OPPO នឹង​ពង្រីក​ខ្លួន​កាន់តែ​ខ្លាំង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍

134

ក្រុមហ៊ុនទូរស័ព្ទ OPPO ដែល​ជា​ក្រុមហ៊ុន​ក្មេងខ្ចី​មួយ​របស់​ចិន បាន​ពង្រីក​ខ្លួន​កាន់តែ​ឆាប់​រហ័ស ក្នុង​ប្រទេស​ចិន និង​ទូ​ទាំង​ពិភពលោក ហើយ​ជា​ពិសេស​នោះ OPPO បាន​និង​​កំពុង​សម្លឹង​មើល​ទីផ្សារ ​និង​សក្ដានុពល​ក្នុង​ពង្រីក​ខ្លួន ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ និង​ត្រៀម​ខ្លួន​វាយ​លុយ​កាន់តែ​ខ្លាំង​នៅ​បណ្ដា​ប្រទេស​ទាំងនោះ ។

Loading...

ជាក់ស្ដែង ដើម្បី​អោយ​ផ្ដល់​ទំនុកចិត្ត​ទាំង​គុណភាព និង​សង្វា​ក់​ផលិតកម្ម​របស់​ខ្លួន​ដល់​អ្នក​​ប្រើប្រាស់ ក្រុមហ៊ុន​យក្ស​មួយ​នេះ បាន​អញ្ជើញ អ្នក​សារព័ត៌មាន ពី​ប្រទេស​មួយ​ចំនួន​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ទស្សនកិច្ច​នូវ​ដំណើរការ​ផលិត​របស់​ខ្លួន​នៅ​រោងចក្រ​ផ្ទាល់​តែ​ម្ដង ។

តាម​រយៈ​បទ​បង្ហាញ​របស់​តំណាង​ក្រុមហ៊ុន OPPO នៅ​ការិយាល័យ​លក់ នា​ប្រទេស​ចិន បានអោយ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ទូរ​ស័ព្ទ OPPO ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​មិន​ទាន់​បាន​​១០​ឆ្នាំ​នៅឡើយ​ទេ តែ​ផលិតផល​នេះ​ត្រូវ​បាន​ទទួលស្គាល់​ជា​លក្ខណៈ​សាកល ដែល​​ធ្វើ​អោយ​ក្រុមហ៊ុន​នេះ បាន​ប្រកាស​ចេញ​លក់​នូវ​ផលិតផល​ថ្មី​ៗ​ជា​បន្តបន្ទាប់ ជា​មួយនឹង​ការ​រចនា​អោយ​មាន​រូបរាង​ស្រស់​ស្អាត និង​គុណភាព​កាន់តែ​ខ្លាំង ដោយ​បំពាក់​នូវ​មុខងារ​កាន់តែ​ពិសេស​ជាង​ម៉ូ​ដែល​មុន​ៗ ។

ក្រុមហ៊ុន OPPO ត្រូវ​បាន​ស្ថាបនិក​ដាក់​ពាក្យស្លោក​មួយ​ថា ជា​ក្រុមហ៊ុន​វ័យក្មេង​ជំនាញ​ក្មេង (A Young Company with Young Talents ) ដោយ​ក្នុង​នោះ​សូ​ម្បី​តែ​បុគ្គលិក​របស់​ក្រុម​ហ៊ុន​នេះ ត្រូវ​បាន​ជ្រើសរើស​ឡើង​សុទ្ធតែ​មាន​វ័យក្មេង​ៗ ចន្លោះ​ពី ២៩ ដល់​៣៩​ឆ្នាំ ហើយ​សូ​ម្បី​តែ​អ្នកគ្រប់គ្រង​ធំ​របស់​ក្រុមហ៊ុន​នេះ​ទើប​មាន​តែ​អាយុ​៣២ ឆ្នាំ ប៉ុណ្ណោះ ។

