អស់ទាំង​លុយ អស់ទាំង​ជីវិត​ប្តី​…​ក្រោម​ស្នាដៃ​លោក​ចោរ !

123

​រាជធានី​ភ្នំពេញ ៖ បុរស​ជន​រង​គ្រោះជា​អ្នកលក់​ផ្កា​នៅ​ៗ​ម្តុំ​មុខ​វាំង​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ខណៈ​ដែល​ជិះ​ម៉ូតូឌុប​ប្រពន្ធ​ទៅ​យក​ផ្កា​ហើយ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​មាន​គ្នា​ពី​៣​ទៅ​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង មក​ធ្វើ​សកម្មភាព​ឆក់​កាបូប​ហើយ​នាំ​គ្នា​ជិះ​ដេញ​តាម និង​ត្រូវ​បាន​ពួក​គេ​ធាក់​បណ្តាល​ឱ្យ​ដួល​ខ្ទាត​ទៅ​បោក​ក្បាល​នឹង​ផើងផ្កា​ស្លាប់​ភ្លាម​ៗ​នោះ ។ ហេតុការណ៍​នេះ​កើតឡើង​ម៉ោង​៥​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​២៩៤ កែង​នឹង​មហាវិថី​ព្រះ​នរោត្តម ក្នុង​សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​

Loading...

​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា បុរស​ជា​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ច​យ អាង អាយុ​៣៦​ឆ្នាំ មុខរបរ​លក់​ផ្កា មានស្រុក​កំណើត​នៅ​ភូមិ​ជ្រៃ ឃុំ​រាប ស្រុក​ពាម​រាំង ខេត្តព្រៃវែង និង​ប្រពន្ធ​មានឈ្មោះ សឿ​ន ស៊ី​ម អាយុ​៣៣​ឆ្នាំ មុខរបរ​លក់​ផ្កា​នៅ​មុខ​ព្រះ​បរមរាជវាំង ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។​

​មុន​កើតហេតុ​បុរស​ជា​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1BF-4859 មួយ​គ្រឿង​ឌុ​ប​ប្រពន្ធ​ចេញពីផ្ទះ​ម្តុំ​ផ្សារ​ដើម​ថ្កូវ​ក្នុង​បំណង​ទៅ​ទិញ​ផ្កា​ពី​គេ​នៅ​មុខ​វាំង​ដើម្បី​យក​លក់ ។​

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា លុះ​ពី​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​ដល់​ផ្លូវ​ព្រះ​សីហ​នុ ខាងកើត​សួនច្បារ​វិមាន​ឯករាជ្យ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​៣​ទៅ​៤​នាក់​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ជិះ​ម៉ូតូ​មក​ឆក់​កាបូប​លុយ​ពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​អង្គុយ​ខាងក្រោយ​បាន​ហើយ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​តែ​ម្តង ។​

​ភ្លាម​នោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ក្រុម​ចោរ​ទាំងនោះ លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​ស្រាប់តែ​ក្រុម​ចោរឆក់​ទាំងនោះ​បាន​ធាក់​ម៉ូតូ​របស់​ពួក​គាត់​បណ្តាល​អោយ​ដួល​ខ្ទាត​បុរស​ជា​ប្តី​ទៅ​បោក​ក្បាល​ជាមួយនឹង​ផើងផ្កា​មួយ​ដែល​នៅ​ក្បែរ​នោះ​បែកក្បាល​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ចំណែកឯ​ស្ត្រី​ជា​ប្រពន្ធ​រង​របួសស្រាល​ផង​ដែរ ។​

​តាម​ការ​បញ្ជាក់​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ប្រាប់​ថា នៅ​ក្នុង​កាបូប​របស់​គាត់​នោះ​មាន​លុយ​ចំនួន​ជាង ៣០០​ដុល្លារ ត្រូវ​បាន​ក្រុម​ចោរ​យក​ទៅ​បាត់​អស់ ហើយ​ប្តី​របស់​គាត់​ក៏​ស្លាប់​បាត់​ទៀត ។ ក្រោយ​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ ទើប​ប្រគល់​សាកសព​បុរស​រង​គ្រោះ​ទៅ​អោយ​ក្រុម​គ្រួសារ ដឹក​យក​ទៅ​កាន់​ស្រុក​កំណើត​ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី ។​

​កម្លាំង​សមត្ថកិច្ច​ក៏​កំពុង​តែ​ដុត​ដៃជើង និង​ធ្វើការ​ស្រាវជ្រាវ​តាម​រក​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ជា​ចោរឆក់​ទាំងនោះ​ដើម្បី​យក​មក​ធ្វើការ​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត​ផង​ដែរ ៕