កសិករ​​បង្ហាញ​ពី​កំណើន​ការ​នាំ​ចូល ក្រោយ​​ចូល​ជា​ធរមាន

114

ទីក្រុង​តូ​ក្យូ ៖ កសិករ​ក្នុង​ប្រទេស​ជប៉ុន​បាន​បង្ហាញ​ពី​កង្វល់​កាលពី​ថ្ងៃ​ពុធ​ទៅ​លើ​កំណើន​ការ​នាំ​ចូល​ដែល​នឹង​កើត​មាន​ឡើង​ព្រោះតែ​កិច្ចព្រមព្រៀង​ទូលំទូលាយ​និង​រីក​ច​ម្រី​ន​សម្រាប់​ភាព​ជា​ដៃគូ​ពាណិជ្ជកម្ម​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​(CPTPP) នឹង​ចាប់​មាន​ប្រសិទ្ធភាព​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​ខាង​មុខ​នេះ ។

Loading...

លោក Tatsumi Jedima កសិករ​នៅ​ភូមិ Sarabetsu ស្ថិត​នៅ​កោះ​Hokkaido បាន​និយាយ​ថា សមាជិក​ជា​ប្រទេស​បាន​ផ្តល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ក្នុងអំឡុងពេល​យ៉ាង​លឿន ។

លោក​បាន​បន្ត​ថា ៖« ប្រសិនបើ​ផលិតផល​សត្វ​ថោក​ៗ​ចាប់ផ្តើម​ចូល​ពី​បរទេស អតិថិជន​ប្រហែលជា​នឹង​ជ្រើស​យក​ផលិតផល​ដែល​នាំ​ចូល​ហើយ ។ ខ្ញុំ​ខ្លាច​ថា វា​យឺត​ពេល ប្រសិនបើ​រដ្ឋាភិបាល​ចេញ​វិធានការ​ឆ្លើយ​តប បន្ទាប់​ពី​ពួក​យើង​ទទួល​រង​ការ​ប៉ះពាល់​ហើយ »​។

នៅ​តំបន់ Kagoshima វិញ លោក Michio Ushidome ប្រធាន​សមាគម​កសិករ​ចិញ្ចឹម​សត្វ​ជ្រូក​ខ្មៅ​បាន​បង្ហាញ​ភាព​មិន​ជឿ​ទុកចិត្ត​ទៅ​លើ​អត្ថប្រយោជន៍​ដែល​សន្យា​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ផ្តល់​ឲ្យ ។

លោក​បាន​ឲ្យ​ដឹង​ថា ៖« កសិករ​តូច​ៗ​ដូច​ពួក​យើង​ប្រហែលជា​មិន​អាច​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​វា​ទេ »​។ លោក​បាន​បន្ថែម​ថា ៖« ពួក​យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ធានា​ថា ពួក​គេ​នឹង​ចេញ​វិធានការ​គាំទ្រ ប្រសិនបើ​អាជីវកម្ម​ចិញ្ចឹមសត្វ​ជ្រូក​ចាប់ផ្តើម​រង​ការ​ប៉ះពាល់ »​។

កសិករ​ដទៃ​ទៀត​ដែល​រួម​មាន​កសិករ​ដាំ​ស្រូវ លោក Mitsuo Ota នៅ​តំបន់​ភ្នំ Daisen ក៏​ព្រួយបារម្ភ​ពី​ការ​បន្ទាប​ពន្ធ​នាំ​ចូល​ដែរ ។ លោក Ota បាន​និយាយ​ថា ៖« វា​ជា​អ្វី​ដែល​រដ្ឋាភិបាល​បាន​សម្រេច​ដោយ​យោង​តាម​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាំងអស់​របស់​ប្រទេស ។ មិន​ថា កសិករ​ដូច​ពួក​យើង​ប្រឆាំង​ប៉ុនណា​ឡើយ ពួក​យើង​នៅ​តែ​ត្រូវធ្វើ​តាម​ការ​សម្រេចចិត្ត​នេះ »​។

ផ្ទុយ​មក​វិញ វិស័យ​អាជីវកម្ម​បែរជា​ស្វាគមន៍​ការ​ចូល​ជា​ធរមាន​របស់​កិច្ចព្រមព្រៀង​ខាង​លើ​។ លោក Hiroaki Nakanishi ប្រធាន​សហព័ន្ធ​អាជីវកម្ម​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ៖« វា​ជា​ការ​សម្រេច​ជោគជ័យ​ដ៏​ធំ​មួយ ។ ពួក​យើង​ដែល​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ពិតជា​ស្វាគមន៍​ការ​សម្រេចចិត្ត​នេះ​ណាស់ »៕