អ្នកបួស​គួរ​ធ្វើ​ជីវិត​ឱ្យ​មាន​ប្រយោជន៍

132

ដើម្បី​ញុំាង​ជីវិត​របស់​ខ្លួន​ឱ្យ​មាន​ន័យ​សម្រាប់​ជាតិ​និង​សាសនា បើជា​អ្នកបួស​លោក​បាន​បំពេញ​ការ​សិក្សា​ក្បួនច្បាប់​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា​ឱ្យ​បាន​ចេះ​ដឹង​ច្បាស់លាស់ ហើយ​ប្រតិបត្តិ​តាម​ការ​ចេះ​ដឹង​នោះ​ឱ្យ​ប្រាកដ​ផង និង​ត្រូវ​បំពេញ​មុខងារ​តាម​តួនាទី​របស់​បព្វជិត​ដោយ​បរិបូណ៌​ផង ទើបបាន​នាម​ថា បព្វជិត​គ្រប់លក្ខណៈ​។ តែបើ​អ្នកបួស​ប្រព្រឹត្ត​ខ្ជះខ្ជាយ​ពេលវេលា ខ្ជិលច្រអូស រៀន​មន្តអាគម ធ្វើ​ពេ​ទ្រ ធ្វើ​ហ្ម ស្រោច​ទឹក ចងខ្សែ ចារ​យ័ន្ត​បោកប្រាស់​អ្នក​ដទៃ ដែល​ជា​អំពើ​ប្រាសចាក​ធម៌​វិន័យ​មិន​សមជា​បព្វជិត​ឡើយ ។

Loading...

ប្រាកដ​ណាស់​ជីវិត​ដែល​មាន​តម្លៃ​នោះ គឺ​ពុំ​មែន​ទាល់តែ​រស់នៅ​លើ​គំនរ​មាសប្រាក់ ទ្រព្យសម្បត្តិ យសស័ក្តិ​ឋាន​ខ្ពង់ខ្ពស់​ទើប​មាន​តម្លៃ​នោះ​ទេ បញ្ហា​ដែល​សំខាន់​ជាង​នេះ​គឺ​គប្បី​អប់រំ​កាយ វាចា ចិត្ត ឱ្យ​ប្រកបដោយ​គុណធម៌ ចរិយា​ធម៌ ជា​ធម្មិក​ជន និង​បាន​បំពេញ​តួនាទី ជា​មនុស្ស​ដែល​ផ្តល់​ផលប្រយោជន៍​ដល់​សង្គម និង​មនុស្សជាតិ​គ្រប់​រូប ។

ចំណែក​ក្នុង​ភេទ​ជា​គ្រហស្ថ​វិញ អ្នក​នោះ​មានចិត្ត​ប្រកបដោយ​មនុស្សធម៌ មាន​ប្រាជ្ញា​ស្គាល់​ការ​ខុស​ត្រូវ ជ្រៅ​រាក់ ចេះ​សម្រប​ខ្លួន​ក្នុង​សង្គម មិន​ប្រព្រឹត្ត​ច្រងេងច្រងាង​កោងកាច អុង​អាត់ លើកកម្ពស់​ខ្លួនឯង​ដូច​ដងទង់ ហើយ​មើលងាយ​អ្នក​ដទៃ ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​សីលធម៌​របស់​មនុស្សជាតិ ទាំង​បាន​បំពេញ​ប្រយោជន៍​ដល់​ប្រទេស​ជាតិ ដល់​សាសនា ដល់​ខ្លួន ដល់​គ្រួសារ និង​ដល់​សាធារណជន​ផង ដោយ​កម្លាំងកាយ វាចា ចិត្ត និង​កម្លាំង​ទ្រព្យ​តាម​ដែល​អាច​ប្រព្រឹត្ត​ទៅ​បាន ។

ជីវិត​បែប​នេះ​ទោះជា​ក្រ​ហ​ស្ថ​ក្តី បព្វជិត​ក្តី​ឈ្មោះ​ថា​ជា​ជីវិត​រស់នៅ​ប្រកបដោយ​ប្រយោជន៍​ពិត​ៗ ព្រោះ​សប្បុរសជន​ទាំងនោះ​គេ​បាន​បំពេញ​កិច្ចការ​ដ៏​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ ដល់​សាសនា ហើយ​ស្នាដៃ​ទាំង​អស់នេះ​ជា​មហាកុសល ជា​ស្បៀង ជា​កំណប់ ទ្រព្យ​អាច​ជូន​ផល​ដល់​ខ្លួន​គេ​វិញ​ឱ្យ​បាន​សុខ​ទាំង​ក្នុង​លោក​នេះ និង​ទៅ​លោក​ខាង​មុខ​ជាក់​ជា​មិន​ខាន ។