នគរបាល​ខេត្ត​ឃាត់ខ្លួន​ក្រុម​ឆក់​កាបូប​ភ្ញៀវ​៣​នាក់ បញ្ជូន​ទៅ​តុលាការខេត្ត

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ដោយ​លោក វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ តាម​ប្រមាញ់​ក្រុម​ឆក់​កាបូប​ភ្ញៀវ​បរទេស​ជនជាតិ​អា​ល្លឺ​ម៉​ង់​ស្រី​ចំនួន​៣​នាក់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​បរទេស​។

Loading...

កាលពី​វេលា​ម៉ោង​១៧ និង​១៥​នាទី ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​ឧកញ៉ា អ៊ុំ ឆាយ មុខ​រូបសំណាក់​គ្រុឌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ ដង្គំ ក្រុង​/​ខេត្តសៀមរាប រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ចំនួន​៣​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន ទៅ​តុលាការខេត្ត​។ ហេតុ​ការ​ឃាត់ខ្លួន​ក្រុម​ឆក់​កាបូប​ភ្ញៀវ​បរទេស​នោះ​បាន​ធ្វើ​ឡើង​នា​វេលា​ម៉ោង ជាង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​រង្វង់​មូល​វត្ត​ដំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប​។

លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េ​ត ស្នងការ រង ទទួល​ផែន​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ថា ដោយ​មានការ​សហការ គ្នា​បាន​ល្អ​ពី​កម្លាំង​ការិយាល័យ​នគរបាល​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​សហការ ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ដោយ​លោក វរសេនីយ៍ឯក ហង្ស សូ​ផាត​ភី​រម្យ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ដើម្បី​តាម​ប្រមាញ់​ក្រុម​ចោរឆក់ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​លួច​លូក​ឆក់​កាបូប​ភ្ញៀវ​បរទេស​ជនជាតិ អា​ល្លឺ​ម៉​ង់​ស្រី​ម្នាក់​នៅ​ក្នុង​កន្ត្រក​កង់​ខាង​មុខ កាលពី​វេលា​ម៉ោង​១៧ និង​១៥​នាទី ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវ​ឧកញ៉ា អ៊ុំ ឆាយ មុខ​រូបសំណាក់​គ្រុឌ កងរាជអាវុធហត្ថ​ខេត្តសៀមរាប ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយ​ដង្គំ ក្រុង /​ខេត្តសៀមរាប រហូត​ចាប់ខ្លួន​បាន​ក្រុម​ឆក់​កាបូប​ភ្ញៀវ​បរទេស ចំនួន​៣​នាក់ រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​។

លោក​បាន​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​ចំនួន បី​នាក់​៖ ១/​ឈ្មោះ មឿ​ន ប៉ា​លី​ណា​ឃី​ម ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប ២/​ឈ្មោះ លន់ វលិ​ស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប និង ទី​៣/​ឈ្មោះ សុខ ផានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទីលំនៅ ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​/​ខេត្តសៀមរាប​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សំណុំរឿង​ប​ពា្ជ​ន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ ចំណែក​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ ត្រូវ​បាន​ប្រគល់​ឱ្យ​គាត់​វិញ​ហើយ​៕