ដឹង​អត់! លក្ខណៈ​ខុស​គ្នា​រវាង​របាំ​ក្ងោក​ប៉ៃលិន និង​​ពោធិ៍សាត់បែប​ណា

132

ខេត្តពោធិ៍សាត់ ៖ របាំ​ប្រពៃណី​របស់​កម្ពុជា​មាន​ច្រើន​ទម្រង់ ក្នុង​នោះ​មាន​របាំ​ក្ងោក​ពោធិ៍​សាត់ និង​ក្ងោក​ប៉ៃលិន​ផង​ដែរ ។ តើ​របាំ​ទាំង​ពីរ​ទម្រង់​នេះ​មាន​ប្រវត្ដិ និង​លក្ខណៈ​ខុស​គ្នា​យ៉ាងណា​ខ្លះ ?

Loading...

១-របាំ​ក្ងោក​ពោធិ៍សាត់ ៖ នៅ​ស្រុក​ភ្នំក្រវាញ​មាន​ភូមិ​មួយ​ឈ្មោះ​ក្សេ​ត​បុរី ទី​ដែល​ជនជាតិ​ព័រ​រស់នៅ​ច្រើន ។ ជនជាតិ​នេះ​មាន​ទំនៀមទម្លាប់​ប្រហាក់ប្រហែល​ខ្មែរ​យើង​ដែរ គឺ​កាន់​សាសនា​ព្រះពុទ្ធ ។ នៅ​ពេល​ធ្វើ​ពិធីបុណ្យ និង​ពិធីសែនព្រេន ផ្សេង​ៗ គេ​ឃើញ​ជនជាតិ​ព័រ​មិន​ចោល​ទេ​របាំ​ទន្សោង និង​របាំ​ក្ងោក​ពោធិ៍សាត់ ។ ពួក​គាត់​សម្ដែង​កំដរ​ពិធី​សុំ​សេច ក្ដី​សុខ ឬ​សែនព្រេន​ក្នុង​ពេល​ចេញ​ទៅ​បេះ​ក្រវាញ ដង្កោ ឬ​រក​ថ្មកែវ ។

លោក​ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដពោធិ៍សាត់ ឱ្យ​ដឹង​ប្រវត្ដិ​របាំ​ក្ងោក​ពោធិ៍សាត់​ថា ក្នុង​អំឡុង​ឆ្នាំ​១៩៦១-១៩៦២ ព្រះបាទ​នរោត្ដម សីហ​នុ សព្វ​ព្រះ​រាជហឫទ័យ​ចាត់​ប្រតិភូ​មួយ​ក្រុម​មាន​លោកតា​ជួន លោកតា​យ៉េន លោកតា​ប៉ែន លន ទៅ​សិក្សា​ស្រាវជ្រាវ​របាំ​ក្ងោក​ពោធិ៍សាត់ ដោយ​ជិះ​ដំរី​ទៅ​ដល់​ភូមិ​ក្សេ​ត​បុរី ។ ដោយ​យល់​ឃើញ​ថា របាំ​ក្ងោក​ពោធិ៍សាត់​ជា​របាំ​មួយ​ល្អ ប្រតិភូ​បាន​កែសម្រួល​ចងក្រង​ជា​ក្បាច់​រាំ​ពី​ជន ជាតិ​ដើម​មួយ​ចំនួន​ដើម្បី​ឱ្យ​ក្លាយជា​របាំ​ដែល​មាន​លក្ខណៈ​របាំ​ប្រពៃណី​ជាតិ ចងក្រង​ចេញ​ដោយ​មាន​ក្បួនខ្នាត​ត្រឹមត្រូវ និង​យក​សម្ដែង​ក្នុង​កម្មវិធី​សិល្បៈ​ជាតិ។

