តោះ​មក​ដឹង​ពី​ល្បិច​បោក ដែល​ទូរស័ព្ទ​ប្រាប់​ថា «​ត្រូវ​រង្វាន់​ផៅ​វើ​រ​ប៊ែ​ង​…»

158

ខេត្តកំពង់ធំ ៖ មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់​ហើយ​ ដែល​ស្គាល់​ពី​ឈ្មោះ​រង្វាន់ Power Bark តាម​រយៈ​ការ​ទូរស័ព្ទ​ចូល​ប្រាប់​ថា​ «ត្រូវ​រង្វាន់​របស់ក្រុមហ៊ុន» តែ​ទីបំផុត​រង្វាន់​នោះ​មិន​មាន​ទេ គឺ​ល្បិច​បង្ខំ​ឱ្យ​ទិញ​ទំនិញ​ដែល​គេ​ចុះ​តម្លៃ​៥០% ។ តាម​ការ​ពិត​តម្លៃ​ដែល​ចុះ​៥០%​នោះ គឺ​បោក​សុទ្ធ ព្រោះ​តម្លៃ​ទំនិញ​ពិត​នោះ​ មិន​ស្មើ​ពាក់កណ្តាល​នៃ​ការ​ចុះ​តម្លៃ​នោះ​ផង ។

Loading...

រឿងរ៉ាវ​ថ្មី​ទៀត​ បាន​កើតឡើង​នៅ​ខេត្តកំពង់ធំ​ គួរ​ឱ្យ​ចង់​ដឹង​ណាស់ ។ តាម​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ពលរដ្ឋ ​រួម​ទាំង​មន្ត្រីរាជការ​មួយ​ចំនួន ត្រូវ​បាន​ក្រុមហ៊ុនទូរស័ព្ទ​មក​ប្រាប់​ថា ត្រូវ​រង្វាន់​ផូ​
វើ​បេង (Power Benk) ដែល​ជា​ការ​បញ្ជោត​ឱ្យ​ចូល​ទៅ​កន្លែង​ទីតាំង​របស់​ខ្លួន ងាយស្រួល​បង្ខំ​ឲ្យ​ទិញ​សម្ភារ ​ដែល​មាន​តម្លៃ​ចាប់ពី​១​ពាន់​ដុល្លារ រហូត​ដល់​ទៅ​៣​ពាន់​ដុល្លារ ​តាម​រយៈ​ការ​ចាប់ឆ្នោត ដែល​ត្រូវ​បាន​គេ​រៀប​ជា​អន្ទាក់​នោះ ត្រូវ​បាន​ពលរដ្ឋ ដែល​ក្លាយជា​ជន​រង​គ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​ ឱ្យ​​ធ្វើការ​សួរនាំ​ក្រុមហ៊ុន ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា DUVERA KITCHEN Cambodia ដោយ​សង្ស័យ​គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម ។

លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​លោក ញ៉ែ​ម ឈុ​ន​លី អធិការ​ក្រុង​ស្ទឹង​សែន មាន​ប្រសាសន៍​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​ជា​ជន​រង​គ្រោះ លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ដែល​ក្រុមហ៊ុន​ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា ជួល​ធ្វើការ​នៅ​សណ្ឋាគារ​ដំរី​ជាន់​ខ្លា​វល្លិ​មាស ជាន់​ទី​១ នៅ​រសៀល​ថ្ងៃ​ទី​៥ វិច្ឆិកា ស្ថិត​ក្នុងភូមិ​ដំរី​ជាន់​ខ្លា សង្កាត់​ដំរី​ជាន់​ខ្លា ក្រុង​ស្ទឹង​សែន ។

តាម​ការ​ពិនិត្យ​ទីតាំង​ គឺ​ការ​ដាក់​តាំង​លក់​សម្ភារ​ក្នុង​សណ្ឋាគារ​ស្ងាត់​ៗ ក្នុង​បន្ទប់​តូច និងមិន​បាន​បើកចំហ​ជា​សាធារណៈ សម្រាប់​អតិថិជន​ទេ គឺ​ឃើញ​តែ​ម៉ាស៊ីន​ម៉ាស្សា​ខ្នង បំពង់​ចម្រោះ​ទឹក​ស្អាត ឆ្នាំង​ដាំបាយ ជើង​ក្រាន រួម​ទាំង​ថ្នាំ​មួយ​ចំនួន ដែល​ផលិតផល​ទាំងនេះ មាន​សរសេរ​លាយឡំ​គ្នា ខ្លះ​ជា​ភាសា​ជប៉ុន ខ្លះ​ភាសា អង់គ្លេស ខ្លះ​ភាសា​ចិន ។ ប៉ុន្តែ​បុគ្គលិក​ប្រចាំការ​បាន​អួត​ប្រាប់​ថា ជា​ផលិតផល​របស់​អា​មេ​រិ​ក​ទាំងអស់ ។ ក្នុង​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច ក៏​បាន​នាំ​នារី​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ចំនួន​៧​នាក់​មក​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ។

តាម​ការ​រៀបរាប់​របស់​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឌូ​វេ​រ៉ា​ឃិ​ត​ឈិ​ន ខេ​ម​បូ​ឌា បាន​ទូរស័ព្ទ​ចូល​ហើយ​ប្រាប់​ថា ត្រូវ​រង្វាន់​ផូ​វើ​បេង ឲ្យ​គាត់​មក​ទទួលយក​នៅ​ទីតាំង​ខាងលើ ។ លុះ​មក​ដល់​គេ​បាន​និយាយ​រៀបរាប់​និង​បង្ហាញ​ពី​ផលិតផល​ផ្សេង​ៗ​ជា​ហូរហែ បន្ទាប់​មក​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ដេក​លើ ម៉ាស៊ីន​ម៉ាស្សា​ខ្លួន ដែល​ប្រើប្រាស់ ដោយ​ចរន្តអគ្គិសនី ។ ក្រោយមក​ក៏​បាន​យក​សន្លឹក​ឆ្នោត​ជា​ច្រើន​សន្លឹក​ឲ្យ​ចាប់ឆ្នោត​ដើម្បី​ទទួល​បាន​រង្វាន់​ធំ ។

