តម្លៃ​ជ្រូក​នៅ​តែ​ពឹង​លើ​ទីផ្សារ​បរទេស ទោះជា​ឡើងថ្លៃ​បន្ដិច​ក្ដី

115

រាជធានី​ភ្នំពេញ ៖ រយៈពេល​ជាង​មួយ​ឆមាស​នេះ គេ​សង្កេត​ឃើញ​តម្លៃ​ជ្រូក​ក្នុងស្រុក ហាក់​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​បាន​ធ្លាក់​ដាំ​ក្បាល​ចុះ​អស់​រយៈពេល​ជាង​១​ឆ្នាំ​មក ថែម​ទាំង​បាន​ធ្វើ​ឲ្យ​កសិករ និង​ម្ចាស់​កសិដ្ឋាន​មួយ​ចំនួន​បោះបង់​ការ​ចិញ្ចឹម​ជា​បន្ដបន្ទាប់ ។ បើ​ទោះជា​តម្លៃ​ជ្រូក​ពេល​នេះ​បាន​ងើបឡើង​វិញ​ក្តី តែ​អ្នក​ពាក់ព័ន្ធ​ថា​តម្លៃ​ជ្រូក​ក្នុងស្រុក​នៅ​តែ​ពឹង​លើ​ទីផ្សារ​បរទេស​ដែល​សំដៅលើ​ប្រទេស​ថៃ និង​វៀតណាម​ដដែល ។

Loading...

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា បាន​ឲ្យ​ដឹង​ថា តម្លៃ​ជ្រូករ​ស់បាន​ងើបឡើង​វិញ​ចាប់តាំងពី​បុណ្យចូលឆ្នាំ​ខ្មែរ​មក ហើយ​បន្ដ​រក្សា​តម្លៃ​បាន​ល្អ​ណាស់ គឺ​ចន្លោះ​ពី​៨​ពាន់​ដល់​៩​ពាន់​រៀល​ក្នុង​១​គីឡូក្រាម ។ លោក​ថា ៖« ការ​ងើបឡើង​វិញ​នៃ​តម្លៃ​ជ្រូក​នៅ​កម្ពុជា បាន​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​កសិករ និង​ម្ចាស់​កសិដ្ឋាន ជា​ពិសេស​នោះ គឺ​ធានា​បាន​ថា​ពលរដ្ឋ​កម្ពុជា នឹង​ទទួល​បាន​សាច់​ជ្រូក​ក្នុងស្រុក និង​ដឹង​ប្រវត្តិ​ច្បាស់លាស់ »​។ លោក​បន្ត​ថា ចាប់តាំងពី​តម្លៃ​ងើបឡើង​វិញ កសិករ​ដែល​ហៀបនឹង​បោះបង់​ចោលការ​ចិញ្ចឹម​នោះ បាន​ពង្រីក​ការ​ចិញ្ចឹម​ឡើង​វិញ ហើយ​កសិករ​ផ្សេង​ៗ​ទៀត ក៏​បាន​ចាប់អារម្មណ៍​រៀបចំ​កសិដ្ឋាន​ចិញ្ចឹម​ឡើង​វិញ​ដែរ ។ ជាក់ស្ដែង​បើ​តាម​ប្រភព​ពី​ក្រុមហ៊ុន M’s Pig របស់​ឧកញ៉ា ម៉ុង ឫ​ទ្ធី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ជ្រូក​ពូជ​ធំ​ជាងគេ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ផ្គត់ផ្គង់​កូនជ្រូក​ទៅ​កសិករ និង​ម្ចាស់​កសិដ្ឋាន មិន​ទាន់​ទៅ​តាម​តម្រូវការ​នោះ​ឡើយ ។ ដូចនេះ​បញ្ជាក់​ថា កំណើន​នៃ​អ្នក​ចិញ្ចឹម​ចាប់ផ្ដើម​ឡើង​ខ្ពស់​វិញ​ហើយ ។

