ប្រទេស​ថៃ​ជួប​ឧបសគ្គ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន

105

ទីក្រុង​បាងកក ៖ ខណៈ​ដែល​ប្រទេស​ដទៃ​ក្នុង​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ជា​ពិសេស​ជប៉ុន កូរ៉េ និង​វៀតណាម នឹង​មើលឃើញ​ពី​ចំនួន​ភ្ញៀវ​ទេសចរ​ចិន​កើនឡើង​នៅ​ត្រីមាស​ទី​៣​នា​ឆ្នាំ​នេះ ប្រទេស​ថៃ​បែរជា​ជួបនឹង​ឧបសគ្គ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ចិន​ឲ្យ​មក​កាន់​ប្រទេស​ខ្លួន​ទៅ​វិញ ពិសេស​បន្ទាប់​ពី​ឧបទ្ទវហេតុ​លិច​ទូក​នៅ​ភូ​កេ​ត​(Phuket)​មក ។

Loading...

កាលពី​ត្រីមាស​ទី​៣ ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​អស់​២៣​ម៉ឺន​នាក់ ឬ​ធ្លាក់​ចុះ​៨,៨% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

យោង​តាម​ទិន្នន័យ​ថ្មី​ៗ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ដែល​ទៅ​កាន់​ជប៉ុន​បាន​កើនឡើង​១២,៦%​កាលពី​ខែកក្កដា និង​កើនឡើង​បាន​៤,៩%​កាលពី​ខែសីហា ខណៈ​ដែល​ចំនួន​ទៅ​កាន់​កូរ៉េ​ខាងត្បូង​បាន​កើនឡើង ៤៥,៩%​នៅ​ខែកក្កដា និង​៤០,៩%​នៅ​ខែសីហា​។ ចំណែក​ភ្ញៀវ​ទេសចរ​ចិន​ទៅ​វៀតណាម​បាន​កើនឡើង​២១,៦%​ផង​ដែរ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​នេះ ។

ទិន្នន័យ​នេះ​បង្ហាញ​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មិនមែន​ឈប់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ព្រោះតែ​ការ​អន់​ថយ​នៃ​សេដ្ឋកិច្ច​ចិន​ទេ តែ​មក​ពី​ពួក​គេ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ដទៃ ។  កំណើន​តម្លៃ​ប្រាក់​បាត ក៏​កាន់តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​ធ្ងន់ធ្ងរ​ឡើង​ដែរ ព្រោះ​ការ​ចំណាយ​ក្នុង​ប្រទេស​ថៃ​កាន់តែ​កើនឡើង​សម្រាប់​ក្រុមហ៊ុន​ទេសចរណ៍​ចិន ។

គេហទំព័រ Ctrip ដែល​ជា​គេហទំព័រ​កក់​ការ​ធ្វើ​ដំណើរ​ធំ​ជាងគេ​របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​បាន​យកឈ្នះ​ប្រទេស​ថៃ​ជា​លើក​ដំបូង និង​ក្លាយជា​ទីតាំង​ទេស​ចរណ៍​លេខ​១​ក្នុងអំឡុងពេល​បុណ្យប្រពៃណី​ជនជាតិ​ចិន​កាលពី​ពេល​ថ្មី​ៗ​នេះ ។

អាជ្ញាធរ​វិស័យ​ទេសចរណ៍​ថៃ កំពុង​តែ​ចាប់ផ្តើម​វិធានការ​សន្តិសុខ ដើម្បី​បង្កើន​ជំនឿ​ចិត្ត​ភ្ញៀវ​ទេសចរ​ចិន​ឡើង​វិញ ខណៈ​ដែល​សមាគម​ភ្នាក់ងារទេសចរណ៍​ថៃ​កំពុង​តែ​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ចេញ​វិធានការ​ដើម្បី​ទាក់ទាញ​ជនជាតិ​ចិន​មក​វិញ​ដូច​ជា មិន​យក​ថ្លៃ​ធ្វើ​ទិដ្ឋាការ​ជាដើម ។

ប្រធាន​សមាគម​ភ្នាក់ងារទេសចរណ៍​ថៃ លោក Vichit Prakobkosol បាន​និយាយ​ថា លោក​នឹង​បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​ឲ្យ​ផ្តល់​អត្ថប្រយោជន៍​ផ្នែក​ទិដ្ឋាការ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជា​ពិសេស​អ្នក​ដែល​មក​ពី​ប្រទេស​ចិន ។

លោក​សង្កត់ធ្ងន់​ថា ៖« បើ​មិន​មានការ​ផ្តល់​អត្ថប្រយោជន៍​ដែល​ទាក់ទាញ​សម្រាប់​ជន​ជាតិ​ចិន​ទេ ចំនួន​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​នេះ នឹង​បន្ត​ធ្លាក់​ចុះ​ប្រមាណ​១៥%​ក្នុង​មួយ​ខែ​ពី​ខែតុលា​ទៅ​រហូត​ដល់​បុណ្យចូលឆ្នាំ​ចិន​នៅ​ឆ្នាំក្រោយ »​។

យោង​តាម​របាយការណ៍​រួម​របស់​វិទ្យាស្ថាន China Tourism Academy និង​ក្រុមហ៊ុន​ទេសចរណ៍​Ctrip បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​គឺជា​ទីកន្លែង​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ច្រើន​ជាងគេ​លើ​ពិភពលោក ។

របាយការណ៍​នេះ​បន្ដ​ថា មាន​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ប្រមាណ​៧១,៣​លាន​នាក់​បាន​ធ្វើ​ដំណើរ​ចេញពី​ក្រុង​ចំនួន​២០០​ក្នុង​ប្រទេស​ចិន​ទៅ​កាន់​គោលដៅ​ចំនួន​១៣០​ប្រទេស​កាល​ពី​ឆមាស​ទី​១​កន្លង​មកនេះ ខ្ពស់​ជាង​ឆ្នាំ​មុន១៥%​។

ក្រសួងទេសចរណ៍ និង​កីឡា​របស់​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​ទទួលភ្ញៀវ​ទេសចរ​បាន​ប្រមាណ​១៩,៤​លាន​នាក់​កាលពី​ឆមាស​ទី​១​កន្លង​មក ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១២%​។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ ឬ​មាន​៥,៩​លាន​នាក់ និង​ច្រើន​ជាង​ឆ្នាំ​មុន​ដល់​ទៅ​២៦% ។

ក្រសួង​គិត​ថា ចំនួន​ភ្ញៀវ​ទេសចរ​ចិន​ទៅ​កាន់​ប្រទេស​ថៃ​នឹង​កើន​ដល់​១០​លាន​នាក់​ក្នុងឆ្នាំនេះ​បើ​ទោះជា​មាន​ឧបទ្ទវហេតុ​ទូក​នៅ​Phuket កាលពី​ខែកក្កដា​ដែល​បង្ក​ឲ្យ​ជនជាតិ​ចិន​ចំនួន​៤២​នាក់​បាត់បង់​ជីវិត​ពិតមែន​ក្តី ៕