វិនិយោគិន​ជុំវិញ​ពិភពលោក​ងាក​ទៅ​ទីផ្សារ​អចលនទ្រព្យ​វៀតណាម

162

ទីក្រុង​ហាណូយ ៖ យោង​តាម​អត្ថបទ​របស់​លោក Vikram Kohli នាយក​គ្រប់គ្រង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​អចលនទ្រព្យ CBRE បាន​ឲ្យ​ដឹង​ថា វិនិ​យោគិន​បរទេស​មិន​អាច​ងាក​ចេញពី​ទីផ្សារ​អចលនទ្រព្យ​របស់​វៀតណាម​បាន​ឡើយ។

Loading...

លោក​បាន​ឲ្យ​ដឹង​ថា កត្តា​ដែល​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​របស់​វៀតណាម​រួម​មាន​កំណើនប្រជាជន​ថ្នាក់​កណ្តាល ខណៈ​ដែល​ការ​ធ្វើ​នគរ​ភាវូបនីយកម្ម​ត្រូវ​បាន​គាំទ្រ​ដោយ​ប្រជាជន​ក្មេង​ៗ និង​បាន​ឆ្លងកាត់​ការ​អប់រំ ។

លើស​ពី​នេះ​ទៀត ធនាគារពិភពលោក (World Bank) បាន​ព្យាករណ៍​ថា ផលិតផល​ក្នុងស្រុក​សរុប​(GDP)​របស់​វៀតណាម នឹង​លូតលាស់​បាន​៦,៨%​នៅ​ឆ្នាំ​នេះ ព្រោះតែ​តម្រូវការ​វិនិយោគិន​បរទេស​ដែល​ចង់​ចូល​ទៅ​កាន់​ទីផ្សារ​អចលនទ្រព្យ​វៀតណាម ។

ក្នុងអំឡុងពេល​៣​ឆ្នាំ​មកនេះ ប្រទេស​វៀតណាម​មើលឃើញ​កំណើន​ការ​វិនិយោគ​ពី​បរទេស​លើ​វិស័យ​អចលនទ្រព្យ​យ៉ាងច្រើន ។ ក្រុមហ៊ុន​អចលនទ្រព្យ​សិង្ហ​បុរី ជប៉ុន និង​កូរ៉េ ត្រូវ​បាន​ទាក់ទាញ​ដោយ​តំបន់​កណ្តាល​ក្រុង ខណៈ​ដែល​ក្រុមហ៊ុន​ក្នុងស្រុក​សហ​ការ​ជាមួយនឹង​ក្រុមហ៊ុន​បរទេស ។

ក្រៅពី​តម្រូវការ​ទីតាំង​សម្រាប់​អាជីវកម្ម​ដែល​កំពុង​តែ​កើនឡើង​ហើយ ប្រទេស​វៀត​ណាម​មាន​កង្វះ​ការ​ផ្គត់ផ្គង់​ផង​ដែរ ជា​ពិសេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ និង​ហាណូយ ។ តម្លៃ​ជួល​ការិយាល័យ​កម្រិត​A​នៅ​ទីក្រុង​ហូ​ជី​មិ​ញ​បាន​កើនឡើង​ពី​៣៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ក្នុង​មួយ​ខែ​កាលពី​ត្រីមាស​ទី​២​នា​ឆ្នាំ​២០១៦ មក​ស្មើ​៤៣​ដុល្លារ​ឯណោះ កាលពី​ទ្រី​មាស​ទី​២​នា​ឆ្នាំ​នេះ ឬ​កើនឡើង​២៣% ។

វិនិយោគិន​ពី​សិង្ហ​បុរី ហុងកុង និង​តៃវ៉ាន់ ក៏​បាន​ចាប់អារម្មណ៍​លើ​ទីផ្សារ​ជួល​អា​ផាត​ម៉ិ​ន និង​ខុន​ដូ​ដែរ ហើយ​ពួក​គេ​ស្មើនឹង​៧៥%​នៃ​អតិថិជន​ទាំងអស់​ក្នុង​ទីផ្សារ​នេះ ។ លើស​​ពី​នេះ​ទៀត ភាព​ធ្ងន់ធ្ងរ​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ប្តូរ​ទីតាំង​ផលិតកម្ម​មក​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​វិញ ដើម្បី​ជៀសវាង​ពន្ធ ។

ប្រទេស​វៀតណាម​ដែល​ជា​ប្រទេស​នាំ​ចេញ​សម្លៀក​បំពាក់ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​បាន​ទាញ​អត្ថប្រយោជន៍​ពី​ការ​ងាក​ចេញពី​ប្រទេស​ចិន​នេះ​ផង​ដែរ ៕