លើក​នេះ​វ៉ា​ន់ នី​ឡា រំពឹង​អតីត​គូស្នេហ៍គេច​មិន​ផុត​ពី​ជាប់​ទោស

112

រាជធានី​ភ្នំពេញ​៖ ខណៈ​សាលាឧទ្ធរណ៍​បន្ត​ឲ្យ​ឈ្នះក្តី តារាចម្រៀង​កញ្ញា​វ៉ា​ន់ នី​ឡា បាន​ទទូច​ជា​ថ្មី​ទាមទារ​យុត្តិធម៌​ពេញលេញ គឺ​អនុវត្ត​ទោស​ទៅ​លើ​លោក​គុយ សិទ្ធិ​ស័ក អតីត​គូស្នេហ៍​របស់​នាង ។

Loading...

ក្រោយ​ពី​ការ​ប្រកាស​សាលដីកា​ពី​សាលាឧទ្ធរណ៍ វ៉ា​ន៉ នី​ឡា បាន​សម្តែង​ក្តី​សប្បាយ​រីក​រាយ និង​បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​កថា «​ក្រោយ​ពី​សាលាដំបូង​ចេញ​សាលក្រម​ឲ្យ​សង​សំណង និង​ជាប់​ទោស ជន​ត្រូវ​ចោទ​បាន​ប្តឹង​ទាស់​មក​សាលាឧទ្ធរណ៍ ហើយ​សាលា​ឧទ្ធរណ៍​បាន​កោះហៅ​ជន​ត្រូវ​ចោទ​គុយ សិទ្ធិ​ស័ក មិន​បាន​ចូលខ្លួន​ទេ មាន​តែ​មេធាវី​គេ មក​ចូលរួម​ហើយ​ប្រាប់​ថា​ជន​ត្រូវ​ចោទ​នោះ​រវល់ ។ រហូត​ថ្ងៃនេះ​ថ្ងៃ​៣១ តុលា ២០១៨ សាលាឧទ្ធរណ៍​បាន​ជំទាស់​ការ​ប្តឹង​ទាស់​របស់​ជនជាប់ចោទ ។

ខ្ញុំ​សូម​អរគុណ​ដល់​សាលាឧទ្ធរណ៍​ដែល​ផ្តល់​យុ​ត្តិ​ធ៌​ម និង​កិត្តិយស​ដល់​រូប​នាង​ខ្ញុំ ដោយ​បដិសេធ​ការ​ប្តឹង​ទាស់ ។ តទៅ​នេះ​ខ្ញុំ​រង់ចាំ​មើល​ពី​នីតិវិធី​តទៅ​ទៀត តើ​គេ​អាច​ប្តឹង​ដល់​កំពូល​ទៀត​ទេ ? ការ​រង់ចាំ​ចំណាត់​របស់​តុលាការ​នោះ​មាន​រយៈពេល​ច្រើន​ខែ​ឆ្នាំ​ហើយ ខ្ញុំ​ពិត​ជាង​ចង់បាន​យុ​ត្តិ​ធ៌​ម​ពេញលេញ ឆាប់​ៗ​ណាស់ ។ ខ្ញុំ​ជឿ​ថា​ទោះបី​គេ​មាន​ខ្នង មាន​ខ្សែ​មេ​គុ​គ មាន​គ្នា​សុទ្ធតែ​ខាង​អ្នក​ច្បាប់ អ្នក​ចាប់ចង ពី​ចំហាយ​ឪពុក​របស់​គេ ក៏​គេ​មិន​អាច​គេច​ផុត​ពី​ច្បាប់​បាន​ដែរ ច្បាប់​នឹង​ផ្តល់​យុត្តិធម៌​ដល់​នាង​ខ្ញុំ​ដើម្បី​កុំ​ឲ្យ​ជនជាប់ចោទ​គុយ សិទ្ធិ​ស័ក នោះ​រួចខ្លួន​ឲ្យ​សោះ កុំ​ឲ្យ​ជន​ប្រព្រឹត្តិ​ល្មើស នៅ​តែ​ដើរ​រីករាយ​ក្រៅ​គុក​ដូច​សព្វ​ថ្ងៃនេះ »​។

នៅ​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨​ចៅក្រម​ជំនុំជម្រះ​សាលាឧទ្ធរណ៍​លោកប៉ា​ក ច័ន្ទ​សំបូរ ប្រកាស​សាលដីកា​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុកជា​បានការ​ដដែល លើ​សំណុំរឿង​ជនជាប់ចោទ​គុយ សិទ្ធិ​សក្តិ ជាម​ន្ដ្រី​នគរបាល​ក្រសួងមហាផ្ទៃ រឿង​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​ចេតនា និង​ចែកចាយ​រូបភាព​អាស​អាភាស​របស់​តារាចម្រៀង​វ័យក្មេង​កញ្ញា​សុខ ចិន្ដា ហៅ​វ៉ា​ន់ នី​ឡា ដែល​ជា​អតីត​សង្សារ​របស់​ខ្លួន ។

លោក​គុយ សិទ្ធិ​សក្តិ ត្រូវ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​បទ​ចែកចាយ​រូបភាព​អាសអាភាស​តាម​មាត្រា​២១៧ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា​៣៨ និង​មាត្រា​៣៩ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៦ ។

ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ខែសីហា​ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​ហើយ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​គុយ​សិទ្ធិ​សក្តិ ដាក់​ពន្ធនាគារ​១​ឆ្នាំ និង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្ដឹង​កញ្ញា​សុខ ចិន្ដា ហៅ​វ៉ា​ន់ នី​ឡា ចំនួន​២០០​លាន​រៀល ក្នុង​ពេល​ចៅក្រម​ក៏​បាន​បើកផ្លូវ​ឲ្យ​ជនជាប់ចោទ​ប្តឹង​ឧទ្ធរណ៍​តាម​កំណត់​ច្បាប់ ៕