អភិបាល​រាជធានី​ភ្នំពេញ ជួប​ពិភាក្សា​ការងារ​ជាមួយ​តំណាង​ក្រសួង​កិច្ចការបរទេស​នៃ​សាធារណរដ្ឋ​បារាំង

65

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ រួម​ដំណើរ​ដោយ​លោក ចែ​ម វិទ្យា ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​បារាំង និង​គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Pauline CARMONA អនុប្រធាន​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី នៃ​ក្រសួង​កិច្ចការបរទេស​សាធារណរដ្ឋ​បារាំង នា​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។

Loading...

ក្នុង​ជំនួប​ពិភាក្សា​ការងារ លោក​អភិបាល​បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ដ៏​យូរអង្វែង​របស់កម្ពុជា​-​បារាំង ដែល​បាន​ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​ក្នុង​ការ​ស្វែងរក​សន្តិភាព និង​បាន ថ្លែងអំណរគុណ ដល់​រដ្ឋាភិ
បាល​បារាំង ក៏​ដូច​ជាទី​ក្រុងប៉ារីស ដែល​បាន​ផ្ដល់​ជំនួយ​ជា​បន្តបន្ទាប់ រួម​ទាំង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​ក៏​ដូច​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ក្រម​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី នា​ពេល​កន្លង​មក​។

ក្នុង​ឱកាស​នោះ​លោក​អភិបាល បាន​ស្នើ​ក្រសួង​កិច្ចការបរទេស​នៃ​សាធារណរដ្ឋ​បារាំង តាមរយៈ​លោកស្រី CARMONA និង​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង​អូ​សេ​អា​នី បន្ត​ការ​គាំទ្រ​បន្ថែម​ទៀត​លើ​កិច្ចការ​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​បារាំង និង​រាជធានី​ភ្នំពេញ​-​ទី​ក្រុងប៉ារីស ព្រមទាំង​បន្ត​គាំទ្រ​លើ​គម្រោង​នានា ដែល​អាច​ជួយ​ឲ្យ​រាជធានី​ភ្នំពេញ​អាច​ក្លាយជា​ទីក្រុង​បៃតង និង​ទីក្រុង​ឆ្លាត​វៃ​នា​ពេល​អនាគត​។

ភាគី​ទាំង​ពីរ​បាន​ពិភាក្សា និង​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​អភិវឌ្ឍន៍​ខ្សែ Tramway ក្នុង​ជំហាន​ទី​៣​នៃ​ការ​សិក្សា​។ លោកស្រី CARMONA បាន​កោតសរសើរ​ដល់​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​របស់ព្រះរាជាណា
ចក្រ​កម្ពុជា និង​បន្ត​គាំទ្រ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​គម្រោង​នានា និង​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​បារាំង​ឲ្យ​មក​វិនិយោគ​ក្នុង​រាជធានី​ភ្នំពេញ​លើ​វិស័យ​អភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​បៃតង និង​កសិកម្ម​បៃតង​៕