គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​ក្នុង​ទី​ក្រុងប៉ារីស

រាជធានី​ភ្នំពេញ ៖ ក្នុង​ឱកាស​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទី​ក្រុងប៉ារីស គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​និង​លោកស្រី បាន​អញ្ជើញ​ទៅ​ទស្សនា​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ (PC Lutece) នៃ​ទី​ក្រុងប៉ារីស​ដើម្បី​សិក្សា​ស្វែង​យល់ និង​ដក​ពិសោធន៍​លើ​ការ​គ្រប់គ្រង​ចរាចរ​ក្នុង​ទីក្រុង​សម្រាប់​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង បាន​ថ្លែង​ថា បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​(JICA)​ក្នុង​ការ​ដំឡើង​មជ្ឈមណ្ឌល​គ្រប់គ្រង​ចរាចរ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​ក្នុង​អាគារ​រដ្ឋបាល​រាជធានី​ភ្នំពេញ​តែ​ម្តង​។

លោក​ឃួ​ង ស្រេង បាន​លើក​ឡើង​ដែរ​ថា រាជធានី​ភ្នំពេញ​ស្វាគមន៍​ចំពោះ​ការ​ជួយ​ឧបត្ថម្ភ​ពី​ទី​ក្រុងប៉ារីស ជា​ពិសេស​លើ​ការ​កែ​លំអរ​ប្រព័ន្ធ​ចរាចរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង យើង​ស្វាគមន៍​គ្រប់​ដៃគូ​អភិវឌ្ឍ​។

ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ យើង​នឹង​បន្ត​ពង្រឹង​បន្ថែម​នូវ​កិច្ចសហការ​គាំទ្រ សម្របសម្រួល និង​គាំពារ​ផលប្រយោជន៍​ស្របច្បាប់​ដល់​ក្រុមហ៊ុន​បារាំង​ទាំងអស់​ដែល​បាន​មក​វិនិយោគ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ឲ្យ​ការ​វិនិយោគ​ប្រព្រឹត្ត​ទៅ​បាន​ងាយស្រួល និង​ឆាប់រហ័ស​។

យើង​ជឿជាក់​ថា ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន កម្ពុជា​នឹង​បន្ត​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដោយ​រក្សា​បាន​នូវ​ស្ថិរភាព និង​សន្តិភាព ដែល​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​វិនិយោគ និង​ពាណិជ្ជកម្ម​៕