មន្ត្រី​ជំនាញ​និង​អាជ្ញាធរ មិន​ត្រូវ​ចុះហត្ថលេខា​លើ​ការ​ទិញ​-​លក់​ដីស្រែ​អំបិល

124

ខេត្តកំពត ៖ លោក ជាវ តា​យ អភិបាលខេត្ត បាន​ធ្វើការ​អំពាវនាវ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ កុំ​ចុះហត្ថលេខា​លើ​ការ​ទិញ​-​លក់​ស្រែអំបិល ។ លោក​អភិបាលខេត្ត បាន​អំពាវនាវ​បែបនេះ នៅ​ក្នុង​កិច្ចប្រជុំ​ការងារ​សហគមន៍​ផលិតអំបិល​សាខា​ខេត្តកំពត​-​កែប កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា នៅ​សាល​ប្រជុំ​សាលាខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អភិបាលក្រុង​-​ស្រុក ចៅសង្កាត់ មេឃុំ ប្រធាន​មន្ទីរ​ជំនាញ​នៅ​ក្នុង​ខេត្ត និង​មន្ត្រី​ការិយាល័យ​ពាក់ព័ន្ធ​ក្នុង​រដ្ឋបាល​ខេត្ត ។

Loading...

លោក​អភិបាលខេត្ត ជាវ តា​យ បាន​សំណូមពរ​ឲ្យ​ប្រធាន​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​នីមួយ​ៗ មាន​យោបល់​លើក​ឡើង​រាយការណ៍​ជូន​អង្គប្រជុំ​នូវរាល់​បាតុភាព​ផ្សេង​ៗ​ជុំវិញ​ការ​លក់​ដីស្រែ​អំបិល​កន្លង​មក​ទៅ​ឲ្យ​ឯកជន ឬ​ឈ្មួញ​ដី និង​បញ្ហា​អសកម្ម​នៃ​ការ​ផលិត​អំបិល​របស់​សហគមន៍​ផលិត​អំបិល​សាខា​កំពត​-​កែប នា​ពេល​បច្ចុប្បន្ន ។

លោក ប៊ុ​ន បារាំង សហ​ប្រធាន​សហគមន៍​ផលិត​អំបិល​សាខា​កំពត​-​កែប បាន​លើក​ឡើង​ថា កន្លង​មក​ក្នុង​ឆ្នាំ​២០១៧ សហគមន៍​អ្នក​ផលិត​អំបិល​យើង​ផលិត​អំបិល​បាន​កើនឡើង​ច្រើន​រាប់​ម៉ឺន​តោន ហើយ​នៅ​ពេល​នោះ​កន្លែង​ផលិត​ខ្លះ​ស្ទើរតែ​រក​ឃ្លាំង​ដាក់​អំបិល​គ្មាន រហូត​ដល់​ដាក់​អំបិល​នៅ​ក្រៅ​ឃ្លាំង​ទៀត​ផង ។ រីឯ​ទីផ្សារ​ទៀត​សោត​នៅ​ពេល​នោះ អំបិល​ដែល​យើង​ផលិត​បាន​នៅ​ក្នុងស្រុក​ក៏​មាន​ទីផ្សារ​តិចតួច ដោយសារ​ការ​នាំ​ចូល​អំបិល​ពី​ក្រៅប្រទេស​មក​ក្នុង​ទីផ្សារ​កម្ពុជា​យើង ។

បើ​និយាយ​ពី​គុណភាព​អំបិល​របស់​យើង គឺ​គុណភាព​ល្អ ការ​ផលិត​ដោយ​ធម្មជាតិ មិន​ដូច​អំបិល​នាំ​ចូល​ពី​ក្រៅ​មក​គេ​ផលិត​ដោយ​រ៉ែ​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ចាញ់​ពណ៌​អំបិល​នាំ​ចូល​បន្តិច​ប៉ុណ្ណោះ ទើប​ប្រជាពលរដ្ឋ​យើង​ងាក​មក​និយម​ប្រើប្រាស់​អំបិល​នាំ​ចូល​វិញ ។ លោក បុ​៊​ន បារាំង បន្ត​ថា ការ​ដែល​អំបិល​ក្នុងស្រុក​របស់​យើង​ផលិត​បាន​ហើយ​ខ្វះ​ទីផ្សារ​នា​ពេល​កន្លង​មកនេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​ផលិតអំបិល​មួយ​ចំនួន​បាក់​ទឹកចិត្ត​ក្នុង​ការ​ផលិត​អំបិលនា​ពេល​នេះ ។ មិន​ត្រឹមតែ​ចង់​ឈប់​ផលិត​ប៉ុណ្ណោះទេ កន្លង​មក​មាន​ក្រុម​កសិករ​ផលិត​អំបិល​មួយចំនួន​ដែល​មាន​ដី​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន បាន​ចេញពី​សហគមន៍​ផលិត​អំបិល ហើយ​បាន​លក់​ស្រែ​អំបិ​ល​មួយ​ចំនួន​ដែល​ធ្លាប់​ផលិត​អំបិល​ឲ្យ​ទៅ​អ្នកផ្សេង ។ ប៉ុន្តែ​អ្នក​ដែល​ទិញ​នោះ​មិនដឹង​ថា គេ​យក​ទៅ​ផលិត​អំបិល​ឬ​យក​ដីស្រែ​អំបិល​នេះ​ទៅ​ច្នៃ​ធ្វើ​អ្វី​ផ្សេង​នោះ​ទេ បញ្ហា​នេះ​ស្ថិត​នៅ​លើ​មន្ទីរ​ពាក់ព័ន្ធ​ជា​អ្នក​តាមដាន​សកម្មភាព​ខាងលើ​នេះ ។

