ពិភពលោក​ឱ្យនាម​ពុទ្ធសាសនា​ថា​ជា​សាសនា​សាន្តត្រាណ

134

ងារ​ជា​សាសនា​សន្តិភាព សាសនា​និយម​សេចក្តី​ស្ងប់ សាសនា​សាន្តត្រាណ សាសនា​និព្វាន និង​ជា​សាសនា​ដែល​មិន​និយម​ប្រើ​ហិង្សា ទាំង​អស់នេះ​ជា​កិត្តិនាម​ដ៏​ស័ក្តិសម​បំផុត​ចំពោះ​សាសនា​មួយ​នេះ​តាម​រយៈ​ការ​ពន្យល់ បង្ហាត់ បង្ហាញ​ដល់​សព្វ​សត្វ​ទាក់ទង​នឹង​អហិង្សា ហើយ​គេ​ក៏​មិន​ដែល​ឃើញ​សង្គ្រាម​កើតឡើង ព្រោះតែ​ពុទ្ធសាសនា​ដែរ ។

Loading...

ដូច​នៅ​ក្នុង​គម្ពីរ​ធម្មបទដ្ឋកថា​ត្រង់​ចំណុច​មួយ​ដែល​មាន​និយាយ​ពី​ដំណើរ​របស់​ព្រះ​អង្គ​ដែល​លោក​និមន្ត​ទៅ​ចរចា​យ៉ាង​ពិសេស​ជាមួយ​ញាតិ​របស់​ព្រះ​អង្គ រឿង​ចែក​ទឹក​ធ្វើស្រែ​មិន​ត្រូវ​គ្នា​។ ខណៈនោះ​បើ ព្រះ​អង្គ​ទៅ​យឺត​ពេល​តែ​បន្តិច​សង្គ្រាម​រវាង​ញាតិ​ទាំង​ពីរ​ពួក​នឹង​ត្រូវ​ផ្ទុះ​ឡើង​កាប់​ប្រហារ​បង្ហូរឈាម​គ្នា​ក្លាយជា​ស្ទឹង​បាត់​ទៅ​ហើយ​។ ពេល​និមន្ត​ទៅ​ដល់ ព្រះ​អង្គ​គង់នៅ​ចំ​កណ្តាល​នៃ​ញាតិ​ទាំង​ពីរ​ពួក​ហើយ​ទេសនា​អប់រំ បង្ហាញ​ពី​ទោស​នៃ​ការ​ប្រើ​ហិង្សា បង្ហាញ​ពី​ផល​នៃ​អហិង្សា រួម​នឹង​តម្លៃ​នៃ​មនុស្សជាតិ​ដូច​ត្រង់​ឃ្លា​មួយ​ព្រះ​អង្គ​សួរ​ថា តើ​តម្លៃ​ទឹក​ដែល​អ្នក​ទាំងឡាយ​កំពុង​ឈ្លោះ​ដណ្តើម​គ្នា​នេះ និង​តម្លៃ​ក្សត្រ មួយ​ណា​ថ្លៃ​ជាង?  រហូត​ដល់​មនុស្ស​ទាំង​ពីរ​ពួក​ស្តាប់​បាន ហើយ​បោះ​អាវុធ​ចោល រួច​ក៏​ឈប់​ធ្វើសង្គ្រាម បំបែក​គ្នា​ចេញ​អស់​ទៅ ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ ព្រះ​អង្គ​បាន​ទូន្មាន​ដល់​ភិក្ខុ​ទាំងឡាយ​ថា បើ​មាន​គេ​ត្មះតិះដៀល​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ភិក្ខុ​មិន​គប្បី​ក្រោធ​ខឹង​តបត​អ្វី​ទេ តែ​គួរ​ពន្យល់​ដោះស្រាយ​បង្ហាញ​ឱ្យ​ឃើញ​ការ​ពិត ឱ្យ​គេ​ទទួលស្គាល់​ការ​ពិត​ដើម្បី​រម្ងាប់​ពាក្យ​ចចាមអារ៉ាម​ទៅ​បាន​ហើយ ។

ព្រះ​បរម​សាស្តា​ក៏​បាន​សម្តែង​អំពី​ការ​ឈ្នះ​ចាញ់​ជា​ការ​ឥតប្រយោជន៍ បើ​គេ​ក្រោធ​ដោយ​ការ​មិន​ក្រោធ​តបត​វិញ ឬ​ពៀរ​រមែង​រម្ងាប់​ដោយ​ការ​មិន​ចងពៀរ​ជាដើម​។ ទាំង​អស់នេះ​សុទ្ធតែ​ជា​ទ្រឹស្តី​ដែល​នាំ​ឱ្យ​បាន​សុខ សន្តិភាព​នៅ​ក្នុង​សង្គមមនុស្ស ដែល​លោក​បញ្ជាក់​ថា អហិង្សា​ជា​គំនិត​ចម្បង​នៅ​ក្នុង​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា ។