ខ្លី​ពេក​ដែរ និង ត្រូវ​ប្រកបដោយ​ធម៌​១០​យ៉ាង​ផង​ដែរ ។

លក្ខណសម្បត្តិ​របស់​អ្នក​សម្តែងធម៌​ទាំង​១០​យ៉ាងនោះ​គឺ ១-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វេទនា ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ២-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ​ដើម្បី​ការ​រលត់​នៃ​សង្ខារ ៣-​សម្ដែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​អវិជ្ជា ៤-​សម្តែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ឧបាទាន ៥-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​តណ្ហា ៦-​សម្តែងធម៌​ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​នាមរូប ៧-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​វិញ្ញាណ ៨-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ជរា មរណៈ ៩-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ជាតិ និង១០-​សម្ដែងធម៌ ដើម្បី​ការ​នឿយណាយ ដើម្បី​ការ​រលត់​នៃ​ភព ទើប​គួរ​ហៅ​ថា ភិក្ខុ​ជា​ធម្មកថិក ។

អ្នក​សម្តែងធម៌​រូប​ណា​ទេសនា​ប្រកបដោយ​អង្គ​ទាំង​១០​ប្រការ​នេះ​ទើបបាន​នាម​ថា​ជា​ធម្ម​ថិ​ក លោក​អ្នក​សម្តែងធម៌​ប្រាថ្នា​ចង់ឱ្យ​បរិស័ទ​បាន​សុខ​ពិត​ៗ ។