ឆ្នាំ​ក្រោយ តម្លៃ​អង្ករ​នឹង​កើនឡើង ព្រោះតែ​តម្រូវការ​នាំ​ចេញ

154

ទីក្រុង​បាងកក ៖ កសិករ​ដាំ​ស្រូវ​អាច​នឹង​មើលឃើញ​តម្លៃ​អង្ករ​កើនឡើង ព្រោះតែ​មាន​តម្រូវការ​នាំ​ចេញ​ខ្ពស់ ខណៈ​ដែល​អង្ករ​ស្តុក​របស់​រដ្ឋ​នៅ​ខ្វះខាត ។

Loading...

លោក Whichai Phochanakij ប្រធាន​គ្រប់គ្រង​នាយកដ្ឋាន​ពាណិជ្ជកម្ម​ក្នុងស្រុក​របស់​ប្រទេស​ថៃ​បាន​និយាយ​ថា ទិន្នផល​ស្រូវ​ប្រចាំឆ្នាំ​ដែល​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​តុលា ត្រូវ​បាន​ព្យាករណ៍​ថា ស្មើនឹង​ប្រមាណ​៣៣,៤២​លាន​តោន ។ លោក​បន្ត​ថា តម្រូវការ​ទាំង​សម្រាប់​ការ​លក់​ក្នុងស្រុក និង​ការ​នាំ​ចេញ​អាច នឹង​ស្មើ​ដល់​ទៅ​៣៤,០៣​លាន​តោន។

លោក Whichai បាន​បន្ថែម​ថា ៖« ដោយ​មិន​មាន​វត្តមាន​អង្ករ​ស្តុក​ទុកជា​ច្រើន​របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​សម្ពាធ​លើ​ទីផ្សារ​អង្ករ​ពិភពលោក និង​តម្រូវការ​ទិញ​ដ៏​រឹង​មាំ ពួក​យើង​គិត​ថា រដូវ​ប្រមូល​ទិន្នផល​ប្រចាំឆ្នាំ​នេះ​នឹង​រកបាន​ប្រាក់​ចំណូល​កាន់តែ​ខ្ពស់​ជាង​មុន​សម្រាប់​កសិករ​។ ជា​ពិសេស​តម្លៃ​អង្ករ​ក្រអូប​នឹង​កើនឡើង​យ៉ាង​ខ្លាំង ព្រោះតែ​មានការ​ដាំ​ដុះ​ទាប​ក្នុងអំឡុងពេល​គ្រោះ​រាំង​ស្ងូ​ត »​។

ផលិតកម្ម​អង្ករ​ក្រអូប​ក្នុង​អំឡុង​ពី​ឆ្នាំ ២០១៨-២០១៩ អាច​នឹង​ធ្លាក់​ចុះ​ប្រមាណ ២០% បើ​ធៀប​នឹង​រដូវ​មុន ព្រោះតែ​តំបន់​ខាងជើង និង​តំបន់​ភាគ​ឦសាន​មាន​គ្រោះ​រាំង​ស្ងួត ។

ការ​ស្ទង់​មតិរួម​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹង​ថា ផលិតកម្ម​អង្ករ​កម្រិត​ខ្ពស់​នៅ​ខេត្ត​មួយ​ចំនួន​ដូច​ជា Roi Et, Nakhon Ratchasima, Sri Sa Ket, Surin, Buri Ram, Khom Kaen និង​ខេត្ត Chaiyaphum ទទួល​​រង​គ្រោះ​យ៉ាង​ខ្លាំង​ពី​គ្រោះ​រាំង​ស្ងួត​នេះ ។

លោក Whichai បាន​ឲ្យ​ដឹង​ទៀត​ថា ៖« បើ​ទោះជា​មានការ​ផ្គត់ផ្គង់​ច្រើន​ក្នុង​អំឡុង​ខែ​វិច្ឆិកា និង​ខែធ្នូ​ឆ្នាំ​នេះ​ពិតមែន ពួក​យើង​នៅ​តែ​គិត​ថា​តម្លៃ​អង្ករ​នឹង​កើនឡើង​ច្រើន​ជាង​ឆ្នាំ​មុន​សម្រាប់​គ្រប់​ប្រភេទ​អង្ករ ព្រោះ​ការ​កុម្ម​ង់​ទិញ​ពី​អតិថិជន​បរទេស​ដូច​ជា​ប្រទេស​ចិន ឥណ្ឌូ​ណេ​ស៊ី ហ្វី​លី​ពី​ន ជប៉ុន និង​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​នៅ​បន្ត​មាននៅ​ឡើយ »​។

ឆ្នាំ​នេះ​រដ្ឋាភិបាល​ថៃ​ដាក់​គោលដៅ​នាំ​ចេញ​អង្ករ​ប្រមាណ​១១​លាន​តោន ។ កាលពី​ឆ្នាំ​មុន​ប្រទេស​នេះ​នាំ​ចេញ​អង្ករ​បាន​ដល់​ទៅ​១១,៦​លាន​តោន ឬ​ច្រើន​ជាង​ឆ្នាំ​២០១៦​ដល់​ទៅ​១៧,៤% ដែល​មាន​តម្លៃ​ទឹកប្រាក់​៥,៣១​ប៊ី​លាន​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​២០១៦ ប្រមាណ​១២,៨% ។

