ពិនិត្យ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​គ្រប់គ្រង​ឆ្នាំ​២០១៩​ឲ្យ​បាន​ល្អ​គ្រប់​ជ្រុងជ្រោយ

118

រាជធានី​ភ្នំពេញ ៖ សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​បាន​ស្នើ​ដល់​សមាជិក​សមាជិកា ព្រឹទ្ធសភា និង​រដ្ឋសភា​ត្រូវ​ពិនិត្យ​សិក្សា​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ ឲ្យ​បាន​ហ្មត់ចត់​គ្រប់​ជ្រុងជ្រោយ និង​ស៊ីជម្រៅ ជា​ពិសេស​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​វិភាជក​ថវិកា​ពិតជា​ឆ្លើយ​តប​ទៅ​នឹង​វិស័យ​ជា​អាទិភាព​របស់​ជាតិ​ដែល​ជា​ច​លករ​នៃ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា ។

Loading...

ការ​ស្នើ​សុំ​របស់​សម្តេច​ប្រធានរដ្ឋសភា​បែប​នេះ​ក្នុង​សិក្ខាសាលា​ឈ្វេងយល់​អំពី​«​ការ​កសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ​សម្រាប់​រៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩»​ដែល​រៀបចំ​ធ្វើ​នៅ​វិមាន​រដ្ឋសភា​នា​ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។

លោក​ជាម យៀ​ប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ក៏​បាន​លើក​ឡើង​ដែរ​ថា ថវិកា​ឆ្នាំ​២០១៩ នឹង​ដើរតួ​នាទី​ជា​ឧបករណ៍​គោលនយោបាយ​ដ៏​មាន​សារៈសំខាន់ ដើម្បី​អនុញ្ញាត​ឲ្យ​រាជរដ្ឋាភិបាល​អនុវត្ត​នូវ​«​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​ឆ្នាំ​២០១៩-២០២៣» និង​«​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤» ដើម្បី​បន្ត​រក្សា​ស្ថិរភាព​នយោបាយ​បន្ត​ពង្រឹង និង​ពង្រីក​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បន្ត​រក្សា​បាន​នូវ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ធានា​បាន​នូវ​ប្រសិទ្ធិ​ភាព​ខ្ពស់​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ឈាន​ទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​គ្រឹះ គឺ​ការ​ធានា​ឲ្យ​បាន​នូវ​កំណើនសេដ្ឋកិច្ច​ដោយ​ចីរភាព​ក្នុង​រយៈពេល​វែង​មាន​អត្រា​ខ្ពស់​ប្រមាណ​៧%​ក្នុង​មួយ​ឆ្នាំ​នៅ​លើ​មូលដ្ឋាន​ទូលាយ និង​មាន​សមត្ថភាព​ប្រកួតប្រជែង​ជាង​មុន ។


ចំណែក​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​គូសបញ្ជាក់​ថា ការ​កសាង​សេចក្តីព្រាងច្បាប់​ហរិ​ញ្ញ​វត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ​២០១៩​នេះ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ទុកចិត្ត​ដ៏​ច្រើន​លើសលប់​របស់​ប្រជាពលរដ្ឋ មក​លើ​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រយៈ​លទ្ធផល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ខែកក្កដា ឆ្នាំ​២០១៨​នេះ ។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សេចក្តីព្រាងច្បាប់​នេះ​មាន​គោលដៅ​គាំទ្រ​ដល់​ការ​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​អនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់​ៗ និង​វិធានការ​កែទម្រង់​ជាក់ស្តែង​នានា​ដែល​នឹង​ត្រូវ​ផ្តើម​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​២០១៩ ដែល​ជា​ឆ្នាំ​ទី​១ នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ឱ្យ​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា​ជា​អតិបរមា​ជូន​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ប្រធានរដ្ឋសភា​បាន​លើក​ឡើង​ថា ថវិកាជាតិ​ឆ្នាំ​២០១៩ ត្រូវ​បាន​គិតគូរ​ដោះស្រាយ និង​ត្រូវ​បាន​វិភាជក​សម្រាប់​វិស័យ​អាទិភាព​នៃ​គោលនយោបាយ​ជាតិ​សំខាន់​ៗ​ជា​សារ​វ័​ន្ត  ។

សម្តេច​បញ្ជាក់​ថា​«​យើង​ចាត់​ទុក​ថា ថវិកាជាតិ​ឆ្នាំ​២០១៩ នេះ​ជា​ឧបករណ៍​នៃ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ប្រកបដោយ​ប្រសិទ្ធភាព និង​ស័​ក្ត​សិទ្ធ​ភាព​ក្នុង​ការ​ថែរក្សា​ការពារ និង​ពង្រឹង​ថែម​ទៀត​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​សម្រេច​បាន​កន្លង​មក​ក៏​ដូច​ជា បន្ត​ចាក់​គ្រឹះ​រឹង​មាំ​សម្រាប់​បម្រើ​ឲ្យ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​តទៅ​មុខ​ទៀត​» ។ សម្តេច ហេង សំ​រិ​ន ក៏​បាន​សំណូមពរ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បង្កើន​ការ​តាមដាន និង​ត្រួតពិនិត្យ​លើ​ការ​អនុវត្ត​ច្បាប់​ថវិកា​ឲ្យ​បាន​ត្រឹមត្រូវ និង​ហ្មត់ចត់ ដើម្បី​ធានា​នូវ​ប្រសិទ្ធិ​ភាព​នៃ​ការ​អនុវត្ត​ច្បាប់ ។

សូម​ជម្រាប​ថា សិក្ខាសាលា​នេះ​បាន​ផ្តួចផ្តើម​រៀបចំ​ឡើង​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ធនាគារ និង​សវន​កម្ម​នៃ​រដ្ឋសភា ដោយ​មានការ​ចូលរួម​ពី​សមាជិក​សមាជិកា​រដ្ឋសភា ព្រឹទ្ធសភា តំណាង​រាជរដ្ឋាភិបាល អង្គការ​ស្ថាប័ន​ជាតិ អន្តរជាតិ​ដែល​ពាក់ព័ន្ធ​ជា​ច្រើន​ក្នុង​ការ​ផ្លាស់​ប្តូរ​នូវ​ព័ត៌មាន និង​ធាតុ​ចូល​បន្ថែម​ទៀត​សម្រាប់​យក​មក​សិក្សា​វិភាគ និង​វាយតម្លៃ​លើ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០១៩ មុន​នឹង​ដាក់​ជូន​រដ្ឋសភា​ពិភាក្សា​និង​អនុម័ត​នា​ពេល​ខាង​មុខ​នេះ​៕