ចោទ​ថា​ឆក់​ត្រី រើស​ដុំ​ថ្ម​ដុំ​ដី​គប់ត្រូវស្ត្រីម្នាក់ហូរឈាម​​កក្លាក់

124

ខេត្តកណ្តាល ៖ លោក ទី សំណាង ចៅក្រមសើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​យុវជន​២​នាក់ ដែល​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ម្នាក់​បណ្តាល​ឲ្យ​របួសធ្ងន់ ដោយ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ពី​បទ ​«​ហិង្សា​ដោយ​ចេ​តនា​មាន​ស្ថាន​ទម្ងន់ទោស​» ប្រព្រឹត្ត​នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង កាលពី​ថ្ងៃ​ទី​២៨ ខែតុលា វេលា​ម៉ោង​៩​ និង​៣០​នាទី​យប់ យោង​តាម​មាត្រ​២១៨​នៃ​ក្រមព្រហ្មទណ្ឌ ។

Loading...

យុវជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ ហ្វី សើ​គី​នី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ច្រាំង​ចំរេះ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ លី ម៉ាត់​សារី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​ខ្មែរ​អ៊ិ​ស្លា​ម និង​ជា​សន្តិសុខ​នៅ​ផ្សារ​ព្រែក​ឃ្លោក មាន​ទីលំនៅ​ក្នុងភូមិ​លេខ​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ ។ បច្ចុប្បន្ន​អ្នក​ទាំង​២​នាក់ ស្នាក់​នៅ​ភូមិ​ព្រែក​បាឡាត់​ឆឹង ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។

ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ឆេ​ង មុំ អាយុ​៣៤​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ក្តី ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ។ ចំពោះ​វត្ថុ​តាង​រួម​មាន ដុំ​ថ្ម​១​ដុំ ម៉ូតូ​២​គ្រឿង គឺ​ម៉ាក​វេ​វ​អាល់​ហ្វា ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ​១​គ្រឿង និង​ម៉ាក​ស៊ុ​យហ្សុ​៊​យ​គី​ស្មាស​វី ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១BL-៥២៥០​មួយ​គ្រឿង ។

លោក​អធិការ​នគរបាល​ស្រុក​ស្អាង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៨ ខែតុលា វេលា​ម៉ោង​៩​និង​៣០នាទី​យប់ ឈ្មោះ ហុ​ក ប៊ី អាយុ​៣៤​ឆ្នាំ បាន​ជិះទូក​ជាមួយ​ប្រពន្ធ​ឈ្មោះ ឆេ​ង មុំ ទៅ​រាយ​សន្ទូច​នៅ​ចុង​ព្រែក​ឃ្លោក ។ ពេល​នោះ​ ឈ្មោះ ហ្វី សើ​គី​នី​ន និង​ឈ្មោះ លី​ម ម៉ាត់​សារី ជិះ​ម៉ូតូ​ម្នាក់​មួយ​គ្រឿង​តាម​ផ្លូវ​ខាងត្បូង​ព្រែក​ឃ្លោក ជួប​ឈ្មោះ ហុ​ក ប៊ី និង​ឈ្មោះ ឆេ​ង មុំ កំពុង​នេសាទ​ត្រី និង​សង្ស័យ​អ្នក​ទាំង​ពីរ​ធ្វើ​សកម្មភាព​ឆក់ ក៏​បាន​សួរនាំ​និង​ត្រូវ​បាន​ប្រាប់​ថា​ គាត់​រាយ​សន្ទូច​ទេ ។

ប៉ុន្តែ​ដោយ​ជនសង្ស័យ​ឃើញ​អា​គុយ​១​នៅ​ក្នុង​ទូក​ក៏​សុំ​ពិនិត្យ​ទូក ប៉ុន្តែ​បុរស​ឈ្មោះ ហុ​ក ប៊ី មិន​ឲ្យ​ពិនិត្យ​ទេ និង​បាន​បញ្ឆេះ​ម៉ាស៊ីន​ទូក​ចេញ​សំដៅ​ទៅ​ទិស​ខាង​ពាម​សូរ បាន​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ ក៏​ត្រូវ​ឈ្មោះ លី​ម ម៉ាត់​សារី និង​ឈ្មោះ ហ្វី សើ​គី​នី​ន ជិះ​ម៉ូតូ​ដេញ​តាម​រួច​ឈប់​កាត់មុខ​ទូក ។ ពេល​នោះ​ឈ្មោះ លី ម៉ាត់​សារី បាន​រើស​ដុំ​ថ្ម​ក្បែរផ្លូវ​គប់​សំដៅ​ទូក​ជន​រង​គ្រោះ​ចំនួន​១​ដុំ ចំណែក​ឈ្មោះ ហ្វី សើ​គី​នី​នបាន​រើស​ដុំ​ដី​គប់​សំដៅ​ទូក​ចំនួន​២​ដុំ បណ្តាល​ឲ្យ​ត្រូវ​ចំ​ផ្ទៃមុខ​ស្ត្រី​ឈ្មោះ ឆេ​ង មុំ ដែល​អង្គុយ​នៅ​ក្បាលទូក​របួស​ហូរ​ឈាមស​ស្រាក់។

ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ នគរបាល​ប៉ុស្តិ៍​ត្រើយ​ស្លា បាន​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ នាំ​ជន​រង​គ្រោះ​យក​មក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តា​លន់ ។ ចំណែក​យុវជន​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​មក​ប៉ុស្តិ៍​នគរបាល​ត្រើយស្លា​ដើម្បី​សាកសួរ និង​បន្ត​អនុវត្ត​តាម​នីតិវិធី ។ មិនដឹង​ថា ជន​ទាំង​២​នាក់​មាន​ភារកិច្ច​អ្វី​បានជា​ហ៊ាន​ធ្វើ​បែប​នេះ?