កំពុង​តែ​បត់​ស្រាប់តែ​វ៉ា​ក់​អឺ​គ្នា ស្លាប់​ម្នាក់​នៅ​កន្លែង

103

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​១​គ្រឿង​កំពុង​បើកបរ​ដោយ​ល្បឿន​លឿន​ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង បើក​ឆ្លងកាត់​ថ្នល់​លឿន​ដែរ បាន​ជ្រុល​ចង្កូត​បុក​ចំពាក់​កណ្តាល​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​របួសធ្ងន់ និង​អ្នក​រួម​ដំណើរ​ជាមួយ​ម្នាក់​ទៀត​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ។ គ្រោះ​ថ្មា​ក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​រលាំង​សង្កែ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ។

Loading...

ជន​រង​គ្រោះ​ទី​១-​ឈ្មោះ អ៊ុ​ក សុ​ផា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្នោរ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ រង​របួសធ្ងន់ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កោះកុង 1A-0877 ។ ជន​រង​គ្រោះ​ទី​២ – ឈ្មោះ សំ ស៊ី​ណូ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ត្រាច​ជ្រុំ សង្កាត់​សុ​ព័រ​ទេព ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ចំណែក​រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AE-6785 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

ប្រភព​ព័ត៌មាន​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​រង​គ្រោះ​បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ទិស​ដៅ​ពី​លិចទៅ​កើត​ឌុ​ប​គ្នា​២​នាក់ ។ លុះ​មក​ដល់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៣-៤៤ បាន​បត់​ម៉ូតូ​ឆ្លងថ្នល់​ឆ្ពោះទៅ​ជើង ។ ខណៈ​ម៉ូតូ ឆ្លង​មិន​ទាន់​ផុត​ផង​ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ដូច​ភិនភាគ​ខាងលើ​កំពុង​បើកបរ​យ៉ាង​លឿន​ទិស​ដៅ​ពី​កើត​ទៅ​លិច​ជាន់​ហ្វ្រាំង​មិន​ជាប់​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ចំ​ពេញទំហឹង បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ និង​ម្នាក់​ទៀត​របួសធ្ងន់ ។ ចំណែក​អ្នកបើកបរ​បង្ក​បាន​រត់គេច​ខ្លួន ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែង​កើតហេតុ បញ្ជូន​អ្នក​របួសធ្ងន់ ទៅ​មន្ទីរពេទ្យ និង​ស្រាវជ្រាវ​រក​សាច់ញាតិ ឲ្យ​មក​ទទួលយក​សាកសព​ទៅ​គេហដ្ឋាន ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ដោយឡែក​ម៉ូតូ​រង​គ្រោះ និង​រថយន្ត​បង្ក សមត្ថកិច្ច​ប្រគល់​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ខេត្ត ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​រថយន្ត​បង្កហេតុ នាំ​មក​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