សម្តេច​តេ​ជោ ៖ គ្រប់​ភាគី​សហការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព

119

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​​អះអាង​ថា គ្មាន​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដែល​គ្មាន​ការ​ចួ​ល​រួម​ពី​ភាគី​ពាក់ព័ន្ធ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ។ ដូច្នេះ​ករណី​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ត្រូវ​មានការ​សហការ​គ្នា​ទាំង​ជាតិ និង​អន្តរជាតិ​។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ធ្វើ​ឡើង​ក្នុង​​សន្និសីទ​អន្តរជាតិ ថ្នាក់​តំបន់​ស្តី​ពី «​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណ​ភាព​» នា​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគា​សូ​ហ្វី​ទែ​ល​ភូ​កេ​ត្រា​។

Loading...

សម្តេច​បញ្ជាក់​ថា «​ការ​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​នេះ គ្មាន​ប្រទេស​អ្នក​ណាមួយ​ធ្វើ​តែ​ម្នាក់​ទទួល​បាន​ជោគជ័យ​នោះ​ទេ ។ ដូច្នេះ​យើង​ទាំងអស់​គ្នា ត្រូវ​បន្ត​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិការ​ឲ្យ​បាន​ជិត​ស្និត​បន្ថែម​ទៀត ទាំង​ការ​បង្កើន ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ការ​អនុវត្ត​ច្បាប់​តឹង​រឹង និង​ការ​ទទួលខុសត្រូវ​ដូច​គ្នា​រវាង​ប្រទេស​ដែល​មាន​ប្រភព​ផលិត ប្រទេស​ដែល​បាន​ប្រើប្រាស់​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព ដើម្បី​ទប់ស្កាត់ និង​លុប​បំបាត់ សកម្មភាព​ឲ្យ​មាន​ប្រសិទ្ធភាព​»​។

សម្តេច​លើក​ឡើង​ទៀត​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ត្រូវ​រៀបចំ និង​ចាត់វិធានការ​ណ៍​លើ​ការ​កែទម្រង់​ច្បាប់ និង​តាមដាន​ចាប់​រាល់​ជន​ទាំងឡាយ​ណា​ដែល​មានការ​ពាក់ព័ន្ធ ។ ប្រទេស​នីមួយ​ៗ​គួរ​បង្កើត​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​បទល្មើស​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​ក្នុង​គោលដៅ​សម្របសម្រួល​ផ្តល់​ព័ត៌មាន​ផ្សេង​ដល់​សាធារណជន និង​ក្នុង​តំបន់ ។

សម្តេច​ក៏​លើក​ឡើង​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ផង​ដែរ អាជ្ញាធរ​នៅ​តាម​ច្រកព្រំដែន​នៃ​ប្រទេស​នីមួយ​ៗ​ត្រូវធ្វើ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និត​ជា​មួយ​គ្នា​ក្នុង​ការ​ស្វែងរក​បទល្មើស​ផលិត​ឱសថ​ក្លែងក្លាយ និង​ប​ង្កើ​ក​កម្មវិធី​ផ្លាស់​ប្តូរ​ព័ត៌​មាន​គ្នា ដើម្បី​ធ្វើ ស៊ើប​ពី​ការ​ផលិត ការ​ចែកចាយ និង​អត្តសញ្ញាណ​ជន​ទាំងនោះ​ ។ ធ្វើ​ការ​សហការ​គ្នា​រវាង​ស្ថាប័ន​រដ្ឋ និង​ឯកជន ជា​ពិសេស​នោះ​ម្ចាស់​ក្រុមហ៊ុន​ផលិត ដើម្បី​ស្រាវជ្រាវ​រក​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ចាត់​វិធានការ ៕