ប្តឹង​មេ​ភូមិបាល​ស្រុក​ផ្អឹប​ ឯកសារ​ចោល​4​ខែ​… ធ្លាយ​រឿង​លក់​ដី​ព្រៃកោងកាង (មាន​វីដេអូ)

166

ខេត្តកោះកុង ៖ កាលពី​រសៀល​ទី​៣០ តុលា មាន​តំណាង​ប្រជាពលរដ្ឋ​ចំនួន​១៧​គ្រួសារ រស់នៅ​ភូមិ​ភ្នំ​ស្រឡៅ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល បាន​ចូល​មក​ដាក់​ពាក្យបណ្តឹង​នៅ​សាលាខេត្ត​ដោយ​បាន​ចោទ​ចំ​ទៅ​លើ​ឈ្មោះ ជា នាង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុក​ថា បាន​ផ្អឹប​ឯកសារ​សុំ​ផ្ទេរសិទ្ធិ​លក់​ដី​របស់​ពួក​គាត់​ជិត​៤​ខែ​ហើយ មិនដឹង​ថា​មូល​ហេតុ​អី បានជា​លោក​ប្រធាន​រូប​នេះ​មិន​ព្រម​ស៊ី​ញ៉េ​យល់ព្រម​សោះ ។

Loading...

អ្នក​តវ៉ា​បាន​ប្រាប់​កោះសន្តិភាព​ទៀត​ថា ប៉ុន្តែ​នៅ​កន្លែង​ខ្លះ​គាត់​ស៊ី​ញ៉េ​លឿន​ណាស់​ដែល​​បញ្ជាក់​ថា ខ្លះ​ស៊ី​ញ៉េ​ឲ្យ ខ្លះ​ទៀត​អត់​ស៊ី​ញ៉េ​ទេ ផ្អឹប​ទុក​ចោល​រាប់​ខែ ។ ដោយសារ​តែ​ទ​ង្វើ​មិន​ប្រក្រតី​នេះ​ហើយ ទើប​អ្នក​ភូមិ​លើកគ្នា​មក​ដល់​សាលាខេត្ត​កោះកុង ដើម្បី​សុំ​ឲ្យ​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​លោក ជា នាង ប្រព្រឹត្ត​បែប​នេះ​ទៀត ។

យោង​តាម​លិខិត​សុំ​ជួយ​អន្តរាគមន៍​ដែល​ដាក់​ចូល​សាលាខេត្ត​ចែង​ថា យើងខ្ញុំ​ជា​ប្រជា​ពលរដ្ឋ​ចំនួន​១៧​គ្រួសារ ដូច​មាន​ក្នុង​តារាង​រាយ​នាម និង​ស្នាម​មេដៃ​ភ្ជាប់​មក​ជាមួយ ។ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ភ្នំ​ស្រឡៅ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង សូម​លោក​ជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កោះកុង សូម​ជួយ​អន្តរាគមន៍​ចំពោះ​ការ​ស្នើ​សុំ​ផ្ទេរសិទ្ធិ​លក់​ដីស្រែ​ដែល​ត្រូវ​បាន​លោក ជា នាង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុកស្រែ​អំបិល បង្កក​ទុក​អស់​រយៈពេល​ជិត​៤​ខែ​មក​ហើយ ។

បន្ទាប់​ពី​កោះសន្តិភាព​បាន​ចុះ​ផ្សាយ​មួយ​ឈុត​កន្លង​មក តាម​ខ្លឹមសារ​ពាក្យបណ្តឹង​របស់​ប្រជា ពលរដ្ឋ​១៧​គ្រួសារ រស់នៅ​ភូមិ​ភ្នំ​ស្រឡៅ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល​ចូល​មក​​សាលាខេត្ត​កោះកុង ចោទ​លោក ជា នាង ប្រធាន​ការិយាល័យ​ភូមិបាល​ស្រុកស្រែ​អំបិល ថា​បាន​ផ្អឹប​ឯកសារ​សុំ​លក់​ដីស្រែ​របស់​ពួក​គាត់​ចំនួន​៣៥​ហិ​កតា អស់​ជា​ច្រើន​ខែ​រួច​​មក រឿងអាស្រូវ​ជា​ច្រើន​របស់​លោក ជា នាង ត្រូវ​បាន​ផ្ទុះ​ឡើង​ពី​គ្រប់​មជ្ឈដ្ឋាន​ទាំង​ប្រជាពលរដ្ឋ មន្ត្រីរាជការ ក៏​ដូច​ជា​ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា​ជា​ច្រើន ។

ប៉ុន្តែ​ដោយឡែក មាន​តែ​លោក​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ខេត្ត​ម្នាក់​គត់ ដែល​អត់​បានដឹង​រឿងអាស្រូវ​របស់​មន្ត្រី​ក្រោម​ឱវាទ​រូប​នេះ ។

រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា លោក រស់ វី​រ៉ា​វុ​ឌ្ព្យ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ជំនួស​លោក ជា នាង ថា ហេតុ​ដែល​ផ្អឹប​ឯកសារ​ទុក​ច្រើន​​ខែ​នោះ​មក​ពី​គាត់​មិន​ហ៊ាន​សំរេច ហើយ​ឥឡូវ​រូប​គាត់​បាន​នឹង​កំពុង​បញ្ជា​ឲ្យ​លោក ជា នាង ធ្វើ​របាយការណ៍​ជា​លាយលក្ខណ៍អក្សរ​អំពី​មូលហេតុ​ផ្អឹប​ឯកសារ​នោះ​បញ្ជូន​មក ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ជា​បន្ទាន់ ។

ចំណែក​ពលរដ្ឋ​ម្ចាស់​ដី​ជា​ច្រើន​នាក់​បាន​ទំលាយ​រឿងអាស្រូវ​របស់​លោក ជា នាង ថា​ក្រោយ​​ពី​ពួក​គាត់​បាន​ដាក់​ពាក្យសុំ​ឲ្យ​ជំនាញ​ភូមិបាល ចុះ​អង្កេត​វាស់វែង​តាម​នីតិវិធី​បាន​ជាង​១​ខែ​គឺ​នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៨ លោក ជា នាង ក៏​បាន​ចាត់​មន្ត្រី​របស់​ខ្លួន​ចុះ​ទៅ​អង្កេត​វាស់វែង​ដីស្រែ​របស់​ពលរដ្ឋ​ទាំង​៣៥​ហិ​កតា​នោះ ដោយ​មានការ​ចូលរួម​ពី​មន្ត្រី​បរិស្ថាន​និង​មន្ត្រី​អាជ្ញាធរ​ភូមិ​ឃុំ​ទៀត​ផង ។ ប៉ុន្តែ​សុំ​ណុំ​រឿង​នេះ​ត្រូវ​បាន​លោក ជា នាង យក​មក​ផ្អឹប​ចោល​និង​គេចវេស​មិន​ព្រម​ឲ្យ​ពលរដ្ឋ​មក​ជួប​រហូត ។

លុះដល់​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៨ តំណាង​ប្រជាពលរដ្ឋ​ទាំ​១៧​គ្រួសារ ក៏​បាន​ព្យា​យាម​​មក​អង្គុយ​ចាំ​ជួប​លោក ជា នាង ក្បែរ​ប៊ុ​យ​រ៉ូ​គាត់​ពេញ​មួយ​ថ្ងៃ រហូត​ដល់​ជិត​យប់​ទើបបាន​ជួប តែ​ត្រូវ​លោក ជា នាង គំរាម​ពួក​គាត់​ថា​ដី​នោះ​មិន​អាច​លក់​បាន​ទេ​ប្រយ័ត្ន​ជាប់គុក បើ​យក​តែ​៦​ហិ​កតា​បាន ។ ពេល​នោះ​ពលរដ្ឋ​សួរ​ថា ចុះ​ដី​ពួក​គាត់​២៩​ហិ​កតា​ទៀត​យក​ទៅ​ណា តើ​ពាក់​ព័​ន្ឋ​បញ្ហា​អី​ប្រាប់​ពួក​គាត់​ឲ្យ​ដឹងផង ។ លោក ជា នាង មិន​ឆ្លើយ រួច​ក៏​ប្រគល់​ឯកសារ​នោះ​មក​ឲ្យ​ពលរដ្ឋ ហើយ​ដើរ​ចេញ​ឡើង​ឡាន​ទៅ​បាត់ ។

តំណាង​ពលរដ្ឋ​បាន​រៀបរាប់​ថា ដីស្រែ​ពួក​គាត់​កាន់កាប់​រាប់​ឆ្នាំ លោក ជា នាង មិន​ស៊ីញ៉េ​ឲ្យ​លក់​ទេ តែបើ​ដី​ព្រៃកោងកាង​នៅ​ក្នុង​ឃុំ​តែ​មួយ លោក ជា នាង ស៊ី​ញ៉េ​លឿន​ណាស់ ជាក់ស្តែង​ដី​ព្រៃកោងកាង​ចំនួន​១៧​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​នេសាទ ឃុំ​ជ្រោយ​ស្វាយ​តែ​មួយ ដោយ​មានឈ្មោះ ថន រុន ជា​អ្នក​រត់ការ​លក់​ឲ្យ​ថៅកែ​ភេសជ្ជៈ​បា​កាស ត្រូវ​បាន​លោក ជា នាង ស៊ី​ញ៉េ​ខ្វោក ។

មន្ត្រី​ជលផល​មួយ​រូប​សុំ​មិន​ចេញ​ឈ្មោះ​បាន​បង្ហើប​ថា ដី​ព្រៃកោងកាង​១៧ហិ​កតា​​ខាង​លើ​នេះ មាន​មន្ត្រី​ភូមិបាល​និង​លោក​មេឃុំ​បាន​ឃុបឃិត​គ្នា​លក់​យក​លុយរាប់​សែន ហើយ​​កាប់​បំផ្លាញ​ធនធានធម្មជាតិ ដែល​កំពុង​លំអរ​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​លើ​ពិភព​លោក​របស់​យើង​ចោល​អស់រលីង ៕