លោក​បន្ថែម​ថា តាម​ពិត​ទៅ កត្តា​ដែល​ធ្វើ​ឲ្យ​ជ្រូក​ក្នុងស្រុក​ឡើងថ្លៃ នៅ​តែ​ពាក់ព័ន្ធ​នឹង​ទីផ្សារ​ក្រៅ​ស្រុក​ដដែល ព្រោះ​បច្ចុប្បន្ន ជ្រូក​នៅ​វៀតណាម បាន​ឡើងថ្លៃ​ដូច​គ្នា ដែល​ធ្វើ​ឲ្យ​ឈ្មួញ​នាំ​ចូល​បាន​កាត់​បន្ថយ​ការ​នាំ​ចូល និង​ងាក​មក​រក​ការ​ចាប់​ជ្រូក​ក្នុងស្រុក​ផ្ដល់​ជូន​តាម​កុងស៊ី កាប់​ជ្រូក​នានា​វិញ ។ ម្យ៉ាងទៀត បើ​តាម​ដែល​លោក​ដឹង រដ្ឋាភិបាល​វៀតណាម​ក៏​បាន​កំណត់​គោលដៅ​ច្បាស់លាស់​ក្នុង​ការ​ផលិត​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស ពីព្រោះ​កន្លង​មក វៀតណាម​ធ្លាប់​ជួប​បទ​ពិសោធន៍​ជូរ​ចត់​ម្ដង​រួច​មក​ហើយ គឺ​ផលិត​លើស​តម្រូវការ ហើយ​ប្រទេស​ចិន​ក៏​បាន​បដិសេធ​ក្នុង​ការ​នាំ​ចូល ទើប​វៀតណាម​បង្ខំចិត្ត​លក់​ជ្រូក​ទាំង​ខាត​មក​កាន់​ឈ្មួញ​នាំ​ចូល​មក​កម្ពុជា ជា​ជាង​ទុក​នៅ​កាន់តែ​ខាង​ច្រើន ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ ការ​នាំ​ចូល​ភាគច្រើន​ពី​ប្រទេស​ថៃ មក​កម្ពុជា ក៏​ប៉ុន្តែ​ការ​នាំ​ចូល​ពី​ថៃ គឺ​មាន​តម្លៃ​ខ្ពស់ ហើយ​ក៏​មិន​មាន​ចំនួន​ច្រើន​លើសលប់​ដូច​កាល​នាំ​ចូល​ពី​វៀតណាម​ដែរ » ។

លោក​បញ្ជាក់​ថា ទីផ្សារ​ជ្រូក​ក្នុងស្រុក អាច​នឹង​មាន​ស្ថាន​ភាពល្អ​បែប​នេះ​យូរអង្វែង​ទៀត ក៏​ប៉ុន្តែ​ក្នុង​នាម​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា ក៏​សូម​ស្នើ​ដល់​រាជរដ្ឋាភិបាល ឲ្យ​ពិនិត្យ​មើល​បន្ថែម ពី​ការ​នាំ​ចូល​ដោយ​មិន​មានច្បាប់​ត្រឹមត្រូវ និង​មិន​បាន​ត្រួតពិនិត្យ​សុខភាព​សត្វ​មុន​នាំ​ចូល ។ បើ​ពុំនោះ​ទេ សត្វ​ដែល​នាំ​ចូល​អាច​ជា​សត្វ​ឈឺ បណ្ដាល​ឲ្យ​ចម្លង​ដល់​សត្វ​ក្នុងស្រុក ជា​ពិសេស​ប៉ះពាល់​ដល់​អ្នក​បរិភោគ​ផង​ដែរ ។
បើ​តាម​លោក មុត ពិសិដ្ឋ ជំនួយការ​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន​ស៊ី​ភី ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សាច់​ដ៏​ធំ​មួយ​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា ជា​ការ​ពិត​ណាស់ តម្លៃ​ជ្រូក​រស់ ក្នុងស្រុក​ឃើញ​ថា​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ ក្នុង​រយៈពេល​ជាង​មួយ​ឆមាស​កន្លង​ទៅ​នេះ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជំរុញ​ការ​ផលិត​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ឆ្លើយ​តប​នឹង​តម្រូវការ​ក្នុងស្រុក ។ លោក​បន្ត​ថា នៅ​ពេល​តម្លៃ​ជ្រូក បាន​ឡើងថ្លៃ ការ​នាំ​ចូល​ក៏​បាន​កាត់​បន្ថយ​ច្រើន ដែល​ធ្វើ​ឲ្យ​អាជីវករ​ក្នុងស្រុក​មាន​ទឹកចិត្ត​ក្នុង​ការ​ចិញ្ចឹម​ជ្រូក​ឡើង​វិញ និង​ធានា​បាន​នូវ​សាច់​ល្អ ព្រោះ​សាច់​ផលិត​បាន​ភ្លាម​ផ្គត់ផ្គង់​ទៅ​កាន់​ទីផ្សារ​ភ្លាម ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ពេល​តម្លៃ​ជ្រូក​ធ្លាក់​ចុះ​ខ្លាំង កាលពី​ជាង​មួយ​ឆ្នាំ​មុន បាន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​ខាតបង់​ប្រាក់​រាប់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នកមាន​ទុន​តិចតួច​បោះបង់​ចោលការ​ចិញ្ចឹម ពីព្រោះ​តែ​មិន​អាច​ទប់ទល់​នឹង​ការ​ខាតបង់​ជា​បន្តបន្ទាប់​បាន ៕