ចាប់​សាច់សត្វ​ក្រួច​ជាង​២​តោន ដែល​ឈ្មួញ​នាំ​ចូល​ពី​ស្រុក​យួន​ដុត​កម្ទេច​ចោល

129

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៥ និង​២០​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​៦ វិច្ឆិកា លោក​ឧត្តមសេនីយ៍ឯក ចាន់ វ៉ា​ន​ធឿ​ន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រ​ឆាំ​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ក្រោម​ឱវាទ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការ សម្របសម្រួល ពី​សំណាក់​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ប​ង្រា្ក​ប ករណី​នាំ​ចូល​សាច់សត្វ​ក្រួច គ្មាន​ច្បាប់​អនុញ្ញាត​ពី​ប្រទេស​វៀតណាម​មួយ​ករណី​។

Loading...

ជា​លទ្ធផល​បាន​ធ្វើការ ចាប់​ឃាត់​រថយន្ត ១​គ្រឿង​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ស្លាក​លេខ ភ្នំពេញ ៣E-៥៨៦៨ នៅ​ចំណុច​ផ្លូវ ជា សុ​ផា​រ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​មានការ​ត្រួតពិនិត្យ និង​ឆែកឆេរ​ជាក់ស្តែង​រក​ឃើញ​ថា ឈ្មួញ​បាន​ដឹក​សាច់សត្វ​ក្រួច ប្រមាណ​ជាង​២​តោន​កន្លះ ចូល​មក​បម្រុង​ធ្វើ​ចរាចរ លើ​ទីផ្សារ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ក្រោយ​ពេល​ពិនិត្យ​ហើយ​ដឹង​ថា ទំនិញ​នាំ​ចូល​ក្នុង​ប្រទេស ដោយ​គ្មាន​ច្បាប់​អនុញ្ញាត និង​ជា​ប្រភេទ​សាច់សត្វ​ដែល​ខូចគុណភាព ទើប​លោក​ព្រះរាជអាជ្ញា​រង សម្រេច​ធ្វើការ​ដកហូត​ដើម្បី​រក្សា​ទុក​។

លុះដល់​រសៀល​ថ្ងៃ​ដដែល ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្កើត​គណៈកម្មការ រៀបចំ​ដុត​កម្ទេច​ចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​តែ​ម្តង​ទៅ​។ ចំណែក​រថយន្ត​១​គ្រឿង និង​អ្នកបើកបរ​ម្នាក់ ពាក់ព័ន្ធ​ដឹក​សាច់សត្វ​ក្រួច​គ្មាន​ច្បាប់​អនុញ្ញាត​នោះ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​នាយកដ្ឋាន ដើម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី​៕