ទំនាយជ្រូកក្រចកប្រាំហាមចិញ្ចឹមដាច់ខាត

155

តាំងពីដើមមកចាស់ៗបានផ្ដាំកូនចៅមិនឱ្យចិញ្ចឹមជ្រូកក្រចក៥ដាច់ខាត បើហ៊ានកូនចៅណាជម្នះចិញ្ចឹម គ្រួសារនោះប្រាកដជានាំរឿងអាក្រក់ ឬកើតហេតុភេទចង្រៃណាមួយដល់អ្នកចិញ្ចឹមនោះមិនខាន ។

Loading...

លោកព្រឹទ្ធាចារ្យ រិន ខេមរា អាយុ៩៩ឆ្នាំបានរៀបរាប់ថា ជ្រូកក្រចកប្រាំនេះពិតជានាំចង្រៃដល់ក្រុមគ្រួសារមែន។ កាលបើអ្នកណាម្នាក់យកមកចិញ្ចឹម ប្រាកដជានាំសំណាងមិនល្អ ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិ ឬអាចឈានដល់អាយុជីវិតអ្នកចិញ្ចឹមផងក៏មាន ។

លោកព្រឹទ្ធាចារ្យបានបញ្ជាក់ថា រឿងនេះពិតជាអ៊ីចឹងមែនណាចៅ ជ្រូកក្រចកប្រាំហ្នឹងពិតជាចង្រៃមែន នេះបើតាធ្លាប់ចំណាំមក។ គ្រួសារណាហ៊ានចិញ្ចឹមគឺអត់បានសុខទេ វានាំហេតុភេទធ្វើទុក្ខម្ចាស់ខ្លួនហ្នឹង ឱ្យខាតបង់ទ្រព្យសម្បត្តិក្នុងផ្ទះ ខាតរហូតទាល់តែអស់រលីងពីខ្លួន ទីបំផុតបើមិនអស់អាយុជីវិតមនុស្ស ក៏បែកបាក់គ្នា ប្រពន្ធបែកប្តី កូនព្រាត់ប្រាសម៉ែឪ នេះជារឿងនៃជ្រូកក្រចកប្រាំ ។

ជាក់ស្ដែងដូចគ្រួសារមួយ បានទៅរកទិញជ្រូកមកចិញ្ចឹម តែចៃដន្យ ពេលចាប់ញាត់ទ្រុងមកដល់ផ្ទះទើបឃើញជ្រូកនោះមានក្រចកប្រាំ ម្ចាស់ជ្រូកក៏កាត់ចោល១ទៅ។ ប៉ុន្តែរំលងមិនបានប៉ុន្មានថ្ងៃផង ក្របីដែលគ្រួសារនោះចិញ្ចឹមក៏ហើមពោះងាប់ដែរ និងនៅមានហេតុភេទជាច្រើនទៀតកើតឡើងនៅក្នុងគ្រួសារនោះជាបន្តបន្ទាប់ ។

លោកព្រឹទ្ធាចារ្យបញ្ជាក់ថា ទោះបីជាមានជ្រូកក្រចកប្រាំរត់ចូលមកជ្រកក្នុងផ្ទះក្ដី ក៏មិនត្រូវទុកចិញ្ចឹមជាដាច់ខាត ហើយត្រូវនាំគ្នាដេញវាចេញភ្លាម ឯជ្រូកប្រភេទនេះមិនងាយងាប់នោះទេ ព្រោះមុននិងក្រោយប្រាកដជានាំចង្រៃ នាំសំណាងអាក្រក់ចូលផ្ទះ នឹងមិនបានសុខឡើយ ។