ហេតុផល​ដែល​វិនិយោគិន​ចិន​នៅ​តែ​បន្ដ​វិនិយោគ​អចលនទ្រព្យ​នៅ​កម្ពុជា

107

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​រយៈពេល​ប្រមាណ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ លំហូរ​វិនិយោគិន​ចិន​ចូល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ ដោយសារ​តែ​គោ​លន​យោ​យ​បាយ​បើកចំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូច​ជា ជនបរទេស​អាច​មាន​សិទ្ធិ​បើក​ក្រុម​ហ៊ុន​រកស៊ី ដោយ​មិន​ចាំបាច់​មានការ​សហការ​ជាមួយ​អ្នក​ក្នុងស្រុក និង​មាន​សិទ្ធិ​ទិញ​ខុន​ដូ​ចាប់ពី​ជាន់​ទី​១​ទៅ​ជាដើម ។ ក្រៅពី​នេះ នៅ​មាន​កត្តា​ច្រើន​ទៀត ដែល​វិនិយោគិន​ចិន​បាន​សម្រុក​មក​កាន់​កម្ពុជា ហើយ​ហេតុផល​មួយ​ដែល​លេចធ្លោ​នោះ​គឺ​តម្លៃ​អចលន​ទ្រព្យ​​នៅ​ចិន​កើនឡើង​ខ្ពស់​ខ្លាំង ជាក់ស្ដែង​គ្រាន់តែ​ផ្ទះ​១​ល្វែង​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ឯណោះ ។

Loading...

បើ​តាម​មគ្គុទេសក៍​ទេសចរណ៍​ជនជាតិ​ចិន​ប្រចាំ​នៅ​ទីក្រុង​ស៊ិ​ន​ជិន ខេត្ត​ក្វា​ង​ទុង បាន​និយាយ​ថា ការ​អភិវឌ្ឍ​ទីក្រុង​ស៊ិ​ន​ជិន​នៅ​ក្នុង​រយៈពេល​ប្រមាណ​ជាង​២០​ឆ្នាំ​នេះ មាន​កំណើន​ឡើង​ខ្ពស់​លើស​ពី​ការ​រំពឹង​ទុក ។ តម្លៃ​ដី​នៅ​ក្នុង​ទីក្រុង​អភិវឌ្ឍន៍​មួយ​នេះ បាន​កើនឡើង​ដល់​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ម៉ែត្រការ៉េ ។ ជាក់ស្ដែង គ្រាន់តែ​ដីស្រែ​របស់​កសិករ អាច​មាន​តម្លៃ​ដល់​២​ម៉ឺន​ដុល្លារ និង​ខ្លះ​ទៀត​រហូត​ដល់​៣​ម៉ឺន​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ។

មគ្គុទេសក៍​រូប​នេះ​បាន​បន្ត​ថា គ្រាន់តែ​តម្លៃ​ខុន​ដូ​១​យី​នី​ត វា​មាន​តម្លៃ​ដល់​ជាង​១​លាន​ដុល្លារ ហើយ​ជា​ប្រភេទ​ខុន​ដូ​ធម្មតា​ៗ​ប៉ុណ្ណោះ ចំពោះ​ខុន​ដូរ​ដែល​ល្អ​ជាង​នេះ អាច​មាន​តម្លៃលើស​នេះ​ទៅ​ទៀត ។ ដូច្នេះ​ហើយ បាន​ប្រជាជន​ដែល​ជា​អ្នក​ចំណូល​ថ្មី​លែង​មាន​គំនិត​ចង់​ទិញ​ផ្ទះ និង​រស់នៅ​ទីក្រុង​មួយ​នោះ​ទៀត​ហើយ ។ តម្លៃ​អចលនទ្រព្យ​កើនឡើង​នៅ​ប្រទេស​ចិន​នេះ​ក៏​ជា​កត្តា​មួយ​ដែល​ជំរុញ​ឲ្យ​វិនិយោគិន​ងាក​ទៅ​រក​ប្រទេស​ណា​ដែល​មាន​តម្លៃ​អចលនទ្រព្យ​នៅ​មាន​កម្រិត ។

ចំណែក​តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​វិញ បើ​ទោះបីជា​បាន​កើនឡើង​ពិតមែន តែ​ក៏​នៅ​មាន​វិសាលភាព​ក្នុង​ការ​បណ្ដាក់ទុន​វិ​ន​យោគ​បាន​ដែរ ។ មិនតែប៉ុណ្ណោះ សក្ដានុពល​នៃ​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា ក៏​នៅ​មាន​ភាព​ទូលំទូលាយ​ច្រើន​ដែរ ។

បើ​តាម​លោក ឈី​វ គួរ​ស៊ី​ង វិនិយោគិន​ចិន​ដែល​បាន​បោះទុន​វិនិយោគ​នៅ​កម្ពុជា​ក្នុង​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​មក​ហើយ​នោះ បាន​និយាយ​ថា ការ​មក​វិនិយោគ​របស់​ខ្លួន ដោយ​សារ​តែ​គោលនយោបាយ «​ខ្សែក្រវាត់ មួយ​ផ្លូវ​មួយ » របស់​រាជរដ្ឋាភិបាល​ចិន សហ​ការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ។

លោក​បន្ត​ថា ការ​សម្រេច​បោះទុន​វិនិយោគ​លើ​គម្រោង​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា​នេះ​គឺ​ដោយសារ​លោក​បាន​មើលឃើញ​ពី​ការ​រីក​ចម្រើន​យ៉ាង​លឿន​នៃ​កំណើត​សេដ្ឋកិច្ច​របស់​កម្ពុជា ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ ដោយ​ក្នុង​នោះ វិស័យ​សំណង់​បាន​និង​កំពុង​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​វិស័យ​នេះ ក៏​កំពុង​ទាម​ទារ​ឲ្យ​មានការ​បំពេញបន្ថែម​ឲ្យ​បាន​ច្រើន​ផង​ដែរ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ ។

គួរ​បញ្ជាក់​ថា វិនិយោគិន​ចិន​ធំ​ៗ​មួយ​ចំនួន​ទៀត​ក៏​បាន​មក​ដល់​ប្រទេស​កម្ពុជា និង​កំពុង​ស្វែង​រក​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ប៉ុន្តែ​ពួក​គេ​ទាំងនោះ បាន​ងាក​ទៅ​រក​ការ​វិនិ​យោគ​នៅ​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពត​វិញ ដែល​ជា​ខេត្ត​ជាប់មាត់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា និង​បាន​ធ្វើ​ឲ្យ​តម្លៃ​ដីធ្លី​នៅ​តំបន់​នោះ​បាន​កើនឡើង​ខ្ពស់​គុណ​ជា​ពីរ​ជា​បី​ផង
ដែរ ៕