ទូត​អា​មេ​រិ​ក​ទទួលស្គាល់​ការ​បដិសេធ​កម្ពុជា​គ្មាន​ការ​អនុញ្ញាត​មូលដ្ឋាន​យោធា​បរទេស​លើ​ទឹកដី​ខ្លួន

172

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ការទូត​ចប់​អាណត្តិ​របស់​រដ្ឋ​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រកាស​ទទួលស្គាល់​ការ​បដិសេធ​អំពី​របាយការណ៍​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មូលដ្ឋាន​យោធា​បរទេស​នៅ​លើក​ទឹកដី​កម្ពុជា​នោះ​ទេ ។

Loading...

លោក វី​ល្លាម ហេ​ដ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ទទួលស្គាល់​នូវ​ការ​របាយការណ៍ បដិសេធ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​ខ្មែរ នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ​នៅ​វិមាន​សន្តិភាព ។

យោង​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​អា​មេ​រិ​កបាន​លើក​ឡើង​ថា នៅ​ក្នុង​ពេល​ជួប និង​ជំរាបលា​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២០ វិច្ឆិកា​នេះ លោក​ឯកអគ្គរដ្ឋទូត Heidt បាន​អរគុណ​សម្តេច​នាយក​រដ្ឋមន្ត្រី ចំពោះ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង​ប្រកបដោយ​ផ្លែផ្កា​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​កម្ពុជា និង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ស្ថានភាព​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​នៅ​កម្ពុជា ។

លោក​ឯកអគ្គរដ្ឋទូត វិ​ល្លាម​ហេ​ដ បាន​កត់​សម្គាល់ថា លោក​មានការ​លើកទឹកចិត្ត​ដោយសារ ជំហាន​វិជ្ជមាន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ដែល​រួម​មានការ​បន្ត​ឡើង​វិញ​នូវ​កិច្ច​សហប្រតិបត្តិការ​ទាក់ទង​នឹង​ឈ្លើយសឹក និង​យុទ្ធ​ជន​បាត់​ខ្លួន​អា​មេ​រិ​ក ហើយ​បាន​លើកទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​កែ​លំអ​ចំណងទាក់ទង​ទ្វេភាគី​ដែល​រួម​មានការ​ជំរុញ​ការ​ផ្សះផ្សា​ជាតិ ការ​ដោះ​លែង​លោក កឹ​ម សុខា និង​អ្នកទោស​នយោបាយ​ដទៃ​ទៀត ហើយ​បន្ធូ​បន្ថយ​ការ​រឹតត្បិត​លើ​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ថា « ខ្ញុំ​ទទួលស្គាល់​មតិ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ដែល​លោក​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ វិច្ឆិកា បដិសេធ​របាយការណ៍​ព័ត៌មាន​ថា ប្រទេស​កម្ពុជា​នឹង​អនុញ្ញាត​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​កម្ពុជា ហើយ​បាន​កត់សម្គាល់​ពី​សារៈសំខាន់ នៃ​ការ​បន្ត​កិច្ច​ពិភាក្សា​លើ​បញ្ហា​នេះ​» ។

សូម​បញ្ជាក់​ថា សារព័ត៌មាន​បរទេស​ឈ្មោះ Asia Times បាន​ផ្សព្វផ្សាយ​មុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ នៅ​ប្រទេស​សិង្ហ​បុរី កាលពី​ស​ប្តា​ហ៍​មុន​ថា «​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក Mike Pence នឹង​លើក​ឡើង​អំពី​បញ្ហា​មូលដ្ឋាន កងទ័ពជើងទឹក​ចិន​ដែល​កំពុង​រីក​ចម្រើន​នៅ​កម្ពុជា​នៅ​ឯ​កិច្ចប្រជុំ​កំពូល ស្ថិត​នៅ​សិង្ហ​បុរី សម្រាប់​កិច្ចប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​អាច​ដាក់​រាជធានី​ភ្នំពេញ ជា​បេះដូង​នៃ​ការ​កើនឡើង នៃ​ភាព​តានតឹង​រវាង មហាអំណាច​ពិភពលោក​» ។

សារព័ត៌មាន​ខាងលើ​បន្ត​ថា ប្រទេស​ដទៃ​មាន​បំណង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​យោធា​សំចត​នាវាចម្បាំង ហើយ​កម្ពុជា​កំពុង​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​សង្គ្រាមត្រជាក់​រវាង​ចិន​-​អា​មេ​រិ​ក ៕