ក្រោយ​ពី​ចាប់​ហើយ ក៏​ស្រាប់តែ​បុគ្គលិក​ក្រុមហ៊ុន​នាំ​គ្នា​ហ៊ោ​រក​ញ្ច្រៀ​វ​ធ្វើ​ជា​ត្រេកអរ​ពី​ការ​ត្រូវ​រង្វាន់​ធំ ដែល​មាន​តម្លៃ​ជាង​២​ពាន់​ដុល្លារ តែ​ត្រូវ​បាន​បញ្ចុះតម្លៃ​ត្រឹម​ជាង​មួយ​ពាន់​ដុល្លារ ។ ខណៈ​ពេល​ដែល​គេ​ថា​ត្រូវ​រង្វាន់ មាន​បុគ្គលិក​ដើរតួ​សម្តែង​ទូរស័ព្ទ​ទៅ​រាយការណ៍​ជូន​មេ​ធំ​របស់​គេ​នៅ​ភ្នំពេញ ដើម្បី​ឲ្យ​មេ​បញ្ជាក់​ថា ជន​រង​គ្រោះជា​មនុស្ស​សំណាង ល្អ​ណាស់ ដែល​ត្រូវ​រង្វាន់​បញ្ចុះតម្លៃ​ជាង​១​ពាន់​ដុល្លារ ហើយ​បាន​បង្ខំ​ឲ្យ​ជន​រង​គ្រោះ​ទិញ​សម្ភារ​ទាំងនោះ​ភា្ល​ម​ៗ​ដែល​ជា​រង្វាន់ ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពិភាក្សា​ពី​ក្រុម​គ្រួសារ​ឡើយ តែបើ​មិន​ទិញ​ទេ បុគ្គលិក​ទាមទារ​ប្រាក់​កក់​១០០​ដុល្លារ ។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ទំនិញ​នោះ​អន់​បំផុត​ហើយ​ទើប​លក់ ក៏​មាន​តម្លៃ​គឺ​ថោក​ដែរ តាម​គាត់​ដឹង តែ​ក្រុម​បុគ្គលិក​ក្រុមហ៊ុន​ប្រើ​មធ្យោបាយ​បង្ខំ​ឲ្យ​ទិញ ដោយ​មិន​ឲ្យ​គាត់​ចាកចេញ​ទៅ​ណា ឬ​ក៏​សួរនាំ​អ្នក​ណា​ឡើយ សូ​ម្បី​តែ​ទូរស័ព្ទ​ក៏​មិន​ឲ្យ​ជន​រង​គ្រោះ​ទាក់ទង​បាន​ដែរ តែបើ​អត់​លុយ​ទិញ​ទេ គឺ​ក្រុមហ៊ុន​នឹង​មាន​លុយ​ឲ្យ​ខ្ចី​បន្ថែម​ទៀត​ធ្វើ​ដូច​ចិត្តល្អ​ណាស់ ។ ដោយឡែក ​ក្រោយ​ពី​ចាប់ឆ្នោត​បាន​គឺ​គេ​ឲ្យ​ចុះហត្ថលេខា រីឯ​រង្វាន់​ដែល​ត្រូវ​បាន​គឺ​មិន​បាន​ឲ្យ​យើង​ទេ គឺ​បង្ខំ​ឲ្យ​យើង​ទិញ​អីវ៉ាន់​ផ្សេង​ស្មើ​ទំនិញ​ហ្នឹង​ដែរ ។

នេះ​គឺជា​ល្បិច​បោក​ថ្មី គឺ​សន្លឹក​ឆ្នោត​ត្រូវ​តែ​ទាំងអស់ គ្មាន​សន្លឹក​ណា​មិន​ត្រូវ​នោះ​ទេ បន្ទាប់​ពី​ត្រូវ​ឆ្នោត​ហើយ បង្ខំ​ឲ្យ​ទិញ​អីវ៉ាន​មាន​តម្លៃ​ស្មើនឹង​រង្វាន់ ។ បើ​ក្រុមហ៊ុន​ធ្វើ​ដូច្នេះ​មិន​ចាំបាច់​ចាប់ឆ្នោត​ធ្វើ​អី ចង់បាន​មក​ទិញ​តែ​ម្តង​ទៅ ?

លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ធំ​ក៏​ដូច​ជា​ទូ​ទាំង​ប្រទេស​ផង​ដែរ សូមកុំ​ឲ្យ​មានការ​ជឿ​លើ​ក្រុមហ៊ុន ដែល​ពុំ​មាន​ទីតាំង​ច្បាស់​លាស់ និង​ពុំ​បាន​បើកចំហ​ជា​សាធារណៈ ពុំ​បាន​សហការ​ជាមួយ​អាជ្ញាធរ និង​ពុំ​មានច្បាប់​អនុញ្ញាត​អាច​និង​ត្រូវ​បាន​ក្រុម​ឆបោក​ទាំងនេះ ប្រើប្រាស់​ល្បិច​កល​ដើម្បី​បញ្ឆោត​ឲ្យ​ទិញ​ទំនិញ​របស់​គេ​តែ​ប៉ុណ្ណោះ ៕