អាសូរ​ប្រពន្ធ​ស្រែកទ្រហោយំក្បែរស្ពានហង្ស ខណៈប្តីជួបគ្រោះអកុសលរកសពមិនទាន់ឃើញ​

113

រាជធានីភ្នំពេញ ៖ បុរស​៣​នាក់​ជា​កម្មករ​សំណង់​ចេញពី​ធ្វើការ​នាំ​គ្នា​ទៅ​បង់សំណាញ់​ លុះ​ត្រឡប់​មក​វិញ​មិន​ចង់​ដើ​រវាងផ្លូវ​បាន​ហែល​ទឹក​ឆ្លង​ដៃ​ទន្លេបាសាក់ ជា​អកុសល​បុរស​ម្នាក់​បាន​លង់ទឹក​ស្លាប់​រក​សព​មិន​ទាន់​ឃើញ​នៅឡើយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង១៥​នាទី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្បែរ​ស្ពាន​ហង្ស​កោះ​ពេជ្រ ក្នុង​ដៃ​ទន្លេបាសាក់ ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

Loading...

ជន​រង​គ្រោះ​ដែល​ស្លាប់ឈ្មោះ ដួង សំណាង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ស្រុក​ក្រ​វ៉ា​ញ ខេត្តពោធិ៍សាត់ ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​បុរស​៣​នាក់ជា​កម្មករ​សំណង់​នោះ​កោះ​ពេជ្រ ហើយ​អ្នក​ទាំង​៣​នាក់​ត្រូវជា​បងប្អូននឹង​គ្នា​​ផង​ដែរ លុះ​ពេល​ចេញពី​ធ្វើការ​បាន​នាំ​គ្នា​ទៅ​បង់សំណាញ់​យក​ត្រី​មក​ទុក​ធ្វើ​ម្ហូប​ដោយ​ទៅ​បង់​នៅ​ត្រើយ​ខាងកើត ពេល​បង់​សំណាញ់​អត់​បាន​ត្រី​ក៏​​នាំ​គ្នា​ទៅ​បង់​នៅ​ត្រើយ​ខាងលិច​វិញ​ម្តង ។

ប៉ុន្តែ​ពួក​គាត់​មិន​ចង់​ដើរវាង​ផ្លូវ​ឆ្ងាយ​ទេ គឺ​ធ្លាប់​ហែល​ទឹក​ឆ្លង​ដៃ​ទន្លេបាសាក់ ក៏​បាន​នាំ​គ្នា​ហែល​ទឹក​ឆ្លងទន្លេ​តែ​ម្តង ពេល​បុរស​២​នាក់​ទៀត​ហែល​ទឹក​ឆ្លង​ផុត​ហើយ​នៅ​សល់​តែ​ជន​រង​គ្រោះ​ដែល​យក​សំណាញ់​មក​រុំ​ជាប់​នឹង​ខ្លួន​ហែល​ទឹក​នោះ​មិនដឹង​ថា​ទាក់​នឹង​អ្វី​ទេ​ ស្រាប់តែ​លង់ទឹក​ធ្វើ​ដៃ​ខ្វៃ​ៗ ភ្លាម​ៗ​នោះ​បុរស​២​នាក់​ដែល​ហែល​ទឹក​មក​ដល់​ច្រាំង​ហើយ​នោះ​ក៏​បាន​ហែល​ទៅ​ជួយ ជា​អកុសល​បាន​លង់ទឹក​លិច​បាត់​ទៅ​ហើយ ។

ក្រោយ​ពេល​កើតហេតុ​ ស្ត្រី​ជា​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ដែល​លក់ដូរ​នៅ​ក្បែរ​នោះ​ដែរ បាន​មក​ដល់​កន្លែង​កើតហេតុ​ស្រែក​ទ្រហោយំ​រៀបរាប់​ថា សព្វថ្ងៃ​គាត់​មាន​តែ​កូនស្រី​ម្នាក់​អាយុ​៤​ខួប មាន​ប្តី​គ្រាន់​ជួយ​រកស៊ី​ចិញ្ចឹម ឥឡូវ​អត់​ពី​ប្តី​គ្មាន​​អ្នក​ណា​ជួយ​ផ្គត់ផ្គង់​ជីវភាព​តទៅ​ទៀតទេ​ ។

ដោយសារ​តែ​អាណិត​ប្តី​ដែល​លង់ទឹក​បាត់​រក​សព​មិនឃើញ​ព្រោះ​ទឹក​ហូរ​ផង​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ជួល​ជនជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ដែល​ជា​ក្រុម​អ្នក​រាវរក​សព មុន​ដំបូង​ក្រុម​អ្នក​រាវរក​ក​សព​បាន​ទារ​តម្លៃ​៨០០ដុល្លារ តែ​ស្ត្រី​ជា​ប្រពន្ធ​អត់​មាន​លុយ​ ក៏​បាន​ចុះ​មក​នៅ​៤០០ដុល្លារ​ ។

ទោះបីជា​ជួល​ក្រុម​រាវរក​សព​ទាំង​យប់​ក៏​រាវរក​សព​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ព្រោះ​ទឹក​ហូរ ខ្លាំង​ពេក ត្រូវ​បាន​ក្រុម​អ្នក​រាវរក​សព​បាន​ប្រាប់​ថា​ចាំ​ស្អែក​ទើប​រាវរក​បន្ត​ទៀត ៕