បង្គោល​សម្គាល់​ភូមិសាស្ត្រ​ខេត្ត​កែប​និង​កំពត បាន​ត្រឹមតែ​បោះ​លេង

268

ខេត្តកំពត ៖ ការ​បោះបង្គោល​បែងចែក​ភូមិសាស្ត្រ​ រវាង​ខេត្តកំពត​និង​ខេត្ត​កែប តាំងពី​ឆាំ្ន​២០០៨ រហូត​មក​ដល់​ឆាំ្ន​២០១៨ អាជ្ញាធរ​ខេត្តទាំង​២​ នៅ​មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​ប្រាប់​ប្រជាពលរដ្ឋ​នៅឡើយ​ទេ​​ថា ពួក​គាត់​ជា​ពលរដ្ឋ​ខេត្តកំពត​ ឬ​ខេត្ត​កែប​នោះ​ទេ ដោយសារ​តែ​មិន​មានការ​ប្រកាស់​ជា​ផ្លូវការ​នៅឡើយ ។

Loading...

ទោះបីជា​បែប​ណា ការ​បោះបង្គោល​កាត់​ដីខេត្តកំពត​ចំនួន​២​ឃុំ​ គឺឃុំ​កូន​សត្វ ស្រុក​ទឹកឈូ និង​ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ដែលត្រូវ​កាត់​ចូល​ទៅ​ខេត្ត​កែប ក៏​មិន​ទាន់​ជា​ផ្លូវការ​ដែរ គ្រាន់តែ​បោះបង្គោល​ចោល​ហើយ​ក៏​ស្ងាត់​ទៅ ។ ដោយសារ​តែ​ភាព​មិន​ច្បាស់លាស់​នេះ ធ្វើឱ្យ​អាជ្ញាធរ​ខេត្ត​ទាំង​២​ពិបាក​ធ្វើការ ព្រោះតែ​ភ្នំ​មួយ​នៅ​ចំណុចកណ្ដាល​កំពុង​រង​ការ​កាយ​យក​ដីលក់​យ៉ាង​អនាធិបតេយ្យ ហើយ​ពេល​អាជ្ញាធរ​ទាំង​២​ខេត្ត​ចុះ​ពិនិត្យ​ឃើញ​ថា​ត្រួត​គ្នា​ដែរ ។

លោក យ៉ុ​ង លី អាយុ​៥៥​ឆាំ្ន នៅ​ភូមិ​កណ្ដាលទួល ឃុំ​កំពង់ត្រាច​ខាងលិច និយាយ​ថា ការ​បោះ​បង្គោលព្រំ​ភូមិសាស្ត្រ​ខេត្ត​២​នេះ​មិន​ទាន់​ជា​ផ្លូវការ​ទេ ។ ចំណែក​គ្រួសារ​គាត់ មិន​ចង់​ផ្លាស់​ឈ្មោះ​ភូមិកំណើត​ចាស់​ទៅ​រស់នៅ​ខាង​ខេត្ត​កែប​នោះ​ទេ ។ លោក ចាប់ ម៉ៅ មេ​ភូមិ​កណ្ដាល​ទួល និយាយថា ប្រជាពលរដ្ឋ​ភាគច្រើន​មិន​ចង់​ផ្លាស់​ទៅ​នៅ​ខេត្ត​កែប​ទេ ។ ម្យ៉ាងទៀត ដោយសារ​តែ​ការ​កំណត់​ព្រំប្រទល់​ភូមិសាស្ត្រ​មិន​ទាន់​ច្បាស់​លាស់ ទើប​គ្រាន់តែ​ភ្នំ​គេ​កាយ​យក​ដី​លក់​រាល់ថ្ងៃ អាជ្ញាធរ​ខេត្ត​ទាំង​២​ចុះ​ត្រួតពិនិត្យ​២​ផ្សេង​គ្នា ។

លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច​មាន​ប្រសាសន៍​ថា លោក​គ្រោង​បង្កើត​គណៈ​កម្មការ​ស្រុក​ទាំង​២ គឺ​ស្រុក​ដំណាក់​ចង្អើរ​និង​ស្រុក​កំពង់ត្រាច ពិភាក្សា​គ្នា​កំណត់​ពី​ភូមិសាស្ត្រ​គ្រប់គ្រង​ឲ្យ​បាន​ជាក់លាក់ ងាយ​ស្រួល​​ធ្វើការ ។

លោក​មេ​ភូមិ​ចម្ការ​បី ឃុំ​ពង់​ទឹក ស្រុក​ដំណាក់ចង្អើរ ដែល​មាន​ភូមិសាស្ត្រ​ជាប់​នឹង​ឃុំ​កំពង់​ត្រាចស្រុក​កំពង់ត្រាច ក៏​បាន​ត្អូញត្អែរ​ពិបាកធ្វើ​ការ​ដែរព្រោះ​មិន​ទាន់​បែងចែក​ភូមិសាស្ត្រ​ឱ្យ​បាន​ច្បាស់លាស់ សូ​ម្បី​
តែ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើតឡើង​ក៏​សមត្ថកិច្ច​នៅ​ប្រចាំ​គ្នា​ដែរ ។ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​បាន​ទេ ជុំវិញ​ការ​មិន​ប្រាកដប្រជា​នៃ​ទីតាំង​ភូមិសាស្ត្រ​ទាំង​២​នេះ ។

កាលពី​អតីតកាល ភូមិសាស្ត្រ​នេះ​ស្ថិត​នៅ​ក្នុង​ខេត្តកំពត​តែ​មួយ​ទេ ហើយ​ក្រុងកែប​គ្រាន់តែ​ជា​តំបន់​កម្សាន្ត​ឆ្នេរសមុទ្រ​មួយ​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​ប៉ុណ្ណោះ និង​ទើបតែ​កាត់​ចេញពី​គ្នា​ដោយ​ដំឡើង​ក្រុងកែប​ទៅ​ជា​ខេត្ត​កែប កាលពី​ឆ្នាំ​២០០៨​កន្លង​មកនេះ ៕ ​