គេ​ប្រាប់​ថា​ឈ្នះ​រង្វាន់​ធំ​១០​ម៉ឺន​ដុល្លារ សុខចិត្ត​ចំណាយ​២​ពាន់​ដុល្លារ

109

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ បន្ទាប់​ពី​មាន​ជនខិលខូច​មួយ​ក្រុម​ហៅ​ទូរស័ព្ទ​ប្រាប់​ថា គាត់​ឈ្នះ​រង្វាន់​ធំ​គិត​ជា​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​មក​លុយ​រង្វាន់​ខាងលើ​ក៏​មិន​បាន ហើយ​គាត់​ត្រូវ​ចាញ់បោក​ជន​ទាំងនោះ​អស់​២​ពាន់​ដុល្លារ​ថែម​ទៀត​។ ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ​បាន​ប្រាប់​ថា​គាត់​មានឈ្មោះ វុ​ក ណេ​ត អាយុ​៣០​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ ស្នាក់​នៅ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

Loading...

នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​មាន​ជនខិលខូច​មួយ​ក្រុម បាន​ហៅ​ទូរស័ព្ទ​មក​ប្រាប់​ថា គាត់​មានសំណាង​បាន​ឈ្នះ​រង្វាន់​ធំ​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​។ ខណៈនោះ​គាត់​មានចិត្ត​ត្រេកអរ​ខ្លាំង​ណាស់ និង​នឹក​ក្នុង​ចិត្ត​ថា ច្បាស់​ជា​ក្លាយទៅជា​អ្នកមាន​មិន​ខាន​ឡើយ ហើយ​ក៏​មិន​បាន​គិតដល់​ថា​គឺ​រឿង​ខកចិត្ត​នោះ​ឡើយ​បែប​នេះ​សោះ​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ទន្ទឹម​នឹង​ពេល​ដែល​ប្រាប់​ថា​គាត់​ឈ្នះ​រង្វាន់​ធំ​នោះ​ក្រុម​ជនខិលខូច​ក៏​បាន​ដាក់​លក្ខខណ្ឌ​មួយ​ផង​ដែរ គឺ​បង្គាប់​ឲ្យ​គាត់​វេរ​ន​លុយ​ទៅ​ឲ្យ​ពួក​គេ​ជា​បន្តបន្ទាប់​។

ដោយ​ប្រាប់​ថា​យក​ទៅ​ធ្វើ​ឯកសារ ដើម្បី​បង្កើត​គណនេយ្យ​ដាក់​ប្រាក់ រង្វាន់​១០​ម៉ឺន​ដុល្លារ​នោះ​ជូន​គាត់ ពេល​នោះ​ហេតុតែ​ចង់បាន​រង្វាន់​ធំ​គាត់ មិន​បាន​គិតពិចារណា​អ្វី​ឡើយ ហើយ​បាន​វេរ​លុយ​ទៅ​ឲ្យ​ជន​១​ក្រុម​នោះ​ជា​បន្តបន្ទាប់ ដោយ​ម្ដង​៥០០​ដុល្លារ ឬ​១​ពាន់​ដុល្លារ​ជា​ច្រើន​លើក រហូត​អស់​ចំនួន​២​ពាន់​ដុល្លារ​។ ប្រភព​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​ជនខិលខូច នៅ​តែ​មិន​ព្រម​ទម្លាក់​លុយ​ឲ្យ​ទៀត ហើយ​ចុង​ក្រោយ​បាន​ខ​លម​ក​ប្រាប់​ឲ្យ​គាត់​វេរ​លុយ​ចំនួន​៥០០​ដុល្លារ​ទៅ​ឲ្យ ពួក​គេ​ជា​បន្ត​ទៀត​។

ចំណែក​គាត់​នៅ​តែ​មិន​ទាន់​ភ្ញាក់ខ្លួន​ដឹង​ថា​ត្រូវ​ចាញ់បោក​ពួក​នោះ​នៅឡើយ ហើយដោយ​សារ​តែ​គ្មាន​លុយ​វេរ​បន្ត​គាត់​ក៏​បាន​ដើរ​ខ្ចី​លុយ​អ្នក​ស្គាល់គ្នា​ដើម្បី​វេរ​ទៅ​ឲ្យ​ជន​ទាំងនោះ​។ ប៉ុន្តែ​ខ្ចី​គេ​មិន​បាន​សោះ ក្រោយមក​អ្នក​ជិតខាង​បាន​សួរនាំ​ពី​មូលហេតុ​ដែល​ដើរ​ខ្ចី​លុយ​គេ គាត់​ក៏​បាន​ប្រាប់​តាម​ដំណើររឿង​។ ទើប​បែកធ្លាយ​រឿង​ចាញ់បោក​គេ ភ្លាម​ៗ​នោះ​គាត់​បាន​ខ​ល​ទៅ​កាន់​ក្រុម ជនខិលខូច តែ​ពួក​នោះ​បិទ​ទូរស័ព្ទ​ខ​ល​លែង​ចូល​។ គាត់​បាន​ភ្លឺភ្នែក​ដឹង​ថា​ចាញ់បោក​ទើប​ធ្វើ​ដំណើរ​ទៅ​កាន់ ប៉ុស្ដិ៍​ចោម​ចៅ​១ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​តែ​ម្ដង​៕