លោក​អភិបាលខេត្ត មាន​ប្រសាសន៍​ថា រឿងស្រែអំបិល​នេះ​សម្តេច​តេ​ជោ​លោក​គិតគូរ​ខ្លាំង​ណាស់ ។ រាល់​ការ​ទិញ​-​លក់​ដីស្រែ​អំបិល​របស់​ម្ចាស់​ស្រែ លោក​មិន​ហាមឃាត់​ទេ ប៉ុន្តែ​បើ​យក​ស្រែអំបិល​ទៅ​ចាក់​ដី​លុប​ហើយ​ច្នៃ​ជា​សំណង់​អ្វី​ផ្សេង​ទៀត​នោះ លោក​មិន​ហ៊ាន​អនុញ្ញាត​ទេ តែបើ​ទិញ​យក​មក​ផលិត​អំបិល​វិញ​លោក​គាំទ្រ​១០០% ។ចំពោះ​មតិ​បូក​សរុប​អង្គប្រជុំ ដែល​សមាជិក​បាន​លើក​ឡើង​មួយ​ចំនួន​ដូច​ជា ផលិត​ផល​នាំចូល​មក​ពី​ក្រៅ​ចូល​ក្នុង​ទីផ្សារ​របស់​យើង ចំណុច​នេះ​សមាជិក​ខ្លះ​មាន​សំណូមពរ​កុំ​ឲ្យ​នាំ​ចូល​ផលិត​ផល​ក្រៅ​ស្រុក គឺ​យើង​មិន​អាច​ឃាត់ឃាំង​គេបាន​ទេ ពីព្រោះ​គេ​ក៏​ជា​សមាជិកសមាគម​អាស៊ានដូច​​ជា​​យើង​ដែរ ។ ដូច្នេះ​គឺ​សិទ្ធិ​ទីផ្សារសេរី​ទៅ​ហើយ យើង​មិន​អាច​ឃាត់​គេ​ទេ មាន​តែ​យើង​ខិតខំ​ផលិត​ប្រកួតប្រជែង​ទិន្នផល ទាំង​បរិមាណ​និង​គុណភាព​លើ​ទីផ្សារ​ពិភពលោក ដូច​បណ្តា​ប្រទេស​សមាគម​អាស៊ាន​ដទៃ​ទៀត​ទើប​ល្អ ។

ជុំវិញ​ការ​ផលិត​អំបិល​របស់​សហគមន៍​យើង​វិញ ដោយ​មើលឃើញ​រដូវ​នេះ​ទៅ​ហើយ អ្នក​ផលិត​អំបិល​ទាំងអស់​ដូច​ជា​ពុំ​ទាន់​អ្នក​ណាមួយ​អើពើ​ក្នុង​ការ​រៀបចំ​ផលិត​នោះ លោក​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​លោក​សហ​ប្រធាន​សហគមន៍​អ្នក​ផលិត​អំបិល ឲ្យ​អញ្ជើញ​សមាជិក​ទាំងអស់ ធ្វើការ​ប្រជុំ ហើយ​ឲ្យ​គេ​ចូលរួម​មាន​យោបល់​អំពី​បញ្ហា​អ្វី​ដែល​គេ​មើលឃើញ​ចំណុច​ខ្វះខាត​នៅ​ក្នុង​សហគមន៍ តើ​គេ​ថ្នាំងថ្នាក់​រឿង​អ្វី? ហើយ​គេ​ចង់​សំណូមពរ​អ្វី​ដល់​សហគមន៍​ឲ្យ​ជួយ​ដោះស្រាយ​វិញ ។ ក្រោយ​ពី​ការ​ការ​ក្តាប់​សំណូមពរ​ពី​សមាជិក​ហើយ យើង​ត្រូវធ្វើ​ផែនការ​ដោះស្រាយ​រួម​គ្នា ដើម្បី​រក​ច្រកចេញ​ទើប​យើង​ទទួល​បាន​ជោគជ័យ ។

លោក​អភិបាលខេត្ត​ក៏​បាន​ណែនាំ​ង​ផង​ដែរដល់​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ​ដូច​ជា មន្ទីរ​ឧស្សាហកម្ម​និង​សិប្បកម្ម ត្រូវ​គិតគូរ​ឡើង​វិញ​ចំពោះ​សហគម​ន៍​ដែល​ត្រូវ​ផលិត​អំបិល​នៅ​ក្រោម​ការ​ក្តោប​ក្តាប់​និង​គ្រប់គ្រង​របស់​ខ្លួន កុំ​ចាំតែ​ទទួលផល​បាន​ប៉ុន្មាន​ក៏​បាន​ទៅ ដី​ផលិត​គេ​លក់​ជិត​អស់ហើយ​ក៏​មិនដឹង​នោះ ៕ ​