ក្នុង​សម័យ​សង្គ្រាម និង​របប​ប៉ុ​ល ពត របាំ​ក្ងោក​ពោធិ៍សាត់​ត្រូវ​គេ​បោះបង់​ចោល​ធ្វើ​ឱ្យ​បាត់បង់​ទៅ​វិញ ។ ក្រោយ​ថ្ងៃ​៧ មក​រា ១៩៧៩ លោក​ម៉ៅ សោភ័ណ អតីត​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ដ បាន​ប្រមូលផ្ដុំ​ក្រុម​សិល្បៈ​ឡើង​វិញ និង​របាំ ផ្សេង​ៗ​ដែល​មាន​ពី​មុន ក្នុង​នោះ​ក៏​មាន​របាំ​ក្ងោក​ពោធិ៍សាត់​ផង​ដែរ ។ គ្រឿង​ភ្លេង​សម្រាប់​ជនជាតិ​ព័រ​លេង​របាំ​ក្ងោក​ពោធិ៍សាត់​មាន​តែ​ស្គរ​២ ព្លយ​១ និង​កង្ហែន​១​ប៉ុណ្ណោះ ។

ចំពោះ​ការ​តុបតែង​ខ្លួន បុរស​គ្រាន់តែ​ក្រវាត់​ក្រមា​នឹង​ចង្កេះ ឯ ស្រី​ៗ​វិញ​បង់ក​ក្រមា ។ នៅ​ពេល​លោក​ម៉ៅ សោភ័ណ ប្រមូលផ្ដុំ​ក្រុម​សិល្បៈ​សម្ដែង​ឡើង​វិញ​បាន​តុបតែង​កន្ទុយ គឺ​យក​កន្ទុយក្ងោក វែង​ៗ​ចង​តម្រៀប​គ្នា​មាន​ខ្សែ​ចង​ក្របួច​ពីក្រោយ​ភ្ជាប់​ទៅ​ក្បាល​អ្នក​រាំ អាវកមូល ដៃខ្លី ពណ៌​បៃតង ឬ​ពណ៌​ស្លឹកឈើ​ប្រហាក់ប្រហែល​នឹង​សត្វ​ក្ងោក​ដែរ ជរ​ជាយ​​​ពណ៌​លឿង ។ សម្រាប់​បុរស​ស្លៀក​សំឡុយ​ចងក្បិន ឯ​នារី​ស្លៀក​សំឡុយ​ស្រុង​ក្រោម​​ជង្គង់ ។ អ្នករបាំ​នាំ​គ្នា​រាំ​បែប​ពេន យឺត​ៗ​ទៅ​តាម​ចង្វាក់ភ្លេង និង​រាំ​ជា​ហ្វូង​ទៅ​តាម​ក្រុម​តូច ឬ​ធំ ។

២-របាំ​ក្ងោក​ប៉ៃលិន ៖ លោក​លឹ​ម ប៊ុ​ន​ហេង ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ​ប៉ៃលិន ឱ្យ​ដឹង​ថា មានរឿង​ព្រេង​និទាន​ពី​របាំ​ក្ងោក​ប៉ៃលិន​ថា កាល​ដើម​ឡើយ មាន​ព្រះ​រាជ​បុត្រី​មួយ​អង្គ​ផ្ទំ​លង់លក់ យល់​សុបិន​ឃើញ​សត្វ​ក្ងោក​ឈ្មោល​ដ៏​ធំ​មួយ​ក្បាល​ពង់​យ៉ាង​​ល្អ ចេះ​ចម្រើន​មន្ដអាគម និង​ចេះ​ទេសនា​យ៉ាង​ពីរោះ​ក្បោះក្បាយ​អស្ចារ្យ​ថ្វាយ​ព្រះ​នាង​ស្ដាប់​ស្ទើរតែ​មិន​ហ៊ាន​ដកដង្ហើម ។

លុះ​ព្រះ​នាង​តើន​ឡើង ក៏​រំពឹង​ក្នុង​ព្រះ​ចិន្ដា​ថា មិនដឹង​ធ្វើ​យ៉ាងណា​នឹង​បាន​ក្ងោក​ដ៏​ល្អ​ឆើត​ឆាយ​ពិតប្រាកដ​នោះ​មក​ទេសនា​ថ្វាយ​ព្រះ​នាង​ស្ដាប់​ម្ដងទៀត​ទេ ? ម្ល៉ោះហើយ​ព្រះ​នាង​តែងតែ​ជ្រប់​ព្រះ​ភ័ក្ដ្រ​វិតក្ក​ជា​រៀងរាល់ថ្ងៃ សោយ​ពុំ​បាន ផ្ទំ​ពុំ​លក់​បាន​ស្រួល​ឡើយ ។ កាល​ព្រះ​បិតា​ព្រះ​នាង​យល់​ព្រះ​ភ័ក្ដ្រ​ព្រះរាជ​បុត្រី​សៅសោក​ដូចនេះ ក៏​ត្រាស់​បង្ហើប​សួរ​ទៅ​ព្រះ​នាង ភ្លាម​ៗ ។ ព្រះរាជ​បុត្រី​ក្រាប​បង្គំ​ទូល​សព្វគ្រប់​តាម​ព្រះ​សុបិន និង​ព្រះ​បំណង​របស់​ព្រះ​នាង ។

