អាជ្ញាធរ​ខេត្ត​ឱ្យ​ម្ចាស់​ផ្ទះទឹក​រើ​ចេញពី​ក្នុង​ស្ទឹង​សិរី​សោភ័ណ (មាន​វីដេអូ)

112

ខេត្តបន្ទាយមានជ័យ ៖ លោក សួន បវរ អភិបាលខេត្ត បាន​បញ្ជា​ទៅ​អភិបាលក្រុង​សិរី​សោភ័ណ ឲ្យ​មាន​វិធានការ​រើ​ផ្ទះទឹក​ចេញពី​ក្នុង​ស្ទឹង សិរី​សោភ័ណ ដើម្បី​រៀបចំ​ធ្វើ​ជាទី​តាំង​បណ្តែតប្រទីប​ក្នុង​ពី​ធី​បុណ្យអុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ នា​ពេល​ខាង​មុខ​នេះ​។

Loading...

ផ្ទះទឹក​នៅ​ទី​នេះ គឺជា​ភោជនីយដ្ឋាន​ឬ​ហាង​កាហ្វេ ដែល​គេ​ធ្វើ​បណ្តែត​នៅ​ក្នុង​ទឹកស្ទឹង​សិរី​សោភ័ណ ជាប់​ខាងជើង​ក្បាលស្ពាន​ព្រះ​ពន្លា ។ ផ្ទះទឹក​ដែល​គេ​ធ្វើ​បណ្តែត​ក្នុង​ស្ទឹង​សិរី​សោភ័​ណ​នេះ មាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ​ហើយ​ប្រជាពលរដ្ឋ​ក៏​តែង​ធ្វើការ​រិះគន់ ដោយសារ​តែ​ព្រួយបារម្ភ​ពី​បញ្ហា​បរិស្ថាន និង​ធ្វើ​ឱ្យ​បាត់បង់​សោភ័ណ​ភាព និង​សណ្តាប់ធ្នាប់ ។

លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័​ណ បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ថា ដោយ​មានការ​ណែនាំ​លោក សួន បវរ អភិបាលខេត្ត លោក​បាន​ជូនដំណឹង​ទៅ​ម្ចាស់​ផ្ទះទឹក​ជាប់​ក្បាល​ស្ពាន​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ឲ្យ​រុះរើ​ផ្ទះទឹក​នេះ​ចេញ ដើម្បី​យក​ធ្វើ​កន្លែង​បណ្តែតប្រទីប​ដែល​អាជ្ញាធរ​ខេត្ត​តែង​ធ្វើ​រាល់​ឆ្នាំ​ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក សំពះ​ព្រះ​ខែ​រយៈពេល​៣​ថ្ងៃ ។

លោក​អភិបាលក្រុង​បញ្ជាក់​ថា តាម​ការ​ណែ​នាំ​របស់​លោក​អភិបាលខេត្ត ក៏​ដូច​ជា​សំណូម​ពរ​របស់​ប្រជាពលរដ្ឋ គឺ​សុំ​ឱ្យ​ម្ចាស់​ផ្ទះទឹក​រុះរើ​ចេញ​មុន​ថ្ងៃ​បុណ្យ​មក​ដល់ ៕