ជីវិត​ជា​មនុស្ស​ជា​សត្វ​ជា​តួខ្លួន​មិន​មាន​ទេ

224

សត្វលោក​គ្រប់​គ្នា​ដែល​រស់នៅ​គឺជា​ការ​ប្រព្រឹត្ត​ទៅ​នៃ​ជីវិត​ដែល​ដូរ​ផ្លាស់ ផ្លាស់​ប្តូរ​បន្ត​គ្នា​ពុំ​ចេះ​ដាច់​ឡើយ​។ ព្រះពុទ្ធ​ទ្រង់​បាន​ត្រាស់​សម្ដែង​អំពី​ជីវិត​ថា ជីវិត​នេះ​ជា កុសល​ក៏​មាន ជា​អកុសល​ក៏​មាន ជា​អព្យាកត​ក៏​មាន និង​ជីវិត​ជា​ធម៌​កើត​ដោយហេតុ​-​បច្ច័យ ក៏​មាន ។

Loading...

ជីវិត​អតីតៈ​មិនមែន​ជា​ជីវិត​បច្ចុប្បន្ន ហើយ​ក៏​មិនមែន​ជា​ជីវិត អនាគត​, ជីវិត​ក្នុង​អនាគត​មិនមែន​ជា​ជីវិត​បច្ចុប្បន្ន មិនមែន​ជា​ជីវិត​អតីតៈ និង​ជីវិត​បច្ចុប្បន្ន​មិនមែន​ជា​ជីវិត អតីតៈ មិនមែន​ជា​ជីវិត​អនាគត​ឡើយ តែង​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​របស់​ជីវិត ។

អត្តភាព​មនុស្ស​យើង​ម្នាក់​ៗ ក្នុង​មួយ​ជាតិ មួយ​កំណើត គឺ​មានជីវិត​យ៉ាង​នេះឯង ដែល​ជា​ជីវិត សន្តតិ គឺ​តំណ ដូច្នេះ​ជីវិត​ជា​មនុស្ស ជា​សត្វ ជា​តួខ្លួន​ពុំ​មាន​ទេ តែ​ជីវិត​គឺជា​រូបធម៌ និង​ជា​នាម​ធម៌ ដែល​សម្រេច​បាន​យ៉ាង​ត្រឹមត្រូវ​ពិតប្រាកដ​តាម ហេតុ តាម​បច្ច័យ ដែល​ជា​មេ​ញ៉ាំង​ជីវិត​ឱ្យ​កើតឡើង ។

ជីវិត​កើតឡើង មាន​តួនាទី​ជា​អ្នក​តាម​អនុបាល​រក្សា​នូវ​សហ​ជាតិធម៌​ឱ្យ​តាំងនៅ ហើយ​ក៏​បាន​បែកធ្លាយ​ទៅ​វិញ ខណៈ​នេះ​គឺ​ស្លាប់​ទៅ​វិញ​ព្រម​គ្នា ដោយ​សហ​ជាតិធម៌ ដូច្នេះ​ជីវិត ត្រូវ​បាន​បញ្ចប់​ត្រឹមតែ​ប៉ុណ្ណេះ​ឯង​។ ចំណែក​ជីវិត​ដែល​មាន​រយៈពេល ៦០​ឆ្នាំ ឬ​៧០​ឆ្នាំ ឬ​ក៏​១០០​ឆ្នាំ ពុំ​មាន​ឡើយ ប៉ុន្តែ​ដែល​យើង​តែងតែ​និយាយ​គ្នា​ថា រស់​បាន​ប៉ុណ្ណេះ​ឆ្នាំ ប៉ុណ្ណោះ​ឆ្នាំ​នោះ គឺ​រាប់​ដោយ​ជីវិត​សន្តតិ​គឺ​តំណ​ក្នុង​មួយ​ជាតិ​កំណើត​ក្នុង​មួយ​អត្តភាព មួយ​ភ្លែត​ៗ​នៃ​ជីវិត មាន​ជាតិ​ផ្សេង​ៗ​គ្នា​តាមតែ​បច្ច័យ​នៃ​ជីវិត​ដែល​បាន​តាក់តែង​មក​តែ​ប៉ុណ្ណោះ​។