បុគ្គលិក​ថ្មី​ៗ​ទាំងអស់​ត្រូវ​បណ្ដុះបណ្ដាល​យ៉ាង​ស្ទាត់ជំនាញ មុន​នឹង​អនុញ្ញាតិ​អោយ​ចូល​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​ជា​ផ្លូវការ ។ ការ​ធ្វើ​បែប​នេះ ព្រោះ​ក្រុមហ៊ុន​ចង់​បណ្ដុះបណ្ដាល​ធន​ធានមនុស្ស​ពី​ក្មេង​ៗ និង​ពោរពេញ ទៅ​ដោយ​សក្ដានុពល​បម្រើ​ការងារ ហើយ​បើ​ទោះ​បីជា​ពួក​គេ​ចាក​ចេញពី​ក្រុមហ៊ុន OPPO ក៏​ដោយ​ក៏​ពួក​គេ មាន​ជំនាញ​មួយ​ច្បាស់​លាស់​នៅ​ក្នុង​ខ្លួន​របស់​ពួក​គេ ។

តំណាង​ក្រុមហ៊ុន OPPO បាន​បន្ថែម​ទៀត​ថា ផលិតផល​របស់​ខ្លួន បាន​ផ្ដោត​សំខាន់​ទៅ​លើ​​ភាព​ស្រស់​ស្អាត ឬហៅ​ថា Beauty ជាក់ស្ដែង​កា​ម៉េ​រា​របស់ OPPO ត្រូវ​បាន​រចនា​ឡើង ដោយ​មាន​ភាព​ច្បាស់ និង​ថតរូប​បាន​ស្អាត ជាក់ស្ដែង​ទូរ​សព្ទ័ ស៊េរី​ថ្មី ដែល​នឹង​ចេញ​​លក់​នៅ​ពេល​ខាង​មុខ​នេះ គឺ OPPO FIND X និង OPPO R17 Pro មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ថតរូប មិន​ថា​ពេល​ថ្ងៃ​ឬ​យប់​ឡើយ ដែល​បច្ចេកវិទ្យា​ទូរ​សព្ទ័​ផ្សេង​ៗ មិន​ទាន់​បាន​រចនា​ឡើង​នៅឡើយ ។

អ្វី​ដែល​ពិសេស​ទៀត​នោះ ដោយសារ​តែ​មើលឃើញ​ថា​អ្នក​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន ភាគ​ច្រើន ត្រូវ​កាន់​ថ្ម​ជំនួយ ឬ Power Bank តាម​ជាប់​ខ្លួន​ជា​និច្ច​នោះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់ OPPO ត្រូវ​បាន​រចនា​ឡើង​អោយ​ថ្ម​កាន់​បាន​យូរ និង​សាក​ថ្ម​ឆាប់​ពេញ ។ បច្ចេកវិទ្យា​ពាក់​ព​ន្ធ័​ជាមួយនឹង​ថាមពល​នេះ​ដែរ ត្រូវ​បាន​ដាក់​ឈ្មោះ​ថា VOOC ជាក់ស្ដែង​បច្ចេក​វិទ្យា VOOC សាក​ថ្ម​តែ​៣០​នាទី​អាច​បាន​រហូត​ដល់ ៧០​ភាគរយ​ឯណោះ ដែល​ជា​បច្ចេកវិទ្យា សាក​ថ្ម​លឿន​ជាងគេ​៤​ដង​ឯណោះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​បង្ហាញ​ពី​គុណភាព​ខ្លាំង​របស់ OPPO ក្រុមហ៊ុន​នេះ បាន​អនុ​ញ្ញាត​​អោយ​អ្នក​សារព័ត៌មាន​ពី​តំបន់​អាស៊ាន ចូល​ទស្សនា​ផ្ទាល់​នូវ​រោងចក្រ​ផលិត​ទូរ​ស័ព្ទ OPPO ហើយ​ជា​ការ​កត់សម្គាល់ រាល់​ផលិតផល​មុន​នឹង​បញ្ចេញ​លក់​នៅ​លើ​ទីផ្សារ ត្រូវ​ក្រុម​អ្នកជំនាញ ធ្វើ​ពិសោធន៍​យ៉ាង​ល្អិតល្អន់ ជាក់ស្ដែង ទូរ​សព្ទ័ OPPO R17 Pro ត្រូវ​បាន​យក​ទៅ​ពិសោធន៍ បោក​ផង កាច់​ផង ដើម្បី​អោយ​ដឹង​ថា​តើ​មានការ​ប្រះ​ស្នាម​ប៉ុន​ណា រឹង​មាំ​ប៉ុនណា ហើយ​រាល់​ការ​បោក​ក្នុង​ទូរ​សព្ទ័​មួយ​គ្រឿង​មាន​ប្រមាណ​រាប់​ម៉ឺន​ដង​ឯណោះ ៕ ដោយ​សហ​ការ