តាមប្រភពព័ត៌មាន Manchester Evening News បានឲ្យដឹងថា ក្លិបមេឃខៀវ Manchester City កំពុងតែគិតគូររឿងយកខ្សែបម្រើរបស់ក្លិប Lyon កីឡាករ Tanguy Ndombele មកលេងនៅក្លិបរបស់ខ្លួន ក្នុងតម្លៃ៤០លានផោន។
កីឡាករអាយុ២១ឆ្នាំរូបនេះ បានធ្វើឲ្យខាងមេឃខៀវ ទាក់ភ្នែក ពេលប្រកួតដណ្តើម Champions League នៅខែកញ្ញាឆ្នាំនេះ។ កាលនោះ Lyon បានយកឈ្នះ Man City ក្នុងលទ្ធផល 2-1។ លោក Pep Guardiola ដែលជាគ្រូបង្វឹករបស់ក្លិប Man City ចង់បាន Ndombele មកលេងនៅ City ចាប់ដៃគូជាមួយនឹង Fernandinho ដែលមានជំនាញជាខ្សែបម្រើប្រចាំក្លិប។
អ្នកចាត់ការក្លិប City មានការអន់ចិត្តនៅដើមរដូវកាលនេះ បន្ទាប់ពីកីឡាករ Fred និង Jorginho សម្រេចចិត្តទៅលេងឲ្យ Man Utd និង Chelsea ដែលទុកឲ្យ Fernandinho នៅខ្សែបម្រើតែឯង។ ពេលនេះ គឺជាពេលដែលត្រូវគិតគូរយកខ្សែបម្រើម្នាក់ទៀតមកកាន់ក្លិបហើយ។
គួរបញ្ជាក់ផងដែរថា កីឡាករសញ្ជាតិបារាំង Ndombele បានចុះកុងត្រាជាមួយនឹង Lyon ក្រោយពេលចាកចេញពី Amiens នៅឆ្នាំ២០១៧។ ក្រោយការប្រកួតរបស់គេជាមួយនឹង Man City គេបានធ្វើឲ្យមនុស្សជាច្រើនមានការសរសើរមិនដាច់ពីមាត់៕