ព្រះរាជា​បាន​ជ្រើសរើស​រក​ព្រានព្រៃ​យ៉ាង​ស្ទាត់ជំនាញ​ផុត​គេ ឱ្យ​ដើរ​ស្វះ​ស្វែងរក​សត្វ​ក្ងោក​ដែល​មាន​រូបឆោម​ល្អ ចេះ​មន្ដ​គាថា និង​ចេះ​ទេសនា​ពីរោះ​នោះ​យក​មក​ថ្វាយ​ព្រះ​រាជ​បុត្រី​របស់​ព្រះ​អង្គ ។ ពេល​នោះ​រកបាន​ព្រាន​ម្នាក់​ដែល​មាន​ថ្វីដៃ​លើសគេ លុះ​ទទួល​ព្រះរាជ​បញ្ជា​ហើយ ក៏​ខំ​ស្វះ​ស្វែងរក​សព្វ​ក្នុង​ព្រៃ​ព្រឹក្សា​ទាំងអស់​ឥត​សល់​ចន្លោះ​អ្វី​ឡើយ ។ ខណៈ​ព្រាន​ចេះ​តែ​ដើរ ឆ្ងាយ​ទៅ​ៗ​រកកល់នឹង​អស់សង្ឃឹម​ទៅ​ហើយ ដោយ​អត់​បាន​ជួប​ប្រទះ​សត្វ​ក្ងោក​ណាមួយ​ក្បាល​ទាល់តែ​សោះ ស្រាប់តែ​ព្រឹក​មួយ​ព្រាន​ប្រទះ​ឃើញ​ក្ងោក​ឈ្មោល​ដ៏​ធំ​មួយ​ក្បាល​កំពុង​តែ​ឈរ​ញ្ជ​ប់​សញ្ជឹង​ភាវនា​នៅ​លើ​មែកឈើ​បែរមុខ​ឆ្ពោះទៅ​កាន់​ទិស​ព្រះអាទិត្យ​រះ​(​ខាងកើត​) ។

បន្ទាប់​មក​ក្ងោក​មួយ​ក្បាល​នោះ​បាន​លោត​ចុះ​ពីលើ​មែកឈើ មក​រេ​រាំ​ហាក់ដូចជា​សប្បាយ​​រីករាយ​ខ្លាំង​ណាស់ ធ្វើ​ឱ្យ​ព្រាន​ស្ទើរតែ​ភាន់ភាំង​ស្មារតី ។ ឃើញ​បែប​នេះ នាយ​ព្រាន​ត្រេកអរ​ពន់ប្រមាណ ក៏​ដំឡើងស្នា​បាញ់​តម្រង់​កាត់​ដំណើរ​សត្វ​ក្ងោក​កុំឱ្យ​ហើរ​រត់​រួច ប្រយោជន៍​នឹង​ចាប់​យក​ទៅ​ថ្វាយ​ព្រះរាជ​បុត្រី​របស់​ព្រះមហាក្សត្រ ប៉ុន្ដែ​ព្រាន​បាញ់​ជា​ច្រើន​លើក​ច្រើន​សា​អត់​ត្រូវ​ទាល់តែ​សោះ ។ ដូច្នេះ​ហើយ​ព្រាន​លប​លួច​ចាំ​មើល និង​គិត​ក្នុង​ចិត្ដ​ថា តើ​ហេតុ​អ្វី​បានជា​ខ្លួន​បាញ់​ក្ងោក​មិន​ត្រូវ ប្រាកដជា​វា​ចេះ​មន្ដអាគម​ដ៏​ពូកែ​សក្ដិ​សិទ្ធិ​មិន​ខាន​ទេ ។

