ខេត្តកំពង់ឆ្នាំង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ចូលរួម​ប្រកួត​ប្រណាំងទូក​ខាង​មុខ​នេះ

180

ខេត្ត​កំពង់​ឆ្នាំ ៖ លោក​ឧត្តមសេនីយ៍ទោ ធន់ ធឿ​ន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង និង​ជា​គណៈ កម្មការ​គ្រប់គ្រង​ទូកង ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ របស់​ក្រុង​កំពង់ឆ្នាំង​បាន​ផ្តាំផ្ញើ​ដល់​ក្រុម​កីឡាករ​ទាំងអស់ «​សូម​យកចិត្តទុកដាក់​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ស្ទាត់ជំនាញ ក្នុង​ការ​ចែវ និង​ឆក់​យក​ល្បឿន​ឲ្យ​បាន​លឿន​ទើប​ទទួល​បាន​ជ័យ​ជំនះ » ។

Loading...

មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ពិធី​ក្រុង​ពាលី​ទម្លាក់​ទូកង ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ ចូល​ទន្លេ ដើម្បី​ហ្វឹកហាត់ ត្រៀម​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​ក្នុង​ពេល​ខាង​មុខ​នេះ ។ ពី​ធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​បរិវេណ​វត្ត​ទេពធីតា​រាម ហៅ​វត្ត​យាយ​ទេព ក្នុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។
លោក​ឧត្តមសេនីយ៍​បាន​បន្ត​ថា អនុវត្ត​តាម​ទិស​ដៅ​របស់​រាជរដ្ឋាភិបាល​ស្តី​ពី​ការ​ចូលរួម​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក និង​សំពះ​ព្រះ​ខែ​ក្នុង​ពេល​ខាង​មុខ​នេះ​ខេត្តកំពង់ឆ្នាំង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច ក្នុង​ការ​បញ្ជូន​ទូក​របស់​ខ្លួន ដើម្បី​ទៅ​ចូលរួម​ប្រកួត ។

ដោយឡែក​ព្រឹក​នេះ​ទូក​ទេពធីតា​សែន​ជ័យ​បារមី​មាន​រិ​ទ្ធ​បាន​ទម្លាក់​ខ្លួន​ចូល​ទន្លេ ដើម្បី​ហ្វឹកហាត់​រយៈពេល​ជាង​កន្លះ​ខែ មុន​នឹង​ចេញ​ទៅ​ចូលរួម​ប្រកួត ។ ពិត​ណាស់​ថា ការ​ប្រកួត គឺ​មានការ​ចង់​ឈ្នះ​រៀង​ៗ​ខ្លួន​មិន​ចង់​ចាញ់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ជា​គុណសម្បត្តិ​របស់​ខ្មែរ គឺ​ឈ្នះ​ដោយ​សេចក្តី​ថ្លៃថ្នូ ដែល​ជា​កត្តា​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់​នៅ​ប្រពៃណី​ទំនៀមទម្លាប់ ប្រវត្តិ​សាសន៍​របស់​ខ្មែរ​ដែល​យើង​ជា​ខ្មែរ​ជំនាន់​ក្រោយ នៅ​តែ​ដើរ​តាម​ប្រពៃណី​ដ៏​យ៉ាង​ផូរផង់​នេះ ។ ដូច​ជា​ថ្ងៃ​ធ្វើ​ពិធី​ដែល​យើង​បាន​ប្រារព្ធ​នៅ​ពេល​នេះ គឺ​យើង​បាន​ធ្វើ​តាម​លំដាប់លំដោយ​នៃ​កម្មវិធី​នីមួយ​ៗ រហូត​ដល់​ចប់​ទើប​យើង​ទម្លាក់​ទូក​ចុះ​ដែល​ពិធី​នេះ​បាន​បញ្ជាក់​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​ថា នេះ​ជា​ការ​រក្សា​ប្រពៃណី​ទូកង​ដែល​តំណាង​ឲ្យ​នាវាចរណ៍​ក្នុង​សង្គ្រាម និង​តំណាង​ឲ្យ​កងទ័ពជើងទឹក​កាលពី​សម័យ​ដើម​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ​លោក យិ​ន សា​វ៉េ​ន អភិបាលក្រុង​កំពង់ឆ្នាំង​ក៏​មាន​ប្រសាសន៍​ដែរ​ថា សម្រាប់​ទូកង​ឈ្មោះ​ទេពធីតា​សែន​ជ័យ បារមី​មាន​រិ​ទ្ធ របស់​ក្រុង​កំពង់ឆ្នាំង​ទើបតែ​បាន​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ​រយៈពេល​៣​ឆ្នាំ​នេះ​ទេ ដោយ​កាលពី​ឆ្នាំ​២០១៦ ទទួល​បាន​ជោគជ័យ​លេខ​១​ទាំង​ល្បឿន និង​សោ​ភ័​ណ្ឌ​ភាព ឆ្នាំ​២០១៧ ទទួល​បាន​ផែន​លេខ​២ ចំណែក​ឆ្នាំ​២០១៨ ដែល​នឹង​ទៅ​ចូលរួម​ប្រកួត​នេះ​សង្ឃឹមថា នឹង​ទទួល​ជោគជ័យ​ជា​ថ្មី​ទៀត​ទាំង​ល្បឿន និង​សោ​ភ័​ណ្ឌ​ភាព​ជា​ពុំខាន ។

លោក​អភិបាលក្រុង​បាន​បញ្ជាក់​ថា ការ​ហ្វឹកហាត់​មាន​រយៈពេល​១៧​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា​នេះ​តទៅ ។ ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​ថ្លៃ​អំណរ​គុណ លោក​ឧត្តមសេនីយ៍ទោ ធន់ ធឿ​ន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ឆ្នាំង​បាន​ឧ​ប​ត្ថ​ម មី​១៥​កេះ ទឹកក្រូច​១៥​កេះ ទឹក​សុទ្ធ​៥០​យួរ អង្ករ​២០០​គីឡូក្រាម និង​ថវិកា​១​លាន​រៀល ដល់​ទូក​មួយ​នេះ​ផង​ដែរ ។ តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលក្រុង​កំពង់ឆ្នាំង​ថា ទូក​ទេពធីតា​សែន​ជ័យ​មាន​ប្រវែង​៣៣​ម៉ែត្រ មាន​ចំណុះ​ជើងចែវ​៥៤​នាក់ បូក​ទាំង​អ្នក​រាំ​ក្បាលទូក និង​អ្នក​បាចទឹក​ទូក​២​នាក់​ទៀត សរុប​៥៦​នាក់ ៕