កាស៊ី​​ណូនេះ បើក​ចំហ​ឱ្យ​ខ្មែរ​ចូល​លេង​ម៉ា​សេរី

103

ខេត្ត​ត្បូងឃ្មុំ ៖ កាស៊ីណូ​KING ROOSTER ស្ថិត​នៅ​ឃុំ​អន្លង់​ជ្រៃ ស្រុក​ពញាក្រែក បាន​បើក​លេងល្បែង​បញ្ជល់មាន់​និង​យូគី​យ៉ាង​គគ្រឹកគគ្រេង ហើយ​ថ្ងៃ​ដែល​គេ​ណាត់​លេង​ធំ​ជាងគេ គឺ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​សៅរ៍ ។
គេ​សង្កេត​ឃើញ​មាន​មនុស្ស​មក​ពី​គ្រប់​ទិស​ទី ច្រើន​កុះករ ហើយ​សឹងតែ​១០០​ភាគរយ​ជា​ខ្មែរ​តែ​ម្តង ដែល​បើ​ផ្អែក​តាម​ច្បាប់​គឺ​អនុញ្ញាត​ឲ្យ​តែ​ជនបរទេស​ចូល​លេង​ប៉ុណ្ណោះ ។ បញ្ហា​អាច​និយាយ​ថា បាន​កើតឡើង​ដដែល​ៗ​ហើយ​ច្បាប់​ហាម​ខ្មែរ​ចូល​លេង​នោះ ហាក់ដូចជា​គ្រាន់តែ​ឱ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​កាស៊ីណូ​លើ​ដី​ខ្មែរ​មាន​តែ​ខ្មែរ​ចូល​លេង ។

Loading...

អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ប្រាប់​ថា នៅ​ថ្ងៃ​សៅរ៍​ទី​២៧ ខែតុលា ដែល​ជា​ថ្ងៃ​ណាត់​បញ្ជល់ធំ អ្នកលេង​មាន់​មាន​មក​ពី​ខេត្ត​ត្បូងឃ្មុំ ខេត្តកំពង់ចាម និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត ។នៅ​បរិវេណ​ខាងក្រៅ​វិញ មាន​សុទ្ធ​សឹង​ជា​ប្រភេទរថយន្ត​ទំនើប​ៗ រហូត​ដល់​ប្រភេទ​ឡិច​សុ​ី​ស​៥៧០ថ្មី​សន្លាង ។ ម្ចាស់​កាស៊ីណូ​នេះ​ត្រូវ​បាន​គេ​ស្គាល​ថា​ឈ្មោះ​ស្រ៊ុ​ន ត្រូវជា​ក្មួយ​របស់​លោក​ធំ​ម្នាក់​នៅ​ភ្នំពេញ ។

តាម​ប្រភព​ពី​អ្នកលេង​ល្បែង​បាន​ធ្លោយមាត់​ថា មាន​ពេល​ខ្លះ​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​ចាញ់​លុយ​អស់​រហូត​ដល់​ម៉ឺន​ដុល្លារ តែ​មើលទៅ​ហាក់ដូចជា​គេ​មិន​ខ្ចី​ឈឺក្បាល​ឡើយ ដោយសារ​គេ​សម្បូរ​លុយ ដែល​មិន​ដឹង​ជា​អ្នក​រកស៊ី​ឬ​បានមកពីណា​ទេ ។ អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា នៅ​ក្នុង​កាស៊ីណូ​គេ​ឃើញ​វត្តមាន​លោក​ប្រធាន​មន្ទីរ​មួយ​រូប នៅ​ខេត្ត​ត្បូងឃ្មុំ បានអង្គុយ​សំកុក​រង់ចាំ​លេងល្បែង​បញ្ជល់មាន់​ដោយ​ទឹកមុខ​ស្រស់ស្រាយ ដែល​មិនដឹង​ថា​ចាញ់​ឬ​ឈ្នះ​នោះ​ទេ ។

ប្រជាពលរដ្ឋ​និយាយ​ថា នៅ​ក្នុង​ទឹកដី​ស្រុកពញាក្រែក​នេះ កន្លង​មក​រស់នៅ​ដោយ​សុខសាន្តមិន​ដែល​មាន​បាត់​មាន់​ទា គោក្របី​ទេ តែ​ចាប់តាំងពី​មាន​កកើត​កាស៊ីណូ​ចំនួន​២​កន្លែង​នៅ​អន្លង់ជ្រៃ ឃុំ​អន្លង់​ជ្រៃ​មក មាន់​ទា​គឺ​បាត់​ហូរហែ ។ ជាក់ស្តែង​កន្លង​មកនេះ សត្វពាហនៈ​បាន​បាត់​ទាំងក្រោល តែ​ដោយ​រថយន្ត​ចោរ​ជាប់ផុង​ទៅ​មុខមិន​រួច​ក៏​នាំ​គ្នា​រត់​ប្រាស​អាយុ​បាត់​អស់ ដែល​សង្ស័យ​ក្រុម​ចោរ​ចាញ់ល្បែង​នៅ​កាស៊ីណូ​នេះ​ទេ​ដឹង?​រហូត​មក​ដល់​ពេល​នេះ អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ធុន​ធំ​ដែល​ម្ចាស់​រត់​ចោល​ក៏​បែរជា​ស្ងាត់​សូន្យ​ហាក់ដូចជា​រក​ម្ចាស់​មិនឃើញ មិនដឹង​ថា ម្ចាស់​រថយន្ត​ដែល​សន្មត​ថា​ជា​ចោរ​នោះ​ចេះ​បំបាំងកាយ​ដោយ​វិធី​ណា​ទេ ។

សូម​បញ្ជាក់​ថា កន្លង​មក​ប្រជាពលរដ្ឋ​ធ្លាប់​បាន​សំណូមពរ​ទៅ​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ឲ្យ​មានវិធានការ​ជួយ​ទប់ស្កាត់​ធ្វើ​យ៉ាងណា​មិន​ឲ្យ​ខ្មែរចូល​លេង​ល្បែ​ង្នុ​ង​កាស៊ីណូ ព្រោះ​ពួក​គាត់​ព្រួយបារម្ភ​ខ្លាច​មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឬ​អំពើ​ចោរកម្ម​កើតឡើង ។ នៅ​ល្ងាច​ថ្ងៃ​ទី​២៨ ខែតុលា ភ្នាក់ងារ​កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​ណាមួយ​ពី​លោក ស្រ៊ុ​នម្ចាស់​កាស៊ីណូ​ខាងលើ​បាន​ទេ ៕