លោក​លឹ​ម ប៊ុ​ន​ហេង តំណាល​បន្ដ​ទៀត​ថា លុះ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​ក្រោយមក ទើប​ព្រាន​សង្កេត​​មើល​ដឹង​ច្បាស់​ថា ក្ងោក​នេះ​កាលណា​តែ​ភ្ញាក់​ឡើង​ពី​ព្រលឹម ក៏​តាំងសីល​សែក​មន្ដ​គាថា ប្រណម្យ​ឆ្ពោះទៅ​ព្រះអាទិត្យ​(​ខាងកើត​) លុះដល់​ល្ងាច​ក៏​ភាវនា​បន្ដ​ទៀត បែរ​ឆ្ពោះទៅ​ទិស​ខាងលិច​មុន​ចូល​ទ្រនំ​ដេក​។ ព្រាន​សញ្ជឹង​ហើយ​យល់​ថា តើ​គួរ​ធ្វើ​យ៉ាងណា​ឱ្យ​ក្ងោក​ភ្លេច​ចម្រើន​ភាវនា​មន្ដ​គាថា​តែ​មួយ​ថ្ងៃ ខ្លួន​នឹង​លប​បាញ់​បានជា​មិន​ខាន ។

ថ្ងៃ​ក្រោយមក​ទៀត ព្រាន​ទៅ​ទាក់​ក្ងោក​ញី​មួយ​ក្បាល​យ៉ាង​ស្រស់​ស្អាត​សោភា​ពី​កន្លែង​ដទៃ​មក ហើយ​យក​ទៅ​លែង​ពីមុខ​ទ្រនំ លំនៅ​ឋាន​របស់​សត្វ​ក្ងោក​ឈ្មោល​មួយ​នោះ ។ ព្រលឹម​ស្វាង​ឡើង ក្ងោក​ឈ្មោល​ទទះ​ស្លាប​បម្រុង​នឹង​ចាប់ផ្ដើម​ភាវនា​មន្ដអាគម ស្រាប់​តែ​ក្រឡេក​ទៅ​ប្រទះ​ឃើញ​ក្ងោក​ញី​ដ៏​ឆើតឆាយ​មួយ​ក្បាល​នៅ​ពីមុខ​ខ្លួន​ក៏​កើតក្ដី​ត្រេក​ត្រអាល​មេត្រី ហើយ​ហក់លោត​ចុះឡើង​ពី​មែកឈើ​ទៅ​រក​នាង​មយូរី​ដ៏​ស្រស់​ស្អាត​នោះ ។ ពេល​នោះ​ហើយ ទើប​ក្ងោក​ឈ្មោល​ដែល​ចេះ​មន្ដ​គាថា ត្រូវ​ជាប់អន្ទាក់​នាយ​ព្រាន​ដែល​លប​លួច​ដាក់​តាំងពី​ព្រលប់​មក​ម្ល៉េះ ។

ព្រាន​ចូល​ទៅ​ចាប់​ក្ងោក​បាន​ដោយ​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង ទើប​ក្ងោក​យំសោក​ថា «​ព្រាន​​ប្រាថ្នា​រូប​ខ្ញុំ​យក​ទៅ​ធ្វើ​អ្វី ? ខ្ញុំ​នេះ​ខំ​លះបង់​ព្រៃ​រៀង​អាយ​មក​នៅ​ព្រៃ​ជ្រៅ ប្រាថ្នា​ឱ្យ​ផុត​ពី​ការ​សៅហ្មង និង​ការ​បរបាញ់​នេសាទ​គ្រប់យ៉ាង ហេតុ​អ្វី​ក៏​ព្រាន​តាម​មក​ធ្វើបាប​ខ្ញុំ​ទៀត​» ។ ព្រាន​ឮ​សម្ដី​ក្ងោក​គួរ​ឱ្យ​អាណិត​ណាស់ ក៏​ឆ្លើយ​ដោយ​ពាក្យពីរោះពិសា​ទៅ​វិញ​ថា «​ក្ងោក​អើយ​! ខ្ញុំ​មិនមែន​យក​អ្នក​ទៅ​សម្លាប់​ទេ ខ្ញុំ​ឃើញ​អ្នកជា​អ្នកចេះ​ធម៌អាថ៌ ឱ្យ​តែ​ពេល​ព្រលឹម​ឡើង ចម្រើន​ធម៌អាថ៌​ជា​និច្ច ហេតុនេះ​ខ្ញុំ​ចាប់​អ្នក​នាំ​ទៅ​ថ្វាយ​ព្រះរាជ​បុត្រី​នៃ​ព្រះមហាក្សត្រ​ផែនដី ដ្បិត​ព្រះ​នាង​យល់​សុបិន​ឃើញ​ក្ងោក​ចេះ​ទេសនា ហើយ​ព្រះ​នាង​ទ្រង់​ចង់​ស្ដាប់ធម៌​ទេសនា​របស់​អ្នក​ខ្លាំង​ណាស់​» ។

