អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ប្រកាស​ប្តូរ​ជំហរ​១៨០​ដឺ​ក្រេ ​មិនមែន​ជា​បក្ស​ប្រឆាំង​នោះ​ទេ

127

រាជធានី​ភ្នំពេញ ៖ លោក​គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្សប្រឆាំង​ដែល​ធ្លាប់​តែងតែ​រិះគន់​រាជរដ្ឋាភិបាល​មិន​ញញើត​បាន​ប្តូរ​ជំហរ​គោលនយោបាយ​១៨០​ដឺ​ក្រេ និង​ថា​មិនមែន​ជា​បក្ស​ប្រឆាំង​ទៀត​ទេ ។

Loading...

លោក គង់ គាំ បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១៨​ថា ថ្មី​ៗ​ចុង​ក្រោយ​នេះ​មាន​ព្រឹត្តិការណ៍​ដែល​អតីត​មេដឹកនាំ CNRP និង​អ្នកមាន​ទំនោរ​ស្របគ្នា​បាន​លើក​អំពី​ការ​ប្តូរ​ជំហរ​នយោបាយ​១៨០​ដឺ​ក្រេ​របស់ខ្ញុំ ដែល​ជា​អតីត​មេដឹកនាំ​ប្រឆាំង ។ លោក​បញ្ជាក់​ថា​« ទាំង​កាល​វេលា​ទាំង​កាយវិការ​បន្តបន្ទាប់​ដូច​បាន​បញ្ជាក់​កន្លង​មក​ថា រូប​ខ្ញុំ​មិនមែន​ជា​មេដឹកនាំ CNRP អ្វី​នោះ​ទេ ។ បើ​មិន​ជាប់​បម្រាម​ទាំង​គ្មាន​កំហុស​ទេ ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ដែល​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត និង​មាន​សិទ្ធិ​បោះ​ឆ្នោត​តាម​ការ​យល់​ឃើញ​របស់ខ្ញុំ​» ។ លោក​បន្ត​ថា ពលរដ្ឋ​រូប​ណា​ក៏​គិត​ពី​សន្តិសុខ​រូប​កាយ ទ្រព្យសម្បត្តិ និង​ការងារ​ផ្ទាល់ខ្លួន​ដូច​ៗ​គ្នា មិនមែន​ជា​ការ​រណេបរណប​លំអិត​លំអោន​អ្វី​នោះ​ឡើយ ។

លោក​គូសបញ្ជាក់​ថា​«​ខ្ញុំ​ជឿ​ហើយ ឆ្មា​ដែល​ធ្លាប់​រលាក​ទឹក​ក្តៅ​វា​ខ្លាច​ទាំង​ទឹក​ត្រជាក់​ផង​ដែរ ។ ដូច​គ្នា​នេះ​មនុស្ស​ធ្លាប់​ស៊ិ​ប​ស៊ុប ដើម្បី​មុខមាត់​បុណ្យ​សក្តិ និង​លាភសក្ការៈ​ខ្លួនឯង​តែង​ស្រមើ​ស្រ​ម៉ៃ​ថា គេ​ក៏​ដូច​ជា​ខ្លួន​ដែរ​» ។ លោក គង់​គាំ​ក៏​បាន​លើក​ឡើង​ថា លិ​ក​សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​ដូច​ថ្នាក់ដឹកនាំ CPP ជា​ច្រើន​តែង​រាប់អាន​ខ្ញុំ​ជា​គ្នា​គេ​ដដែល​ដូច​ធ្លាប់​រួមរស់​ជាមួយ​គ្នា​ពី​គ្រា​ដើម (​ខ្ញុំ​អរគុណ​) ប៉ុន្តែ​ការ​ប្រើ​ភាសា​ថា ខ្ញុំ​ជា​ភ្នាក់ងារ​សម្ងាត់ CIA របស់ CPP នៅ​ក្នុង​គណបក្សប្រឆាំង​គួរតែ​ជា​ពាក្យ​របស់​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ទេ​ដែល​ត្រូវ​ហៅ​ខ្ញុំ​ដូចនេះ ។ លោក​បន្ថែម​ថា «​ការ​ពិតជា​ហូរហែរ​មក​ក៏​មាន​មជ្ឈដ្ឋាន​ផ្ទៃក្នុង​គណបក្សប្រឆាំង​មួយ​ចំនួន​តូច​បំផុត​ដែល​សង្ស័យ​មមៃ​គិត​ថា ខ្ញុំ​ជា​មនុស្ស​បង្កប់​របស់ CPP តែ​មជ្ឈដ្ឋាន​ទូលំទូលាយ​ជា​អាទិ៍ មេដឹកនាំ​កំពូល​របស់​គណបក្សប្រឆាំង​មិន​ដែល​មន្ទិល​សៅហ្មង​អំពី​រូប​ខ្ញុំ​ម្តងណា​ទេ​» ។

លោក​លើក​ឡើង​ទៀត​ថា ច្បាស់​ខ្លាំង​ណាស់​មេដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្គាល់​បាន​យល់​ពី​ខ្ញុំ​គ្មាន​ចន្លោះ​ទេ គឺ​ធ្វើ​អ្វី​ៗ​ទៅ​តាម​ឧត្តមគតិ​ស​ម្ប​ជ​ញៈ​មនសិកា​របស់ខ្ញុំ​ផ្ទាល់​តែ​ប៉ុណ្ណោះ ។ ទាំង​មេដឹកនាំ​គណបក្សប្រឆាំង (​លោក សម រ​ង្ស៊ី​) ទាំង​មេដឹកនាំ CPP (​សម្តេច​ហេង សំ​រិ​ន សម្តេច​ជា ស៊ី​ម សម្តេច​ហ៊ុន សែន​) សុទ្ធតែ​ទទួល​ការ​បញ្ជាក់​ជា​លាយ​លក្ខ​អក្សរ​របស់ខ្ញុំ​ថា ខ្ញុំ​ជ្រើស​យក​ឧត្តមគតិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើកផ្លូវ ។

ថ្នាក់ដឹកនាំ​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែល​មានកូន​ប្រុស​ខ្ញុំ​ជា​ប្រធាន​ក្រោយ​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ បាន​សម្រេច​ផ្តល់​កិត្តិយស​ជូន​លោកស្រី សៀ​ក អយ (​គង់​គាំ​) ជា​ព្រឹទ្ធ​ស្ថាបនិក​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ ព្រោះ​បាន​ផ្តល់​ទីស្នាក់ការ និង​ថវិកា ដើម្បី​ការ​ចាប់បដិសន្ធិ និង​ចូលរួម​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ដោយ​ជោគជ័យ ។ ជាមួយ​គ្នា​នោះ​ដែរ​លោក គង់ គាំ ក៏​បាន​គូសបញ្ជាក់​ថា​«​ខ្ញុំ​សូម​ឲ្យ​បរទេស និង​អ្នកនយោបាយ​ដែល​គោរព​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​គោរព​រដ្ឋធម្មនុញ្ញ ប៉ុន្តែ​ហៅ​ការ​បោះ​ឆ្នោត​៥​ឆ្នាំ​ម្តង​យ៉ាង​ទៀងទាត់ ហើយ​ហៅ​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ថា​ក្លែងក្លាយ គឺជា​ការ​បំផ្លាញ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស និង​រដ្ឋធម្មនុញ្ញ​ដោយ​ខ្លួនឯង​ទៅ​វិញ​ទេ​»៕