អ្នកលក់​សាំង ​និង​អ្នកជក់បារី រត់ប្រះអាយុអស់…

128

ខេត្ត​ព្រះ​សីហ​នុ ៖ ផ្សែង​ខ្មៅខ្មួល​ហុយ​ទ្រលោម​ទៅ​លើ​អាកាស វេលា​ម៉ោង​ប្រមាណ​១០​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា នៅ​ចំណុច​មុខ​ផ្សា​រលើ​ ជិត​ចំណតរថយន្ត ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ខ្លាំង​ក្នុង​ឧបទ្ទវ​ហេតុនេះ ។ លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការ​រង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ ទទួល​ផែន​ពន្លត់​អគ្គិភ័យ​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​អគ្គិភ័យ​នេះ​បាន​ឆាបឆេះ​ទីតាំង​លក់​សាំង​ដប និង​មាន​ប៊ីដុង​ប្រេង​ជា​ច្រើន​ទៀត ។ ចំណុច​
ដែល​ភ្លើង​ឆាបឆេះ​នេះ​ស្ថិត​នៅ​ក្នុងភូមិ​១ សង្កាត់​លេខ​២ កណ្តាល​ក្រុងព្រះសីហនុ ។

Loading...

លោក​ឧត្តមសេនីយ៍ ប៊ូ សុធី​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​ឆាបឆេះ​ខាងលើ​នេះ តាម​ការ​ដកស្រង់​សម្តី​ពី​សាក្សី ​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ដើមហេតុ​បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​នេះ ដោយសារ​អ្នកបើកបរ​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​មួយ​គ្រឿង ដែល​ចូល​ទៅ​ចាក់​សាំង​ដប​នោះ​ជក់បារី ទើប​បណ្តាល​ឱ្យ​ឆាបឆេះ​សន្ធោសន្ធៅ​តែ​ម្តង ។ អ្នកលក់​សាំង​ដប​នេះ​ឈ្មោះ​អុ​ី ច្រឹប ។

លោកស្នងការ​រង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​រថយន្ត​ប្រភេទ​ទេសចរណ៍​ចំនួន​៤​គ្រឿង មាន​១-​ម៉ាក​ឡិច​ស៊ី​ស RX300 ចំនួន​២​គ្រឿង ២-​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ១​គ្រឿង ៣-​ម៉ាក​ម៉ូ​នី​ង ១​គ្រឿង និង​ម៉ូតូ​រុ​ឺ​ម៉ក​មួយ​គ្រឿង​បាន​ឆេះ​ខូចខាត​ទាំងស្រុង សល់​តែ​ឆ្អឹង​ដែក និង​ឆេះ​អគារ​ប្រៃសនីយ៍​នៅ​ក្បែរ​នោះ​មួយ​ខ្នង ។

ចំណែក​ទីតាំង​លក់​ប្រេង​ជា​កន្លែង​កើតហេតុ​និង​សម្ភារ ក្នុង​ទីតាំង​នេះ​ក៏​ត្រូវ​ឆេះ​អស់ទាំង​ស្រុង ប៉ុន្តែ​មិន​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឬ​បាត់បង់​អាយុជីវិត​ទេ ។ ទោះបីជា​បែប​ណា​ក្តី អគ្គិភ័យ​បាន​រលត់​ទៅ​វិញ​ក្រោយ​រយៈពេល​ជាង​កន្លះ​ម៉ោង​ដោយសារ​មាន​អន្តរាគមន៍ ពី​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ​និង​ក្រុម​ជួយ​សង្គ្រោះ​ចម្រុះ ។

បើ​តាម​លោក​ឧត្តមសេនីយ៍ត្រី ប៊ូ សុធី បាន​មាន​ប្រសាសន៍​ថា ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្ថែម ខណៈ​ភាគី​អ្នកលក់​សាំង​និង​ម្ចាស់​រុ​ឺ​ម៉ក​បាន​រត់គេច​ខ្លួន​បាត់​អស់ ។ ការ​ពន្លត់​អគ្គិភ័យ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ចំនួន​១៤​គ្រឿង ។ ការ​លក់​សាំង​ដប​ប្រឈម​ហា​នី​ភ័យ​ខ្ពស់ ៕ ​