ក្ងោក​សើច ហើយ​ឆ្លើយ​តប​វិញ​ថា​៖«​បើ​ដូចនេះ សុំ​អ្នក​កុំ​ព្រួយ ខ្ញុំ​នឹង​ធានា​ទៅ​សម្ដែងធម៌​ថ្វាយ​ព្រះ​នាង​ស្ដាប់​រៀងរាល់ថ្ងៃ​សីល​ចាប់តាំងពី​សីល​នេះ​តទៅ​» ។ ចាប់តាំងពី​ពេល​នោះ​មក ក្ងោក​តែង​ហិចហើរ​ទៅ​ថ្វាយ​ធម្មទេសនា​ដល់​ព្រះរាជ​បុត្រី​ជា​និច្ច ។ អាស្រ័យ​ដូច្នេះ​ហើយ ទើប​ពួក​ខ្មែរ​កូ​ឡា​នៅ​ខេត្ដ​ប៉ៃលិន​និយម​លេង​របាំ​ក្ងោក​នៅ​ថ្ងៃសីល​ជា​រៀង​រហូត​មក ។

ផ្ទុយ​ទៅ​វិញ បើ​តាម​ការ​ស្រាវជ្រាវ​ពី​ប្រវត្ដិ​របាំ​ក្ងោក​នេះ​វិញ ដោយ​លើកយក​ក្បាច់​រាំ គ្រឿង​ភ្លេង និង​សម្លៀក​បំពាក់​មក​ធ្វើ​ជា​ការ​ពិចារណា​ឃើញ​ថា របាំ​នេះ​គឺ​សេសសល់​ពី​អារ្យធម៌​អូស្ដ្រូអាស៊ី ប៉ុន្ដែ​ទំនងជា​ឆ្លង​ចូល​មក​ពី​ជនជាតិ​ដើម​ដែល​នៅ​ក្បែរ​ស្រុក​ទេស​យើង ដូច​ជា​មាន​ប្រើ​ប៉ី ឆាប​ជាដើម ។ តែ​ដូច​ជា​យើង​ដឹង​ហើយ​ថា ជា​ធម្មតា​ពួក​ជនជាតិ​ដើម​ជា​រដ្ឋវាសី​ទាំងនេះ​រមែង​មានការ​ទាក់ទិន​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ណាស់​ខាង​វប្បធម៌​ជួន​ក្លាយ​ពី​យើង​ទៅ​គេ ជួន​ក្លាយ​ពី​គេ​មក​យើង​វិញ ។

មួយទៀត​នៅ​សម័យ​បុរាណ​មុន​គ្រឹ​ស្ដ​សករាជ​នោះ ផែនដី​នៃ​ជនជាតិ​ទាំងនេះ​ពុំ​ទាន់​កំណត់​ទៀងទាត់​ថា ជា​ស្រុក​ណា ប្រទេស​​ណា​ប្រាកដ​ទេ ដោយហេតុ​ថា អ្នកស្រុក​ដើម​ប្រកាន់​ទំនៀមទម្លាប់​ប្រហាក់ប្រហែល​គ្នា​ទាំងអស់ ។ រីឯ​ទំនុកច្រៀង​នៃ​របាំ​នេះ​ពុំ​ទាន់​មាន​រលាយ​ជា​ពាក្យ​ខ្មែរ​សុទ្ធ​នៅឡើយ​ទេ គេ​នៅ​ច្រៀង​ជា​ពាក្យ​កូ​លា តែ​មាន​ន័យ​សុទ្ធ​តែ​​ជា​សេចក្ដី​បួងសួង ប្រសិទ្ធពរ​ជូន​ដល់​អ្នកស្រុក ដូច​ជា​សុំ​ឱ្យ​បាន​សុខ​ចម្រើន មាន​ភ្លៀង​គ្រប់គ្រាន់​ធ្វើស្រែ​បាន​ផល ជីកដី​រក​ត្បូង​បាន​ជួប​ប្រទះ​ផល​ល្អជា​ដើម ។ ក្រៅពី​នេះ​មាន​ទំនុក​ថ្វាយ​សព្ទសាធុការពរ​ចំពោះ​ព្រះរាជា​ម្ចាស់ផែនដី​ផង ។

