គម្រោង​វិនិយោគ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​ជាប់​គាំង

182

ខេត្តកំពត ៖​អភិបាលខេត្ត​កំពត​បាន​ជម្រុញ​ឲ្យ​អាជ្ញាធរ និង​មន្ត្រី​ពាក់ព័ន្ធ​នានា​ព​ន្លឿ​ន​ការ​ស្នើ​សុំ​អភិវឌ្ឍ​ភ្នំ​កំពង់ត្រាច​របស់​វិនិយោគិន ឱ្យ​ដំណើរការ​ឆាប់រហ័ស ដើម្បី​ឲ្យ​ក្លាយជា​រមណីយដ្ឋាន​ល្អ​ប្រណីត និង​មាន​ភាព​មនោ​រម្យ​បំផុត​។  ភ្នំ​កំពង់ត្រាច ស្ថិត​នៅ​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ។

Loading...

ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​គម្រោង​អភិវឌ្ឍ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច រវាង​ភាគី​ក្រុម​ហ៊ុន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា កាលពី​ពេល ថ្មី​ៗ​កន្លង​មក លោក​ជាវ តា​យ អភិ​បាលខេត្ត​កំពត​បាន​មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​រមណីយដ្ឋាន​ភ្នំ​កំពង់ត្រាច​គឺជា​ចំណែក​មួយ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការ​កៀរគរ​អ្នកទេសចរ​ឱ្យ​ចាប់អារម្មណ៍​ទៅ​កម្សាន្ត​កាន់តែ​ច្រើន​ឡើង ។ កំណើន​នៃ​លំហូរ​ភ្ញៀវ​ដែល​កើតមក​ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​មន្ត្រី​អាជ្ញាធរ ក៏​ដូច​ជា​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​នឹង​បានជា​ប្រយោជន៍​ដល់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន​តាម​រយៈ​ការ​លក់ដូរ​ផលិតផល​នានា​នៅ​ទីតាំង​ផ្ទាល់​តែ​ម្តង ។

លោក​អភិបាលខេត្ត​ថ្លែង​ថា «​រដ្ឋបាល​ខេត្ត មានចិត្ត​ចង់បាន និង​យកចិត្តទុកដាក់​ជំរុញ​យ៉ាងណា​ឱ្យ​ការ​ស្នើ​សុំ​វិនិយោគ​ភ្នំ​កំពង់ត្រាច​ជា​រមណីយដ្ឋាន​ទេសចរណ៍​លេច​ចេញ​រូបរាង​ឡើង ។ ដោយឡែក​រដ្ឋបាល​ខេត្ត​ក៏​ចាំបាច់​ត្រូវ​តែ​ស្នើ​សុំ​ទៅ​ក្រសួង​រ៉ែ និង​ថាមពល ព្រមទាំង​ក្រសួងបរិស្ថាន​ដោយ​ត្រង់​តែ​ម្តង ដើម្បី​ធ្វើ​កិច្ច​ការងារ​ឱ្យ​ជ្រះស្រឡះ ព្រោះ​គម្រោង​មួយ​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​៧​ឆ្នាំ​មក​ហើយ ។ កន្លែង​ណា​ប៉ះ កន្លែង​ណា​យ៉ាងម៉េច ត្រូវ​តែ​សម្របសម្រួល​ឱ្យ​ដើរ​ស្របគ្នា ។ រដ្ឋបាល​ខេត្ត​ពុំ​មាន​មហិច្ឆតា​ណា​ធ្វើ​មួយ បំផ្លាញ​មួយ​ទេ »​។

លោក​ជាវ តា​យ បាន​ជំរុញ​ឲ្យ​មន្ត្រី​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​ទាំងឡាយ​ត្រូវ​ទៅ​មើល​ទីតាំង​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​ប្រាកដ​ថា ការ​វិនិយោគ​នេះ​ពិតជា​មិន​មាន​ករណី​រំលោភ​បំពាន​យក​ដី​ពី​ប្រជាពលរដ្ឋ​ទេ ។

តំបន់​ភ្នំ​បាក់ ឬ​ភ្នំ​កំពង់ត្រាច មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ត្រូវ​ក្រុមហ៊ុន​សាម​មិ​ថប អ៊ិ​ន​ថឺ​ណេ​សិន​ណ​ល (Summitop International Co..Ltd) របស់​លោកស្រី​ប្លុង សុ​ផា​ន់​ឌី សុំ​វិនិយោគ​ដោយ​អភិវឌ្ឍ​ជា​រមណីយដ្ឋាន​ទេសចរណ៍ លើ​ទំហំ​ផ្ទៃដី​៥០​ហិ​កតា ៕