ទីបំផុត​ក្តី​ស្រ​ម៉ៃ ង៉ែត វុ​ធ នៅ​តែ​មិន​អាច​ទៅ​បាន​នោះ​ទេ

160

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ក្ដី​ស្រ​ម៉ៃ​របស់​កីឡាករ​វ័យក្មេង​ជើង​ខ្លាំង ង៉ែត វុ​ធ មិន​អាច​ធ្វើ​ទៅ​បាន​នោះ​ទេ ដោយសារ​តែ​ពេល​គេ​បើក​ការ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ទៀត គឺ អេ រ​ដ្ឋា គេ​មិន​អាច​ទៅ​រួច​នោះ​ទេ បើ​ទោះជា​ការ​ប្រកួត​របស់​គេ​ត្រូវ​អ្នកគាំទ្រ​កត់​សម្គាល់ថា ខ្លាំង​មិនធម្មតា​។ នេះ​ជា​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​៣២​នាក់ យក​១៦​នាក់ ដើម្បី​បោះ​ជំហាន​ទៅ​ប្រជែង​យក​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ដែល​ជា​ការ​ប្រកួត​រដូវ​កាល​ទី​៤​របស់​ប៉ុស្ដិ៍​លេខ​៥​។

Loading...

កីឡាករ ង៉ែត វុ​ធ បង្គោល​ក្រហម បាន​បង្ហាញ​អារម្មណ៍​សោកស្ដាយ​មិន​តិច​នោះ​ទេ បន្ទាប់​ពី​បាន​ចំណាយពេល​វាយ​សម្រុក​គូប្រកួត ពេញ​រយៈពេល​៥​ទឹក ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​មិន​អាច​ទៅ​រួច ដែល​មាន​ន័យ​ថា បំណង​ដែល​គេ​ចង់បាន​តាំងពី​មុន​បើក​ការ​ប្រកួត​មិន​អាច​ទៅ​រួច​។

យ៉ាងណាមិញ កីឡាក​រូប​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​សារ​តែ​គេ​ប្រកួត​បាន​ល្អ ហើយ​មិន​បាន​លាក់​ដៃ​លាក់​ស្នៀត​សូ​ម្បី​តែ​បន្តិច​នោះ​ទេ ដោយ​បាន​ទាំង​ធ្វើ​ឱ្យ​ម្នាក់​ៗ​ពេញចិត្ត​នោះ​ផង​។ លទ្ធផល​ដែល​គេ​ហាលអាវ គឺ​ដោយសារ​តែ​គេ​ភ្លាត់​ឱ្យ​កីឡាករ អេ រ​ដ្ឋា វ័ធ​ត្រូវ​មួយ​ដៃ ហើយ​បណ្ដាល​ឱ្យ​បែក​លើ​ផ្ទៃមុខ​ប៉ុណ្ណោះ ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​កីឡាករ​រូប​នេះ ស្ទុះ​វាយ​ចេញ​ល្អ ដោយ​បាន​ទាំង​វាយ​កែង​ឱ្យ​កីឡាករ​ជា​គូប្រកួត ទ័លច្រក​ម្ដង​ជា​ពីរ​ដងនោះ​ផង​។

ង៉ែត វុ​ធ និយាយ​ថា លោក​មាន​អារម្មណ៍​ខកបំណង​យ៉ាង​ខ្លាំង ដែល​ការ​ប្រកួត​ទាំងស្រុង​ធ្វើ​ឱ្យ​លោក​ក្លាយជា​អ្នក​បរាជ័យ ទាំង​លោក​ប្រឹងប្រែង​ហ្វឹកហាត់​អស់ពី​សមត្ថភាព​ទៅ​ហើយ​។

ទោះជា​កីឡាករ អេ រ​ដ្ឋា ធ្លាប់​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍​ជម្រើស​ជើងឯក​នេះ​មុន​ខ្លួន តែ​លោក​​មិន​ដែល​ខ្លាច​ការ​ប្រកួត​នៅ​ពេល​ប៉ះ​គ្នា​នោះ​ទេ ដោយ​លោក​បាន​ទាំង​រំពឹង​ថា​នឹង​ស៊ី​រៀមច្បង​បង្គោល​នោះ​ផង ទើប​លោក​មាន​អារម្មណ៍​ពិបាក​ទទួលយក​ដែល​លោក​ប្រឹងប្រែង​ហ្វឹកហាត់​ច្រើន​ថ្ងៃ​មក​ហើយ នៅ​តែ​មិន​អាច​ឆ្លង​ផង​ការ​ប្រកួត ហើយ​ធ្លាក់​ហាលអាវ​ទាំង​មិន​អស់ចិត្ត​។

យ៉ាងណាមិញ លោក​មិន​មានឱកាស​សងសឹក​នោះ​ទេ ដោយសារ​តែ អេ រ​ដ្ឋា បាន​ក្លាយ​ជា​បេក្ខភាព​បន្ត​ទៅ​កាន់​វគ្គ​១៦​នាក់ ហើយ​ង៉ែត វុ​ធ បាន​ត្រឹមតែ​ឈរ​មើល​ជើង​ខ្លាំង​ៗ​បន្ត​ប្រកួត​គ្នា ព្រោះតែ​លែង​មានឱកាស​ឡើង​ប្រកួត​ជម្រើស​យក​ជើងឯក​៕