ចំណែក​លោក​ព្រហ្ម រ​ដ្ឋា ប្រធាន​ការិយាល័យ​សិល្បៈ​ខេត្ត​ប៉ៃលិន រៀបរាប់​ឱ្យ​ដឹង​ថា របាំ​ក្ងោក​ប៉ៃលិន​គឺ​បង្កើត​ឡើង​ដោយ​ជនជាតិ​កូ​ឡា​(​ភូមា​) ដែល​បាន​បោះទីតាំង​រក​ជីក និង​រែង​ត្បូង​នៅ​ខេត្ដ​ប៉ៃលិន តាំងពី​យូរលង់​ណាស់​មក​ហើយ លុះ​ក្រោយមក​ពួក​គេ​ក៏​រៀបចំ​បង្កើត​ជា​របាំ​នៅ​ខេត្ដ​នេះ​តែ​ម្ដង ។ របាំ​ក្ងោក​ប៉ៃលិន​បង្កើត​ឡើង​ដើម្បី​រាំ​ថ្វាយ​ម្ចាស់​ទឹក ម្ចាស់​ដី​នៅ​ក្នុងស្រុក​ប៉ៃលិន កាលពី​ជំនាន់​មុន ហើយ​ក្រោយមក​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ដ​បាន​រៀបចំ និង​រក្សា​របាំ​នេះ​ទុកជា​រៀង​រហូត​មក​ដល់​សព្វថ្ងៃ ដើម្បី​រក្សា​នូវ​វប្បធម៌​បេតិកភណ្ឌ​ជាតិ ។

លោក​ព្រហ្ម រ​ដ្ឋា បញ្ជាក់​ថា បើ​និយាយ​ពី​សម្លៀក​បំពាក់​សិល្បៈ​សម្ដែង​របាំ​នេះ មាន​ភាព​ឆើតឆាយ​ល្អ​ស្រស់បំព្រង​ដូច​ជា​ក្ងោក​បេះបិទ ដោយ​ស្លាប​រចនា​ពី​ក្រដាស ឬ​ក្រណាត់​ពាក់​ឆ្អឹង ហើយ​លាប​ពណ៌​ដូច​សត្វ​ក្ងោក កន្ទុយ​ជា​ក្រដាស ឬ​ក្រណាត់​ពាក់​លើ​ឆ្អឹង​ឫស្សី​ពណ៌​ក្រមៅ និង​ក្បាល​ធ្វើ​ពី​ក្រដាស​ស្មាច់​ដូច​ក្បាល​ក្ងោក​ពិត ។

ចំពោះ​ខ្នាត​សម្ដែង​របាំ​នេះ​មាន​ចំនួន​៧​នាក់ ដោយ​អ្នក​រាំ​ដើរតួ​ជា​ក្ងោក​ញី​ឈ្មោល​១​គូ អ្នក​​រើស​ត្បូង​ម្នាក់ កុងសែ និង​ប្រពន្ធ​កុងសែ​(​ប្រុស​២​នាក់ ស្រី​២​នាក់​) ។ ការ​រាំ​មាន​ឈុត​ឆាក​គួរ​ឱ្យ​ចង់​គយគន់ ដោយ​ក្ងោក​ញី ឈ្មោល​កៀង​គ្នា​ឆាប​ចុះ​ឆាប​ឡើង ដែល​អ្នក​ទស្សនា​ស្ទើរតែ​មិន​ហ៊ាន​ព្រិច​ភ្នែក​ឡើយ ៕