ជុំវិញ​វិស័យ​អង្ករ​នេះ​ដែរ សម្រាប់​ចក្ខុវិស័យ មួយ​ចំនួន​បាន​លើក​ឡើង​ថា វិស័យ​នេះ​កំពុង​តែ​ស្ថិត​ក្នុង​ពេលវេលា​ដ៏​លំបាក​មួយ ខណៈ​ដេ​ល​ការ​ប្រកួតប្រជែង​មានការ​កើនឡើង បូក​រួម​ទាំង​កត្តា​បម្រែបម្រួល​អាកាសធាតុ​, កង្វះ​ពលករ និង​កង្វះ​ជំនាញ​បច្ចេកទេស​ជាដើម ។

ទស្សនវិស័យ​ដដែល​បាន​បង្ហាញ​ថា នៅ​ឆ្នាំ​២០៥០ ចំនួន​ប្រជាជន​សរុប​ជុំវិញ​ពិភព​លោក​​នឹង​កើន​ដល់​១០​ប៊ី​លាន​នាក់ ព្រោះតែ​កំណើន​ចំនួន​ប្រជាជន​នៅ​តំបន់​ដែល​ក្រីក្រ​នៅ​អាស៊ី និង​អាហ្វ្រិក ដែល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ពឹងផ្អែក​ទាំងស្រុង​លើ​អង្ករ​ជា​អាហារ ។

លោក Peter Ford ប្រធាន​ផ្នែក​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នៅ​ក្រុមហ៊ុន Corteva Agriscience បាន​ឲ្យ​ដឹង​ថា ៖« មាន​កត្តា​ជា​ច្រើន​ដែល​បាន​បង្ក​ជា​បញ្ហា​សម្រាប់​កសិករ ។ កំណើន​ចំនួន​ប្រជាជន​មាន​ន័យ​ថា មាន​តម្រូវការ​បង្កើន​ផលិតកម្ម ដើម្បី​ធានា​ដល់​ការ​ផ្គត់ផ្គង់​អាហារ​ជុំវិញ​ពិភពលោក »​។

តម្រូវការ​អង្ករ​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ប្រមាណ​ដល់​២៥%​ក្នុង​អំឡុង​ឆ្នាំ​២០១០ ទៅ​២០៣០ មក​ស្មើនឹង​៥៥០​លាន​តោន​ក្នុង​១​ឆ្នាំ​ហើយ​ប្រមាណ​២​ភាគ​៣​នៃ​តម្រូវការ​នេះ នឹង​មក​ពី​តំបន់​អាស៊ី ។

បញ្ហា​ដែល​កំពុង​តែ​ត្រូវ​បាន​ប្រឈម​ដោយ​ប្រជាជន គឺ​បម្រែបម្រួល​អាកាសធាតុ និង​ការ​កើនឡើង​កម្តៅ​ដែល​អាច​បង្ក​ឲ្យ​មានការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​ប្រមូល​ផល​ស្រូវ និង​ផលិតកម្ម​អង្ករ ។  វិទ្យាស្ថាន​ស្រាវជ្រាវ​គោលនយោបាយ​អន្តរជាតិ (IFPRI) ព្យាករណ៍​ថា តម្លៃ​អង្ករ​អាច​កើនឡើង​ច្រើន​ជាង​៣០%​ទៅ​ទៀត​នៅ​ឆ្នាំ​២០៥០ ប្រសិនបើ​មិន​មាន​វិធានការ​ទប់ស្កាត់​។

លោក Lawrence Wong រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ជាតិ និង​អនុរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​របស់​សិង្ហ​បុរី​បាន​និយាយ​ថា ៖« ការ​លូតលាស់​ផលិតកម្ម​អង្ករ​បាន​អន់​ថយ​យ៉ាង​ខ្លាំង និង​យឺត​ជាង​កំណើន​ចំនួន​ប្រជាជន​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក ហើយ​បម្រែបម្រួល​អាកាសធាតុ​កំពុង​តែ​ធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ​ផង​ដែរ »​។

អ្នកជំនាញ​គិត​ថា ដើម្បី​ធ្វើ​ឲ្យ​ផលិតកម្ម​អង្ករ​កាន់តែ​មាន​សក្តានុពល​ខ្ពស់ និង​ឆ្លងកាត់​ការ​គំរាមកំហែង​បាន​នោះ ភាគី​ដែល​ចូលរួម​ទាំងអស់​ត្រូវ​តែ​សហការ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ថ្មី​ៗ​សម្រាប់​វិស័យ​អង្ករ​ដែល​មាន​ចីរភាព និង​សមធម៌ ៕